ទីក្រុងកៀវ៖ មិនទាន់បានអីផង អ៊ុយក្រែនចាប់ផ្ដើមបញ្ចេញសារនយោបាយជាបណ្ដើរៗហើយតបទៅនឹងលទ្ធផលនៃកិច្ចជំនួបកំពូលរវាងលោកត្រាំ និងលោកពូទីននៅអាឡាស់ស្កា។ អ៊ុយក្រែនហ៊ាននិយាយដោយឥតកោតក្រែងថាជំនួបកំពូលលើកនេះបរាជ័យហើយ។ ទោះបីលោកពូទីនអះអាងថាលោកប្រាថ្នាចង់បានសន្តិភាព និងចង់បញ្ចប់សង្គ្រាម ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង រុស្ស៊ីវាយប្រហារអ៊ុយក្រែនកាន់តែខ្លាំងដើម្បីបង្ហាញថាខ្លួនជាអ្នកមានប្រៀបនៅលើសមរភូមិយោធា។
នៅលើសមរភូមិការទូត រុស្ស៊ីក៏មិនទាន់អស់ផ្លូវដើរដែរ។ ឥឡូវនេះ ក្រុមប្រទេសកំពុងអភិវឌ្ឍខ្លះកំពុងសម្រុកទៅជ្រកនៅក្រោមអង្គការប្រ៊ីក (BRICS)។ ជាពិសេស ការទៅជួបគ្នានៅអាឡាស់ស្កាត្រូវគេគិតថាជាសារនយោបាយមួយដែលលោកពូទីនចង់ប្រាប់ទៅក្រុមបស្ចិមប្រទេសថា «យុទ្ធសាស្ត្រដាក់ឱ្យដាក់នៅឯកោ» ទៅលើរូបលោកមិនអាចជោគជ័យឡើយ។
នៅដំណាក់កាលចុងក្រោយនេះ ជំហររបស់រុស្ស៊ី និងអ៊ុយក្រែនហាក់ដូចជានៅឃ្លាតឆ្ងាយគ្នាខ្លាំងពេកដូចមេឃ និងដីពាក់ព័ន្ធនឹងការចរចាសន្តិភាព។ ហ្សេឡិនស្គីប្រកែកដាច់ខាតថាលោកមិនទទួលយកបទឈប់បាញ់ដែលគ្មានបញ្ចូលការធានាសន្តិសុខជាតិសម្រាប់ប្រទេសរបស់គាត់ទេ។ ចំណែកលោកពូទីនទាមទារដាច់ខាតមិនឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ហើយទាមទារឱ្យអ៊ុយក្រែនយល់ព្រមកាត់ទឹកដីរបស់ខ្លួនដើម្បីជាថ្នូរនឹងសន្តិភាព។
លោកអូឡិចសាន់ដឺ មើរេសស្កូ (Oleksandr Merezhko) ជាប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាថ្លែងប្រាប់សារព័ត៌មានញូយ៉កថាមស៍ថាជំនួបកំពូលត្រាំ-ពូទីនមិនអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ។ លោកថាលោកពូទីនប្រើប្រាស់ប្រើប្រាស់វេទិកានេះ និងប្រើប្រាស់លោកត្រាំធ្វើជាឈ្នាន់ដើម្បីបង្ហាញប្រាប់ពិភពលោកថាគាត់មិននៅឯកាទេ។
លោកត្រាំថ្លែងកោតសរសើរលោកពូទីនក្រោយកិច្ចប្រជុំនោះ។ លោកប្រាប់អ្នកសារព័ត៌មានថាដំណើរការចរចារីកចម្រើនទៅមុខ។ ប៉ុន្តែមិនទាន់ឯកភាពគ្នាទាំងស្រុងទេពាក់ព័ន្ធនឹងបទឈប់បាញ់។ លោកថាមានចំណុចខ្វែងគំនិតគ្នាមួយចំនួន។ លោកហ្សេឡិនស្គីគ្មានជំនឿទាល់តែសោះទៅលើការជួបគ្នានេះ។ គាត់និយាយតាំងពីដំបូងដៃថាការជួបគ្នាលើកនេះធ្វើឱ្យលោកពូទីនចំណេញច្រើនណាស់ព្រោះគាត់នឹងចាកផុតពីសម្ពាធការទូត និងសេដ្ឋកិច្ច។ លោកហ្សេឡិនស្គីជឿជាក់ថាលោកពូទីនគ្រាន់តែចង់ថតរូបនៅក្នុងកិច្ចជំនួបនេះតែប៉ុណ្ណោះ។ លោកចង់បានការថតរូបជុំគ្នាជាមួយលោកត្រាំ។
ទីមួយ លោកពូទីនជួបគ្នានៅលើទឹកដីអាមេរិកអាចចាត់ទុកជាជោគជ័យផ្ទាល់ខ្លួន។ ទីពីរ គាត់រួចចាកផុតពីការដាក់ឱ្យនៅឯកាព្រោះគាត់ទៅអាមេរិកគ្មាននរណាហ៊ានធ្វើអ្វីគាត់ទេ។ ទីបី តាមរយៈការជួបគ្នាលើកនេះ គាត់អាចនឹងដោះខ្លួនរួចមួយគ្រាៗពីការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ លោកហ្សឺលែនស្គីកំពុងដេកគងថ្ងាសចាំមើលតើលោកត្រាំនឹងមានវិធានការអ្វីទៀតចំពោះរុស្ស៊ីក្រោយពេលកិច្ចជំនួបនេះបានបរាជ័យ។ ជាពិសេស តើហ៊ានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីទេ? យើងរង់ចាំមើលទាំងអស់គ្នាថានឹងមានអ្វីកើតឡើងជាបន្តទៀត។ ខាងលើនេះជាការដកស្រង់ប្រភពពីទស្សនាវដ្ដីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ