លោក ត្រាំ កំពុងជំរុញឱ្យ EU ដំឡើងពន្ធ ១០០% លើប្រទេសចិន និងឥណ្ឌា
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជំរុញឱ្យសហភាពអឺរ៉ុប (EU)…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជំរុញឱ្យសហភាពអឺរ៉ុប (EU)…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជំរុញឱ្យសហភាពអឺរ៉ុប (EU) យកពន្ធដល់ ១០០% លើប្រទេសចិន និងឥណ្ឌា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន (Vladimir Putin) ឱ្យបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC និង Reuters បានចេញផ្សាយ។
ការស្នើរបស់លោក ត្រាំ ធ្វើឡើង អំឡុងកិច្ចប្រជុំអនឡាញ (Conference Call) ទៅកាន់ប្រេសិតទទួលបន្ទុកផ្នែកទណ្ឌកម្មរបស់សហភាពអឺរ៉ុប លោក David O’Sullivan ព្រមទាំងមន្ត្រីសហភាពអឺរ៉ុបផ្សេងទៀត កាលពីថ្ងៃទី៩ កញ្ញា ដើម្បីពិភាក្សាពីជម្រើសបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី។
លោក ត្រាំ បច្ចុប្បន្នកំពុងតែតស៊ូក្នុងនាមជាអាជ្ញាកណ្តាលកិច្ចព្រមព្រៀងសន្តិភាពរវារុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែមកទល់ពេលនេះ រុស្ស៊ីកាន់តែវាយប្រហារខ្លាំងក្លាឡើងលើអ៊ុយក្រែនបន្ថែមទៀត។ លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី៩ កញ្ញា ថា លោកគ្រោងនឹងពិភាក្សាជាមួយលោក ពូទីន តាមទូរស័ព្ទក្នុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ។
ទន្ទឹមជាមួយគ្នានោះ អ្នកការទូតសហភាពអឺរ៉ុបបានថ្លែងថា អាមេរិកបានចង្អុលបង្ហាញថា ខ្លួនមានឆន្ទៈក្នុងការដំឡើងពន្ធដល់ ១០០% លើចិន និងឥណ្ឌា ប្រសិនបើសហភាពអឺរ៉ុបធ្វើតាមសំណើរបស់ខ្លួន។
សូមជម្រាបថា ប្រទេសចិន និងឥណ្ឌា គឺជាអ្នកទិញប្រេងដ៏ធំរបស់រុស្ស៊ី ដែលការទិញ-លក់នេះ ហាក់ដូចជាជួយរក្សាលំនឹងសេដ្ឋកិច្ចរុស្ស៊ី និងម៉ាស៊ីនសង្គ្រាមរបស់ប្រទេសនេះលើអ៊ុយក្រែន។ ឆ្លើយតបនឹងសកម្មភាពនេះ កាលពីខែមុន អាមេរិកបានដាក់ពន្ធសរុប ៥០% លើទំនិញពីឥណ្ឌា ដោយ ២៥% ក្នុងនោះ គឺជាការពិន័យឥណ្ឌាសម្រាប់ការបន្តទិញប្រេងរបស់រុស្ស៊ី។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់របស់ខ្លួន កាលពីថ្ងៃទី១០ ខែកញ្ញា ថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិកដែលអនុវត្តនូវសម្ពាធសេដ្ឋកិច្ចបែបនេះ ដោយបន្ថែមទៀតថា ប្រទេសចិនក៏បានប្រឆាំងនឹងការប្រើប្រាស់ខ្លួនក្នុងការពិភាក្សារបស់អាមេរិកជាមួយរុស្ស៊ីផងដែរ។
បើទោះបីជាលោក ត្រាំ បានគម្រាមកំហែងជាញឹកញាប់ថានឹងដំឡើងពន្ធលើឥណ្ឌា និងចិន ដែលជាការដាក់ទណ្ឌកម្មសម្រាប់ការទិញប្រេងឆៅពីរុស្ស៊ីយ៉ាងណាក៏ដោយ ក៏ពេលខ្លះ លោកបានត្អូញត្អែរថា អឺរ៉ុបខ្លួនឯងមិនបានកាត់ផ្តាច់ទាំងស្រុងពីរុស្ស៊ី ដែលបានផ្គត់ផ្គង់ប្រហែល ១៩% នៃការនាំចូលឧស្ម័នសរុបរបស់សហភាពអឺរ៉ុបកាលពីឆ្នាំមុន បើទោះបីជាប្លុកមួយនេះ បានលើកឡើងថា ខ្លួនប្តេជ្ញាបញ្ចប់ទាំងស្រុងនូវការពឹងផ្អែករបស់ខ្លួនលើថាមពលពីរុស្ស៊ីយ៉ាងណាក៏ដោយ៕ ប្រភព ៖ BBC និង Reuters
ចែករំលែកព័តមាននេះ