ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំបូករូងក្របួចបាន បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបលុយ និងទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅក្រោមផ្ទះ ហើយចេញទៅកាត់សក់ ក្រោយធ្វើសកម្មភាពបានសម្រេចជនសង្ស័យជិះម៉ូតូទៅលាក់ខ្លួននៅផ្ទះជី
ដូន។ ការឃាត់ខ្លួនជនសង្ស័យលួចកាបូបលុយនិងទូរស័ព្ទ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា នៅមុនពេលឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៦ ខែសីហា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង បានទទួលពាក្យបណ្ដឹងពីឈ្មោះ រ៉េត ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំបួរ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្ដឹងរៀបរាប់ថា កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ពេលរូបខ្លួនកំពុងអង្គុយកាត់សក់នៅមុខផ្ទះ ស្រាប់តែមានឈ្មោះ សុង ប៊ុន ហៅ ជ្រុញ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា វ៉េវ RSX ពណ៌ក្រហម គ្មានស្លាកលេខ បានជិះម៉ូតូមកពីទិសខាងជើងមករកកាត់សក់ដែរ ប៉ុន្តែដោយសាររូបខ្លួនកំពុងតែកាត់មុន ទើបឈ្មោះខាងលើ បានដើរចូលទៅក្រោមផ្ទះរបស់ខ្លួន ហើយបានធ្វើសកម្មភាពលួចទូរស័ព្ទចំនួន០១គ្រឿង ម៉ាក IPhone 11Pro កាបូបដៃ មានលុយខ្មែរចំនួន៧៤៥០០រៀល និងមានកាត ABA ចំនួន០១សន្លឹក ក្រោយធ្វើកម្មភាពរួចក៏បានជិះម៉ូតូខាងលើ ទៅទិសខាងត្បូងបាត់ ពេលកាត់សក់រួចរូបខ្លួនក៏បានដើរចូលផ្ទះស្រាប់តែបាត់សម្ភារៈខាងលើ ទើបរូបខ្លួនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង។
នគរបាលស្រុកភ្នំស្រួចបាននិយាយបន្តទៀតថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមៗនោះ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំបូករូង បានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចផ្ទះជីដូនរបស់ជនសង្ស័យស្ថិតនៅភូមិទឹកថ្លា ឃុំដំបូករូង យកមកសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួន ពិតជាបានធ្វើសកម្មភាពលួចដូចបានរៀបរាប់ខាងលើប្រាកដមែន។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា ចំពោះវត្ថុតាង ទូរស័ព្ទមួយគ្រឿង ម៉ាក់ iphone 11Pro និង កាបូបដៃមានលុយខ្មែរ៧៤៥០០រៀល និងកាតABA សមត្ថកិច្ចបានប្រគល់គេម្ចាស់ដើមវិញហើយ។បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿង នៅបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ