ខេត្តស្វាយរៀង ៖ យុវជន២នាក់លេងបៀភ្នាល់ដាក់កាហ្វេយូរៗទៅប្រកែកគ្នាក្លាយជាជម្លោះចាក់គ្នាបណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់ចូលពេទ្យ ភាគីម្ខាងទៀតចូលគុក ។ យុវជនរងគ្រោះឈ្មោះង្វៀង វ៉ាំងដង អាយុ២០ឆ្នាំ ជនជាតិវៀតណាម បានត្រូវដៃគូចាក់មួយកាំបិតចំខាងក្រោមចុងដង្ហើមលិចជម្រៅ១តឹកកន្លះ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៣ កក្កដា នៅចំណុចភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ដោយសារតែទំនាស់សម្តីគ្នាពេលលេងបៀភ្នាល់ដាក់កាហ្វេ។
ជនរងគ្រោះមានទីលំនៅក្នុងភូមិធឿង វឹង ឃុំធឿងវឹង ស្រុកគិនមួង ខេត្តហាយយឿង ប្រទេសវៀតណាម រីឯជនដៃដល់ឈ្មោះង្វៀង មិនយុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មានមុខរបរជាជាងជួសជុលរថយន្ត មានទីលំនៅក្នុងភូមិ១ ឃុំទៀងឡុក ស្រុកទៀងភឿក ខេត្តក្វាងណាម ប្រទេសវៀតណាម។ ដើមហេតុនៃជម្លោះខាងលើនេះសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យកោះសន្តិភាពដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់ ព្រមទាំងមិត្តភក្តិ២-៣នាក់ទៀតបានអង្គុយលេងបៀជាមួយគ្នា ហើយភ្នាល់ដាក់កាហ្វេ អ្នកណាចាញ់ចេញលុយ។ ប្រភពដដែលនេះបានបន្តទៀតថា ពេលលេងបៀជាមួយគ្នានោះ ជនបង្កហេតុឈ្មោះង្វៀង មិនយុង និងជនរងគ្រោះង្វៀង វ៉ាំងដង ចេះតែឌឺដងសម្តីដាក់គ្នាបន្តិចម្តងៗ យូរៗទៅក៏កើតទៅជាជម្លោះ ហើយង្វៀង មិនយុង បានស្ទុះទៅយកកាំបិតចិតបន្លែដែលមានផ្លែប្រវែង១តឹកកន្លះ ទៅចាក់ត្រូវង្វៀង វ៉ាំងដង លិចដល់គល់ បណ្តាលឱ្យដួលទៅលើដីឈាមហូរជោកខ្លួនតែម្តង ។
ក្រោយពីចាក់ត្រូវជនរងគ្រោះភ្លាម ង្វៀង មិនយុង ជាជនបង្កហេតុបានរត់គេចខ្លួនភ្លាម ប៉ុន្តែសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុភ្លាមដែរ និងព្យាយាមដេញតាមជនបង្កហេតុពីក្រោយរហូតធ្វើការចាប់ខ្លួនបាន នៅចំណុចវាលស្រែក្នុងភូមិកើតហេតុ វេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ កក្កដា ។ ឯជនរងគ្រោះត្រូវមិត្តភក្តិនិងសាច់ញាតិនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាមភ្លាមៗ ។ បច្ចុប្បន្នជនបង្កហេតុង្វៀង មិនយុង ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្វាយរៀង កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ