ខេត្តបន្ទាយមានជ័យ ៖ លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន នៅល្ងាចថ្ងៃទី១៥ ខែសីហានេះ បានអញ្ជើញទៅដល់ទីតាំងព្រំដែនកម្ពុជា-ថៃ ដែលយោធាឈ្លានពានថៃ បានរាយបន្លាលួសហ៊ុមព័ទ្ធផ្ទះពលរដ្ឋខ្មែរ ក្នុងទឹកដីកម្ពុជា នៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែង យកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក។
ក្នុងការផ្សាយបន្តផ្ទាល់របស់អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន នៅម៉ោង៧និង៣២នាទីយប់ថ្ងៃសុក្រនេះ នៅឯព្រំដែនកម្ពុជា-ថៃ លោកបាននិយាយថា កម្ពុជាពិតជាត្រូវការសន្តិភាព ហើយបើថៃត្រូវការសន្តិភាពដែរ តើហេតុអ្វីថៃបាននិយាយជាមួយលោក ដូណាល់ ត្រាំ ហើយអំពីបទឈប់បាញ់ ប៉ុន្តែទង្វើរបស់ថៃ កំពុងតែប្រឆាំងនឹងបទឈប់បាញ់យ៉ាងច្បាស់ ។
លោកបានបន្តថា ថៃបានយកបន្លាលួសមកហ៊ុមព័ទ្ធផ្លូវ និងផ្ទះរបស់ប្រជាជនស្លូតត្រង់របស់កម្ពុជា ធ្វើបាបប្រជាជនស្លូតត្រង់ ។
លោកបាននិយាយដោយអារម្មណ៍ឈឺចាប់ជំនួសឲ្យប្រជាជនកម្ពុជាថា កម្ពុជាត្រូវការសន្តិភាព ប៉ុន្តែប្រទេសថៃមិនត្រូវការសន្តិភាពដូចបាននិយាយឡើយ គឺជ្រើសរើសសង្គ្រាម។ ថៃមិនបានធ្វើដូចអ្វី ដែលបាននិយាយជាមួយលោក ដូណាល់ ត្រាំ ឡើយ ។
លោក ALFARO MICHAEL BARRY កំពុងបង្ហាញការពិតទៅកាន់ពិភពលោកហើយថាតើថៃបានធ្វើទុក្ខបុកម្នេញមកលើកម្ពុជាយ៉ាងដូចម្តេចខ្លះ ? លោកបានដង្ហោយហៅប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យជួយកម្ពុជា ហើយប្រាប់យ៉ាងច្បាស់ពីទង្វើដ៏អាក្រក់របស់ថៃ។ ប្រជាជនស្លូតត្រង់ ដែលត្រូវថៃហ៊ុមព័ទ្ធបន្លាលួសយកផ្ទះ អត់មានផ្ទះនៅ ក្មេងៗ ត្រូវជ្រកក្រោមតង់ទាំងមេឃកំពុងភ្លៀងទាំងយប់ ។
សង្ខេបពាក្យសំខាន់ៗយកចេញពីវីដេអូផ្សាយផ្ទាល់របស់លោក Michael B Alfaro ដោយសង្ខេបខ្លឹមសារដូចខាងក្រោម ៖
ប្រជាជនកម្ពុជា ត្រូវការសន្តិភាព
ក្មេងៗ ត្រូវការជម្រក ត្រូវការរៀន
លោកថា នឹងបង្ហាញរូបភាព និងវីដេអូការពិតអំពីអ្វី ដែលកើតមានចំពោះលោកប្រធានាធិបតីអាមេរិក
ប្រព័ន្ធព័ត៌មានជាច្រើន បានកុហកលោកប្រធានាធិបតី ហើយគាត់កំពុងបង្ហាញការពិត
ពេលដែលកម្ពុជា សម្រេចឯកភាពកិច្ចព្រមព្រៀងបទឈប់បាញ់ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ពីមុនកម្ពុជា មិនដែលមានទ័ពនៅទីនេះទេ ហើយក្រោយបទឈប់បាញ់ កម្ពុជាក៏មិនមានដែរ តែខាងថៃបានចោទថាកម្ពុជាដាក់ទ័ព ហើយតម្រូវឱ្យថៃការពារបូរណភាពទឹកដីគេ តែការពិតនេះគ្មានអ្វីទាំងអស់
នេះជាអ្វីដែលថៃបានបង្កើតឡើង ហើយចង់លេងល្បែងរបស់ខ្លួន ហើយជ្រើសរើសសង្គ្រាម
លោកចង់បញ្ជាក់ទៅមិត្តភក្តិទាំងអស់ មកស្វែងយល់ការពិត ហើយត្រូវធ្វើអ្វីម្យ៉ាង ពិសេសត្រូវតែប្រឆាំងនឹងអំពើអាក្រក់នេះ ដែលមិនអាចទទួលយកបាន
លោកនឹងបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់លោកប្រធានាធិបតី
ក្មេងៗ ក្មេងចាស់ប្រុសស្រីពេលនេះកំពុងនៅក្រោមដំណក់ទឹកភ្លៀង ព្រោះផ្ទះត្រូវបានថៃរំលោភ
លោកបញ្ជាក់ម្តងហើយម្តងទៀតថា លោកមិនអាចទទួលយកបានទេ សូមឱ្យមិត្តភក្តិទាំងអស់ តាមដានជាមួយគាត់ លោកបន្តថាថៃជាអ្នកផ្លោងគ្រាប់បែកដាក់វត្ត ដាក់ផ្ទះ ទាំងដែលជាក់ស្តែងនៅទីនេះគ្មានការគំរាមកំហែងអ្វីទាំងអស់
លោកថា នឹងស្នើឱ្យលោក Elon Mask បើកប្រព័ន្ធ Settle lite ដើម្បីមើលការពិត
លោកស្នើឱ្យ ប្រធានាធិបតីអាមេរិក ពិនិត្យមើល ហើយប្រើប្រាស់គ្រប់ប្រព័ន្ធច្បាប់អន្តរជាតិ ICJ ដើម្បីដោះស្រាយលើករណីនេះ
លោកថា ថៃជាអ្នកបង្កើតបញ្ហាទាំងអស់ ហើយជាអ្នកដែលបានបំពានកម្ពុជា ៕
ចែករំលែកព័តមាននេះ