បាងកក ៖ សម្លេងស៊ីរ៉ែនបានបន្លឺឡើង រញ្ជួយទីក្រុងបាងកក ធ្វើឱ្យមនុស្សម្នារត់ចេញពីអគារ នាំគ្នាមកឈរនៅតាមផ្លូវក្នុងចន្លោះអគារទាំងភ្នែកនៅកញ្ចឹងកគ្រាប់គ្នា ។ នោះគឺពលរដ្ឋថៃនៅទីក្រុងបាងកកភ័យស្លន់ស្លោនឹងគ្រោះរញ្ជួយដី ដែលធ្លាប់បានបំភ័យយ៉ាងតក់ស្លុតថ្មីៗកន្លងមក ដែលមិនអាចបំភ្លេចបាន ។ តាមព័ត៌មានក្ដៅៗពីនាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ព័ត៌មានដល់ប្រជាជនថៃឱ្យដឹងយ៉ាងទាន់ហន់បំផុត នៅថ្ងៃ២១ សីហា ២០២៥ ។
គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ បានកើតឡើងទៀតហើយនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យប៉ះពាល់ដល់អគារចាប់ពីកម្ពស់១០ជាន់ឡើងទៅ នៃតំបន់មួយចំនួននៅកណ្តាលបេះដូងនៃទីក្រុងបាងកក ។
យោងតាមនាយកដ្ឋានតាមដានការរញ្ជួយដី នៃនាយកដ្ឋានឧតុនិយមថៃបានប្រកាសអាសន្នថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងកម្រិតរំញ័រ៥.៤រ៉ិចទ័រ និងមានជម្រៅ១០គីឡូម៉ែត្រ ក្នុងចម្ងាយផ្លូវប្រហែល២១១គ.ម ។
ត្រឹមរសៀលថ្ងៃដដែល គេពុំទាន់ដឹងថា មានតុល្យការបែបណានៅឡើយទេ ទាំងនៅប្រទេសមីយ៉ាន់មា៉ និងថៃ ពិសេសតំបន់មួយចំនួនក្នុងក្រុងបាងកក ។ទោះបីគ្រោះរញ្ជួយដីលើកនេះបង្កឱ្យមានការភ័យឆោឡោ តែវាមិនបង្កឱ្យមានមហន្តរាយដូចគ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ ដែលបានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ដ៏មហាវិនាសកម្មនោះទេ ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លានោះ ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និងវៀតណាមផងដែរ ។
ប្រជាជនថៃនៅឈៀងម៉ៃបានឱ្យដឹងថា ពួកគេបាននាំគ្នារត់ចេញទៅខាងក្រៅអគារ ស្របពេលដែលអគារនានាបានរងការញ័ររញ្ជួយ ។ បើតាម AFP តំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសថៃ បានទទួលរងឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីនេះ ។ យ៉ាងណាមិញ នៅទីក្រុងបាងកក ក៏ធ្លាប់បានជួបគ្រោះញ័ររញ្ជួយដ៏ខ្លាំងកន្លងមកថ្មីៗ ដែលអគារមួយកំពុងសាងសង់បានបាក់រលំរាបដល់ដីជាគំរូមួយ និងអគារជាច្រើនទៀត ដែលមានអាងហែលទឹកខាងលើ មានការគ្រលែងជះទឹកមកខាងក្រោម ដ៏គួរឱ្យភ័យរន្ធត់រកអ្វីប្រៀបផ្ទឹមបានឡើយ ៕
ចែករំលែកព័តមាននេះ