ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖​ ទិវា​ឯករាជ្យ​របស់​វៀតណាម​គឺជា​ថ្ងៃ​ចាប់ផ្តើម​នៃ​យុគសម័យ​ថ្មី​ដែល​កំណត់​ដោយ​ភាព​ធន់​ការ​រួបរួម និង​ក្តី​សង្ឃឹម

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៨០​ឆ្នាំ នៃ​ទិវា​ឯករាជ្យ​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​បាន​ចាត់​ទុក​ទិវា​ឯករាជ្យ​នេះ​គឺជា​ថ្ងៃ​ចាប់ផ្តើម​នៃ​យុគសម័យ​ថ្មី ដែល​កំណត់​ដោយ​ភាព​ធន់ ការ​រួបរួម…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៨០​ឆ្នាំ នៃ​ទិវា​ឯករាជ្យ​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​បាន​ចាត់​ទុក​ទិវា​ឯករាជ្យ​នេះ​គឺជា​ថ្ងៃ​ចាប់ផ្តើម​នៃ​យុគសម័យ​ថ្មី ដែល​កំណត់​ដោយ​ភាព​ធន់ ការ​រួបរួម និង​ក្តី​សង្ឃឹម​ ។​

នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៥​ ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៨០​ឆ្នាំ ​ទិវា​ឯករាជ្យ​របស់​វៀតណាម (២ កញ្ញា ១៩៤៥-២/​កញ្ញា ២០២៥)​ ។

ពិធី​នេះ​ ទទួល​បានការ​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។ សូម​ជម្រាប​ថា ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​១៩៤៥ ជា​ថ្ងៃ​ដ៏​មហោឡារិក​នៃ​ការ​ទទួល​បាន​ឯករាជ្យ​របស់​ប្រជាជាតិ​វៀតណាម ហើយ​ក៏​ជា​ថ្ងៃ​បង្កើត​ឡើង​សា​ធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ដែល​សព្វថ្ងៃ គឺ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ។

ថ្នាក់ដឹកនាំ និង​ប្រជាជន​វៀតណាម តែង​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃ​ឯករាជ្យ​របស់​ខ្លួន​យ៉ាង​កងរំពង​ជា​រៀង​រាល់​ឆ្នាំ​នា​ថ្ងៃ​ទី​២ ខែកញ្ញា​ ។ ក្នុង​ពិធី​អបអរសាទរ​នា​ល្ងាច​ថ្ងៃនេះ ឯកឧត្តម ង្វៀ​ន មី​ញ វ៉ូ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​ចាត់​ទុក​ការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​កម្ពុជា​ដទៃ​ទៀត គឺជា​សក្ខីភាព​ដ៏​រឹង​មាំ​នៃ​ចំណង​សាមគ្គីភាព មិត្តភាព​ជា​ប្រពៃណី និង​ក្តី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​វៀតណាម ​។  

នា​ឱកាស​នេះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា គ្រាហ៍​​ដែល​ទិវា​ឯករាជ្យ​ថៃ្ង​ទី​២ ខែកញ្ញា ជិត​មក​ដល់​ប្រជាជន​វៀតណាម មាន​អារម្មណ៍​រីករាយ​នៃ​ការ​រំឭក​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ និង​ការ​ចង​ចាំ​អំពី​វីរភាព​ក្លាហាន​របស់​យុទ្ធ​ជន ដែល​បាន​តស៊ូ​ប្រយុទ្ធ​ដើម្បី​បុព្វហេតុ​យុត្តិធម៌​ ។ ទឹកចិត្ត​ស្នេហា​ជាតិ និង​ពលី​កម្ម​របស់​ពួក​គេ ដើម្បី​ឆ្ពោះទៅ​ទទួល​បាន​សិទ្ធិ​ស្វ័​យស​ម្រេច​តែងតែ​ត្រូវ​បាន​ចង​ចាំ និង​ដឹងគុណ​ជា​និច្ច​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «ទិវា​ឯករាជ្យ គឺជា​ថ្ងៃ​ចាប់ផ្តើម​នៃ​យុគសម័យ​ថ្មី ដែល​កំណត់​​ដោយ​ភាព​ធន់​, ការ​រួបរួម និង​ក្តី​សង្ឃឹម​»​។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ផង​ដែរ​ថា ថ្ងៃ​ឯករាជ្យ​ជាតិ​របស់​វៀតណាម កាលពី​៨០​ឆ្នាំ​មុន មិន​គ្រាន់តែ​សម្រាប់​ប្រជាជន​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​កម្លាំង​ជំរុញ​សម្រាប់​បណ្តា​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​ទាំង​កម្ពុជា​ផង​ដែរ ងើបឈរ ឡើង​តស៊ូ​ដើម្បី​ឯករាជ្យ​ពី​អាណានិគមនិយម​ ។

សម្តេច​តេ​ជោ​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​មិត្ត​វៀតណាម ដែល​បាន​ធ្វើ​ដំណើរ​យ៉ាង​ស្វាហាប់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ជា​ពិសេស ​ការ​ទទួល​បាន​កំណើន សេដ្ឋកិច្ច​ជាង​៧​ភាគរយ ក្នុង​ឆ្នាំ​២០២៤​ ។

សម្ដេច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​បង្ហាញ​ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​មាន​ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម នឹង​សម្រេច​បាន​ទិស​ដៅហស្ស​​វត្សរ៍​ចំនួន​ពីរ​៖

ទី​១៖ ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​មាន​ឧស្សាហកម្ម​ទំនើប និង​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ក្នុង​ឱកាស​ខួប ១០០​ឆ្នាំ នៃ​ការ​បង្កើត​បក្ស​កុម្មុយនីស្ត​វៀតណាម ទី​២៖ ជា​ប្រទេស​សង្គមនិយម ដែល​មានការ​អភិវឌ្ឍ និង​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៤៥ ស្រប​ពេល​ខួប​លើក​ទី​១០០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ក៏​ដូច​ជា​ការ​លើក​ស្ទួយ​កិត្យានុភាព និង​តួនាទី​របស់​វៀតណាម​នៅ​លើ​ឆាក​តំបន់ និង​អន្តរជាតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ