រាជធានីភ្នំពេញ ៖ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងពីកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់គ្រប់មជ្ឈដ្ឋាននាពេលបច្ចុប្បន្ន ។
ការលើកឡើងរបស់ប្រធានសភាវៀតណាមធ្វើឡើងនៅនារសៀល ថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅពេល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ។
យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានសម្ដែង នូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម ។
ឯកឧត្តម បានចាត់ទុកដំណើររបស់សម្ដេចតេជោ និងគណៈប្រតិភូនៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ ស្អិតរមួតរវាងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីវៀតណាមចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា ។
សម្ដេចតេជោបានចាត់ទុកបដិវត្តន៍ខែសីហា នាឆ្នាំ១៩៤៥ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យសម្រាប់ប្រទេសវៀតណាម ហើយក៏កត្តានាំឲ្យមានចលនាតស៊ូប្រឆាំងអាណានិគមក្នុងការទាមទារឯករាជ្យនៅក្របខ័ណ្ឌតំបន់ និងពិភពលោក ។
សម្ដេចតេជោ ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក និងពេលបច្ចុប្បន្ន ដែលប្រទេសទាំងពីរបានបង្ហាញនូវជំហរទំនាក់ទំនងដ៏រឹងមាំ ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌនីតិប្រតិបត្តិ និងក្របខ័ណ្ឌគណបក្ស និងគណបក្ស ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ។
សម្ដេចតេជោ ក៏បានរំលេចអំពីភាពរីកចម្រើននៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលសម្រេចបានគោលដៅ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ នៃការនាំទំនិញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន២០ពាន់លានដុល្លារ ក្នុងពេលខាងមុខ ។
សម្ដេចតេជោ ក៏បានអរគុណចំពោះវៀតណាមផងដែរ ដែលបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងក្នុងវិស័យសេដ្ឋកិច្ច វិស័យយោធា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ ។
សម្ដេចបានបង្ហាញនូវការពេញចិត្ត និងកោតសរសើរផងដែរ ចំពោះភាពរីកចម្រើនរបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន។
ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម បានអរគុណចំពោះសម្ដេចតេជោ ដែលបានមានប្រសាសន៍លើកឡើងត្រង់ទៅ ត្រង់មក។
ឯកឧត្តមក៏បានសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា ដោយឯកឧត្តមបានកត់សម្គាល់ឃើញថា កាលពីឆ្នាំ២០២៤ ឯកឧត្តម បានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចម្រើន ដែលកន្លងមក កម្ពុជាបានឆ្លងកាត់និងការលំបាកជាបន្តបន្ទាប់ តែពេលនេះកម្ពុជាបានផ្លាស់ប្ដូរ ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ក៏បានមើលឃើញពីកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់គ្រប់មជ្ឈដ្ឋាន នាពេលបច្ចុប្បន្ន ៕














ចែករំលែកព័តមាននេះ