ដូចការគ្រងទុក នៅទីបំផុត អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរការជាផ្លូវការណ៍ហើយ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ខណៈពេលដែលអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបិទបញ្ចប់ បន្ទាប់ពីបើកដំណើរការអស់រយៈពេលជាង៦០ឆ្នាំមកនេះ ។ នៅថ្ងៃបើកសម្ពោធជាផ្លូវការណ៍នូវអាកាសយានដ្ឋានអន្តរជាតិតេជោនាពេលនេះ គេសង្កេតឃើញមានអ្នកសិល្បៈជាច្រើន បានបញ្ចេញសំណេររបស់ខ្លួនបង្ហោះលើបណ្តាញសង្គម ដោយនៅក្នុងនោះពួកគេបានសម្តែងការអបអរ និងស្វាគមន៍ចំពោះការបើកដំណើរការនេះ ក្នុងពេលដែលពួកគេចាត់ទុកថា នេះជាសមិទ្ធិផលនៃការអភិវឌ្ឍន៍ និងការជឿនលឿននៃប្រទេសកម្ពុជា ។

តារាសម្តែងនាង មាន សូនីតា បានលើកឡើងថា អបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលចាប់ផ្តើមដំណើរជាផ្លូវការពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ។ នាងបញ្ជាក់ថា នេះជាសមិទ្ធផលនៃការអភិវឌ្ឍន៍ និងការជឿនលឿននៃប្រទេសកម្ពុជា សូមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកាន់រាជាណាចក្រអច្ឆរិយនៃព្រះរាជាណាចក្រកម្ពុជា ។
ចំណែកតារាចម្រៀងនាង ពេជ្រ សូលីកា បានបញ្ចេញសំណេរថា លាហើយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពួកយើងនឹងចងចាំរាល់អនុស្សាវរីយ៍ល្អៗដែលធ្លាប់មានឡើង ហើយងាកមកអបអរសាទរចំពោះ អាកាសយានដ្ឋានអន្តរជាតិថ្មីនៃព្រះរាជាណាចក្រកម្ពុជា Techo International Airport ។

តារាចម្រៀងលោក ខេម ក៏បានលើកឡើងដែរថា សូមអបអរសាទរសមិទ្ធផលថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា នោះគឺ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ។ លោកថា ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយទៀតនៃប្រវត្តិសាស្ត្រអាកាសចរណ៍ស៊ីវិលរបស់ខ្លួន ដោយបើកឱ្យដំណើរការនូវអាកាសយានដ្ឋានខ្នាតយក្ស ប្រភេទ 4F ដែលបង្ហាញពីការអភិវឌ្ឍ និងសមត្ថភាពរបស់កម្ពុជាក្នុងការទទួលជើងហោះហើរដែលកាន់តែមមារញឹកឡើង ។

លោកបញ្ជាក់ថា ការពង្រីកអាកាសយានដ្ឋាន គឺជាសក្ខីភាព នៃការរីកចម្រើនលើគ្រប់វិស័យ ។
ចំណែកតារាចម្រៀងលោក អេឡិច ច័ន្ទត្រា បានបង្ហោះសំណេរថា អបអរសារទពិធីបើកដំណើរការជាផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសញ្ញានៃការរីកចម្រើនថ្មី សម្រាប់វិស័យអាកាសយាន និងសេដ្ឋកិច្ចជាតិ ។ លោកបញ្ជាក់ថា អាកាសយានដ្ឋាននេះ នឹងក្លាយជាច្រកចូលសំខាន់សម្រាប់ទេសចរណ៍ ការវិនិយោគ និងការចូលរួមអន្តរជាតិ»។
តារាសម្តែង និងអតីតបេក្ខភាពបវរញ្ញានាង ភឹម ស្រីនោ បានលើកឡើងស្រដៀងគ្នាថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នេះហើយ។លោកថា ខ្ញុំពិតជាមានមោទកភាព និងសប្បាយរីករាយយ៉ាងខ្លាំង ដែលប្រទេសកម្ពុជាយើងអាចសាងសង់បានអាកាសយានដ្ឋានធំជាងគេលំដាប់ទី៩ នៅក្នុងពិភពលោក ដែលបង្ហាញឱ្យឃើញថាកម្ពុជាយើងកំពុងតែបន្តការអភិវឌ្ឍន៍ទៅមុខយ៉ាងលឿនរហ័ស ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកណ្ដាលក្រុង ។
លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ ។
ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះ មានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយទំនិញបាន២៦,០០០ តោន ៕





ចែករំលែកព័តមាននេះ