មហាជនបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីគេបានឃើញតារាចម្រៀងនាង អឿន ស្រីមុំ បានប្រកាសជាសាធារណៈថា បើសិនជាតិក្រោយនាងកើតជាមនុស្សប្រុស នាងប្រាថ្នា និងសច្ចាបួសដើរតាមផ្លូវធម៌អស់មួយជីវិត ដោយមិនមានការសោកស្តាយឡើយ ។

យ៉ាងណា គេនៅមិនទាន់ដឹងទេថា មូលហេតុអ្វីបានជាតារាចម្រៀងរូបនេះ បានប្រកាសធ្វើរឿងមួយនេះឡើយ ប៉ុន្តែការប្រកាសរបស់នាងនាពេលនេះ ក៏ស្របគ្នាទៅនឹងសកម្មភាពប្រចាំថ្ងៃរបស់នាងផងដែរ ពោលតារារូបនេះតែងតែបង្ហោះរូបភាពលើបណ្តាញសង្គមបង្ហាញពីសកម្មភាពរបស់ខ្លួនដោយភ្ជាប់ជាមួយនឹងព្រះធម៌ជាបន្តបន្ទាប់ ។

តាមរយៈបណ្តាញសង្គម អឿន ស្រីមុំ បានបង្ហោះសំណេរដោយបញ្ជាក់យ៉ាងច្បាស់ថា បើជាតិក្រោយខ្ញុំបានកើតជាមនុស្សប្រុស ខ្ញុំប្រាថ្នាសច្ចាថា នឹងបួសដើរតាមផ្លូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃអស់មួយជីវិត ។ តាមរយៈសំណេរខាងលើនេះ មហាជនគិតថា អឿន ស្រីមុំ ទំនងជាជក់អារម្មណ៍ទៅនឹងធម៌ព្រះពុទ្ធសាសនាដែលនាងកំពុងតែប្រតិបត្តិស្ទើររៀងរាល់ថ្ងៃ ក្នុងន័យរងាប់ចិត្ត និងស្វែងរកទីស្ងប់ បន្ទាប់ពីនាងបានជួបរឿងមិនគាប់ប្រសើរក្នុងជីវិតគ្រួសារម្តងជាពីរដង ។

ជាការកត់សម្គាល់ បើទោះបីជាកំពុងប្រកបអាជីពសិល្បៈ រហូតមកទល់នាពេលនេះ គេសង្កេតឃើញថា អឿន ស្រីមុំ ហាក់មិនសូវបញ្ចេញរូបភាពរបស់ខ្លួនតាមបណ្តាញសង្គមពាក់ព័ន្ធការងារមួយនេះឡើយ ប៉ុន្តែផ្ទុយទៅវិញនាងឧស្សាហ៍បង្ហោះរូបភាពពាក់ព័ន្ធនឹងធម៌ព្រះពុទ្ធ និងសកម្មភាពការធ្វើសមាធិនៅតាមទីវត្តអារាមនានាទៅវិញ ។

ទាក់ទងបញ្ហាខាងលើនេះ កន្លងមក អឿន ស្រីមុំ ធ្លាប់បានលើកឡើងថា នាងសម្រេចចិត្តរស់នៅម្នាក់ឯង ដោយមិនមានបំណងយកគ្រួសារថ្មីទៀតឡើយ ដោយសារការរស់នៅម្នាក់ឯង ហើយស្វែងរកផ្លូវព្រះធម៌ គឺអាចឲ្យនាងបានសុខ និងស្ងប់ចិត្ត ។

នាងបញ្ជាក់ថា នាងគ្មានអារម្មណ៍ស្នេហាលើបុរណាទៀតឡើយ ដោយចិត្តកាយារបស់បាននាងបូជាតែលើព្រះធម៌ ប៉ុន្ដែសម្រាប់ការងារសិល្បៈគឺនាងនៅតែបន្ដច្រៀងសម្ដែងតាមកម្មវិធីជប់លៀងនិងកម្មវិធីផ្សេងៗដដែលដើម្បីរកថវិកាចិញ្ចឹមជីវិត ។

គួរបញ្ជាក់ថា តារាចម្រៀងនាង អឿន ស្រីមុំ ធ្លាប់បានជួបស្នេហ៍មិនសមប្រកបចំនួន២លើក ដោយអតីតស្វាមីរបស់ដំបូងរបស់នាង គឺជាតន្ដ្រីករមួយរូបដែលបានរៀបការ និងរស់នៅជាមួយគ្នាអស់រយៈពេលជាង១០ឆ្នាំ ទើបចំណងស្នេហាដល់ផ្លូវបំបែក ដោយអ្នកទាំងពីរមិនមានកូនជាចំណងដៃនោះឡើយ។

មិនយូរប៉ុន្មាន តារាចម្រៀងរូបនេះក៏រកបានគូស្នេហ៍ថ្មីដែលជាអាណិកជនខ្មែរនៅបារាំង ប៉ុន្ដែចំណងស្នេហាថ្មីនេះបានតែមួយប៉ុន្មានផងក៏រលត់ទៅវិញ ទើបធ្វើនាងសច្ចាថា លែងយកប្ដីថ្មីអស់មួយជីវិត បើទោះបីជាមមានអ្នកសុំស្រឡាញ់ក៏ដោយ ៕



ចែករំលែកព័តមាននេះ