រាជធានីភ្នំពេញ ៖ ក្នុងកិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ថ្ងៃទី១៤
ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន ប្រទេសចិន ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញការកាត់បន្ថយភាពតានតឹងជាមួយថៃ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៥ ខែ
សីហា ឆ្នាំ២០២៥ លើកឡើងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចសន្ទនាពិសាតែរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន ។
កិច្ចពិភាក្សាបានធ្វើឡើង ប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្តល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដែលកំពុងតែវិវត្តន៍ រវាងកម្ពុជា និងថៃ។ កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួ លកិច្ចសន្ទនា និង ជំរុញការកាត់បន្ថយភាពតានតឹង ។
កម្ពុជាថ្លែងអំណរគុណជាពិសេស ចំពោះការគាំទ្ររបស់ប្រទេសចិនលើបទឈប់បាញ់ដែលបានឯកភាពដោយកម្ពុជា និងថៃ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការស្តារទំនាក់ទំនងមកកាន់ប្រក្រតីភាពរវាងប្រទេសជិតខាងទាំងពីរ ដោយសន្តិវិធី។
ប្រភពបានបញ្ជាក់ថា៖« កម្ពុជារក្សាយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភា ពដោយភាគីទាំងពីរនៅក្នុងកិច្ចប្រជុំ ពិសេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹ ងបន្ថែមទៀតនៅក្នុងកិច្ចប្រ ជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥» ។
ជាងនេះ កម្ពុជាសូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ ចំពោះការដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរបស់អាស៊ាន ។ លើសពីនេះ កម្ពុជាបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ ក្នុងការអនុម័តលក្ខខណ្ឌយោង សម្រាប់ការបង្កើតក្រុមសង្កេតការណ៍អាស៊ាន ដើម្បីអនុញ្ញាតឱ្យក្រុមនេះធ្វើប្រតិបត្តិការបានចាប់តាម ដែលអាចធ្វើទៅបាន។
យន្តការនេះ មានសារសំខាន់ណាស់ ដើម្បីធានាបាននូវការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ ដែលស្របតាមសេចក្តីសម្រេចក្នុងកិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀត នៅក្នុងកិច្ចប្រជុំ វិសាមញ្ញនៃគ ណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានោះដែរ កម្ពុជាក៏សូមថ្លែងអំណរគុណដល់ប្រទេសចិនចំពោះឆន្ទៈក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង កសាងឡើងវិញក្រោយជម្លោះ ។ ការចូលរួមនេះ បង្ហាញពីការប្តេជ្ញារួមចំ ពោះការកសាងសន្តិភាពរយៈ ពេលវែង និងការស្តារឡើងវិញនៃសហគមន៍ដែលរង ផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធថ្មីៗនេះ។
លើសពីនេះ កម្ពុជាកោតសរសើរចំពោះ ការបន្តរួមចំណែករបស់ប្រទេសចិន ដល់កិច្ចខិតខំ ប្រឹងប្រែងដោះមីនមនុស្សធម៌ ។ ខណៈពេលដែលកម្ពុជាស្វាគមន៍ការគាំទ្រនេះ កម្ពុជាយល់ ឃើញថា រាល់សកម្មភាពដោះមីន គួរផ្តោតជាចម្បងលើតំបន់អាទិភាព ដែលត្រូវកំណត់ និងសម្រេចរួមគ្នា ដោយគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ដែលនេះជាជំហានសំខាន់មួយ ក្នុងការបង្កើនសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រសួងការបទេសបានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ទាំងក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី និងតំបន់ ដើម្បីថែរក្សាសន្តិភាព កសាងការជឿទុកចិត្តគ្នាទៅវិញទៅមក និងធានាបាននូវស្ថិរភាពយូរអង្វែងក្នុងតំបន់៕
ចែករំលែកព័តមាននេះ