ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធា​ភូមិភាគ​(RBC)​រវាង​ភូមិភាគ​៤​កម្ពុជា និង​ភូម​ភាគ​២​ថៃ ​ព្រមព្រៀង​១១​ចំណុច

44 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) រវាង​បញ្ជាការដ្ឋាន​កងទ័ព​ភូមិភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ និង​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ថ្ងៃ​ទី​២៧ ខែសីហា…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) រវាង​បញ្ជាការដ្ឋាន​កងទ័ព​ភូមិភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ និង​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ ខេត្ត​ស៊ី​សាកេ​ត ព្រះរាជាណាចក្រ​ថៃ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ឯកភាព​ចំំ​នួន​១១​ចំណុច​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) បាន​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ខេត្ត​ស៊ី​សាកេ​ត ព្រះរាជាណាចក្រ​ថៃ បាន​ឲ្យ​ដឹង​ថា​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ សហ​ប្រធាន ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ប៊ុ​ន​ស៊ី​ន ផាត​ភ្លាង មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​២​ថៃ និង សហ​ប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤​កម្ពុជា​។

កិច្ចប្រជុំ​នេះ មាន​គោលបំណង​លើកកម្ពស់​កិច្ច​ពិភាក្សា និង​បង្កើន​ជំនឿ​ទុកចិត្ត​សំដៅ​កាត់​បន្ថយ ភាព​តានតឹង និង​រក្សា​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន ដោយ​ប្រើប្រាស់​យន្តការ​ចាំបាច់​ផ្សេង​ៗ ដើម្បី​ដោះស្រាយ ភាព​ខុស​គ្នា​ដោយ​សន្តិវិធី និង​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា ក្នុង​ស្មារតី​នៃ​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព និង​សាមគ្គីភាព ។ ក្នុង​ស្មារតី​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដូច​ខាងក្រោម​៖
១-​ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​អនុវត្ត​សេចក្តីសម្រេច​នៃ កិច្ចប្រជុំ​ពិសេស នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥​។

២-​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​រក្សា​ទំនាក់​ទំនងជា​ប្រចាំ​រវាង​បណ្តា​យោធភូមិ​ភាគ និង​តំបន់ យោធា ព្រមទាំង​បណ្តា​អង្គភាព នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា ដោយ​សន្តិវិធី និង​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​។ ភាគី​ទាំង​ពីរ​ក៏​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​ទំនាក់ទំនង បន្ថែម​ទៀត​នៅ​គ្រប់​កម្រិត ដើម្បី​កសាង​ជំនឿ​ទុកចិត្ត និង​លើកកម្ពស់​ភាព​ជា​អ្នក​ជិតខាង​ល្អ​។

៣-​ភាគី​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ផង​ដែរ ក្នុង​ការ​ជៀសវាង​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន ក្លែងក្លាយ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង កាត់​បន្ថយ​សាធារណ​មតិ​អវិជ្ជមាន និង​ព្យាយាម​បង្កើត​នូវ​វិធានការ ជាក់ស្តែង សំដៅ​លើកកម្ពស់​បរិយាកាស​អំណោយផល​សម្រាប់​កិច្ច​សន្ទនា​ដោយ​សន្តិវិធី​។

៤-​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​មិន​ពង្រីក​វិសាលភាព​និង​ទំហំ​នៃ​វិវាទ រួម​បញ្ចូល​ទាំង​សកម្មភាព​បង្កហេតុ របស់​ទាហាន ឬ​ប្រជាជន ដែល​អាច​នាំ​ឱ្យ​មាន​ភាព​តានតឹង ដូច​ជា​សម្ដី​អុជអាល និង​សកម្មភាព​របស់​ទាហាន ដែល​ទន្ទ្រាន​ចូល​ទីតាំង​របស់​ភាគី​ម្ខាង​ទៀត នៅ​ក្រោយ​ពេល​ដែល​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន នៅ​ម៉ោង ២៤:០០​នាទី (​ម៉ោង​ក្នុងស្រុក​) ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​។

៥-​រាល់​ការ​ធ្វើ​សកម្មភាព​ដើម្បី​ធានា​សុវត្ថិភាព រួម​បញ្ចូល​ទាំង​ការ​ល្បាត និង​ការ​សាងសង់ ឬ​ការ​ពង្រីក ហេដ្ឋារចនាសម្ព័ន្ធ ឬ​លេណដ្ឋាន ដែល​មាន​លក្ខណៈ​ការពារ​ខ្លួន​សុទ្ធសាធ និង​ស្ថិត​នៅ​តែ​ខាង​ខ្លួនឯង​ប៉ុណ្ណោះ ភាគី​នីមួយ​ៗ​អាច​អនុវត្ត​ទៅ​បាន ដោយ​អនុលោម​ពេញលេញ​តាម​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់​ដែល​បាន​ឯកភាព​គ្នា ដោយ​ភាគី​ទាំង​ពីរ នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ពូ​ត្រា​ចា​យ៉ា និង កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីក្រុង
គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​។ វិធានការ​នេះ​មាន​គោលបំណង​លើកកម្ពស់​បរិយាកាស​នៃ​ជំនឿ​ទុកចិត្ត ទៅ​វិញ​ទៅ​មក និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​។

៦-​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នេះ ភាគី​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​ពី​កា​រវិ​វ​ឌ្ឍ​ជា​វិជ្ជមាន និង​វឌ្ឍនភាព ដែល​សម្រេច​បាន ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាមួយនឹង​គោលបំណង​រួម​នៃ​ការ​វិល​ត្រឡប់ ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​។

៧-​ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​សា​ជា​ថ្មី​នូវ​សារៈសំខាន់​ក្នុង​ការ​ដោះ​មីន​មនុស្សធម៌ និង​បាន​ឯកភាព​គ្នា បញ្ជូន​បញ្ហា​នេះ ដែល​ស្ថិត​ក្រោម​អាណត្តិ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ទៅ​កិច្ចប្រជុំ​បន្ទាប់​របស់ គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដូចដែល​បាន ព្រមព្រៀង​គ្នា​ដោយ​ភាគី​ទាំង​ពីរ​រួច​ហើយ​។

៨-​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ក្នុង​ការ​បង្កើត​ក្រុមការងារ​សម្របសម្រួល (CG) ដើម្បី ពង្រឹង​ទំនាក់ទំនង​នៅ​គ្រប់​កម្រិត រួម​បញ្ចូល​ទាំង​ថ្នាក់​មេបញ្ជាការ ក្រុមការងារ​ទំនាក់ទំនង​តាម​ព្រំដែន កងកម្លាំង ឈរជើង​តាម​តំបន់​ព្រំដែន និង​អង្គភាព​ប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​គោលបំណង​ដោះស្រាយ រាល់​បញ្ហា​ដោយ​សន្តិវិធី និង​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​។ ខ្លឹមសារ​លម្អិត​នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ បន្ទាប់​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC)​។ ក្នុងអំឡុងពេល​អន្តរកាល មុន​ការ​បង្កើត ក្រុមការងារ​សម្របសម្រួល (CG) មេបញ្ជាការ​ថ្នាក់​មូលដ្ឋាន​របស់​ភាគី​ទាំង​ពីរ រួម​បញ្ចូល​ទាំង​អង្គភាព​សម្របសម្រួល ព្រំដែន​កម្ពុជា​-​ថៃ និង​ថៃ​-​កម្ពុជា នឹង​ជួប​គ្នា​ជា​រៀង​រាល់​ស​ប្តា​ហ៍ ឬ​តាម​ពេលវេលា​សម​ស្រប ដើម្បី​ដោះស្រាយ រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ដែន​នៃ​ការ​ទទួលខុសត្រូវ​របស់​ខ្លួន

៩-​ភាគី​ទាំង​ពីរ​ក៏​បាន​បញ្ជាក់​សា​ជា​ថ្មី​នូវ​ឆន្ទៈ ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ និង​កិច្ចសហការ​ជាមួយ​គ្នា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​បញ្ចូល​ទាំង​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ហៅ​ទូរ​សព្ទ (​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​) ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​អាវុធ និង​សកម្មភាព ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដទៃ​ទៀត ដោយ​ធ្វើការ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ច្បាស់លាស់​និង​ជាក់ស្តែង តាម​រយៈ ក្រប​ខណ្ឌ​ដែល​មាន​ស្រាប់​។ បញ្ហា​ទាំងនេះ​ស្ថិត​ក្រោម​អាណត្តិ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) គួរតែ​ត្រូវ យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​គ្រោង​នឹង​ធ្វើ​ឡើង នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដូចដែល​បាន​ព្រមព្រៀង​គ្នា​ដោយ​ភាគី​ទាំង​ពីរ​រួច​ហើយ​។

១០-​ភាគី​ទាំង​ពីរ​បញ្ជាក់​សា​ជា​ថ្មី​អំពី​សារៈសំខាន់​នៃ​ការ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព និង​ឆាប់រហ័ស ចំពោះ​ការ​តវ៉ា​ទៅ​លើ​ជម្លោះ​ណាមួយ​ដែល​កើត​មាន​ឡើង​តាម​ព្រំដែន ហើយ​បាន​យល់ព្រម​បញ្ជូន​បញ្ហា​ផ្សេង​ៗ ដែល​មិន​អាច​ដោះស្រាយ​បាន​នៅ​កម្រិត​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) ទៅ​កិច្ចប្រជុំ គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ឬ​យន្តការ​សម​ស្រប​ផ្សេង​ទៀត តាម​ការ​ព្រមព្រៀង​របស់​ភាគី​ទាំង​ពីរ​។

១១-​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​បន្ទាប់​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) នឹង​ត្រូវធ្វើ​ឡើង នៅ​ក្នុង​រយៈពេល ១​ខែ ក្រោយ​កិច្ចប្រជុំ​វិសាមញ្ញ​នេះ ឬ​តាម​ពេលវេលា​សម​ស្រប ដោយ​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ