រាជធានីភ្នំពេញ ៖ ជនសង្ស័យ ដែលលួចយកសោ ហើយលួចយករថយន្តម៉ាកឡិចស៊ីស 470 នៅក្នុងក្រុមហ៊ុនចិនមួយកន្លែង នៅសង្កាត់ទឹកថ្លា ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ។
ជនសង្ស័យរូបនោះឈ្មោះ ស៊ុន ឈែង SUN QIANG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) មុខរបរមិនប្រាកដ ស្នាក់នៅមិនប្រាកដ។ ចំណែកជនរងគ្រោះ ជាតំណាងម្ចាស់រថយន្តឈ្មោះ លីវ ជៀនភីង LIU JIANPING ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនស្របច្បាប់ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ៤៤-៤៦ ផ្លូវណតប្រ៊ីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមនគរបាលបានឲ្យដឹងថា នៅពេលថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ VANG ZHONGSHAN ភេទប្រុស ជនជាតិចិន បានបើករថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ស៊េរី២០០០ ពាក់ផ្លាកលេខ 2P-5991 ចេញពីខេត្តកោះកុង មកដល់ផ្ទះជួលលេខ៤៤-៤៦ (ជាក្រុមហ៊ុនចិន) ស្ថិតនៅផ្លូវណតប្រ៊ីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញថ្មី របស់ឈ្មោះ លីវ ជៀនភីង LIU JIANPING ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន ហើយជនរងគ្រោះ បានឲ្យឈ្មោះ YU DENGJIANG ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន (ជាមិត្តភក្តិ ស្នាក់នៅផ្ទះជួលជាមួយឈ្មោះ លីវ ជៀនភីង) ជូនទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីជូនមិត្តភក្កិរួច ឈ្មោះ YU DENGJIANG ក៏បើករថយន្តម៉ាកឡិចស៊ីស៤៧០(ខាងលើ) មកចតទុកនៅមុខផ្ទះជួលរបស់ឈ្មោះ លីវ ជៀនភីង ដោយបានចាក់សោ រថយន្តត្រឹមត្រូវ ហើយក៏បានដើរចូលទៅក្នុងផ្ទះជួល ឡើងទៅដេកនៅបន្ទប់ជាន់ទី២ ដោយទុកកូនសោរថយន្តម៉ាកឡិចស៊ីស៤៧០ និងទូរសព្ទដៃ០១គ្រឿង ម៉ាកហូវៃ នៅលើតុ ក្នុងបន្ទប់ បរិវេណផ្ទះជួល ជាន់ផ្ទាល់ដី។ នៅពេលសម្រាកបានប្រមាណ ១ម៉ោង ឈ្មោះ YU DENGJIANG ចុះមកក្រោមវិញ បាត់កូនសោ រថយន្ត និងទូរសព្ទដៃ ។
តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឈ្មោះ លីវ ជៀនភីង និងឈ្មោះ YU DENGJIANG ភ្ញាក់ពីដេក ចុះមកក្រោម ក៏ឃើញបាត់រថយន្តឡិចស៊ីស៤៧០ (ដែលចតនៅមុខផ្ទះជួល) រួចក៏នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលទឹកថ្លា ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។
តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងទៀតថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវីរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ក៏បានស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យបាននៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅចំណុចតាមផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ព្រមទាំងដកហូតបានរថយន្តត្រឡប់មកវិញ ។
តាមជនសង្ស័យឈ្មោះ ស៊ុន ឈែង បានសារភាពអោយដឹងថា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ រូបខ្លួនបានដើរមកធ្វើសកម្មភាពចូលក្នុងផ្ទះជួល (លេខ៤៤-៤៦ ផ្លូវណតប្រ៊ីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ) លួចយកបានកូនសោរថយន្ត(ម៉ាកឡិចស៊ីស៤៧០) និងទូរស័ព្ទដៃ០១គ្រឿង ម៉ាកហូវៃ ដោយទូរសព្ទដៃយកទៅលក់ឲ្យមនុស្សប្រុស០១នាក់ នៅក្នុងបឹងឈូក ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា បានប្រាក់ចំនួន១០ដុល្លា រួចនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ខ្លួនបានមកធ្វើសកម្មភាពលួចយករថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ស៊េរី២០០០ ពាក់ផ្លាកលេខ 2P-5991ពិតប្រាកដមែន។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច បានយកទឹកនោមជនសង្ស័យ ទៅធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាពវិជ្ជមាន ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕






ចែករំលែកព័តមាននេះ