ទីក្រុងប៉េកាំង ៖ កំណើនទិន្នផលពីរោងចក្ររបស់ប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល៨ខែ គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ខណៈពេលដែលការលក់រាយក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយបន្ថែមបញ្ហាប្រឈមមុខដល់រដ្ឋាភិបាលចិន ដែលកំពុងខិតខំពង្រឹងសេដ្ឋកិច្ច ដែលប្រឈមមុខនឹងតម្រូវការក្នុងស្រុកធ្លាក់ចុះ និងហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ។ នេះបើយោងតាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ទិន្នន័យដ៏ច្រើនដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន ហៅកាត់ថា NBS នៅថ្ងៃទី១៥ ខែសីហា កើតឡើងនៅពេលរដ្ឋាភិបាលចិនកំពុងតែដោះស្រាយសម្ពាធជាច្រើន ចាប់ពីគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដល់តម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ និងការប្រកួតប្រជែងខ្លាំងពេកក្នុងទីផ្សារក្នុងស្រុក។
ទិន្នផលរោងចក្រឧស្សាហកម្មប្រចាំខែកក្កដា បានកើនឡើង ៥,៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន ហើយក៏ជាធ្លាក់ចុះធៀបនឹងការកើនឡើង ៦,៨% កាលពីខែមិថុនាកន្លងទៅ។
ការសម្រេចបានកិច្ចព្រមព្រៀងផ្អាកអនុវត្តពន្ធកម្រិតខ្ពស់រយៈពេល៩០ថ្ងៃបន្ថែមទៀត កាលពីពេលថ្មីនេះ បានរារាំងអត្រាពន្ធរបស់អាមេរិកលើទំនិញចិនពីការឡើងដល់កម្រិត៣ខ្ទង់។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុនផលិតរបស់ចិននៅតែបន្តរងផលប៉ះពាល់ពីកម្សោយតម្រូវការក្នុងស្រុក និងការធ្លាក់ចុះតម្លៃទំនិញចេញពីរោងចក្រ។ ទិន្នន័យដែលចេញផ្សាយដោយ NBS នៅដើមខែសីហាបានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកផលិតប្រចាំខែកក្កដាបានធ្លាក់ចុះ ៣,៦% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលឈានដល់កម្រិតទាបជិត២ឆ្នាំ ដែលបានកត់ត្រាក្នុងខែមិថុនាកន្លងទៅ។
ការលក់រាយដែលជារង្វាស់នៃការប្រើប្រាស់ប្រចាំខែកក្កដាបានកើនឡើង ៣,៧% ដែលជាសន្ទុះយឺតបំផុតចាប់តាំងពីខែធ្នូ ឆ្នាំមុន និងយឺតជាងការកើនឡើង ៤,៨% កាលពីខែមិថុនា ដោយរបូតបាត់ការព្យាករណ៍កំណើនដែលរំពឹងថា ៤,៦%។
រហូតមកទល់ពេលនេះ ចិន ដែលជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនោះ បានរួចផុតពីការធ្លាក់ចុះខ្លាំងមួយផ្នែកដោយសារការគាំទ្រគោលនយោបាយរដ្ឋាភិបាល ក៏ដូចជាបណ្តារោងចក្របានទាញយកផលប្រយោជន៍ពីការផ្អាកអនុវត្តពន្ធកម្រិតខ្ពស់ជាមួយអាមេរិក ចំពោះការនាំចេញទំនិញនាំមុខរបស់ខ្លួន។
យ៉ាងណាមិញ បណ្តាអ្នកវិភាគបានលើកឡើងថា កម្សោយនៃតម្រូវការក្នុងស្រុក និងហានិភ័យសកលនឹងអូសទាញកំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសខាងមុខនេះ។ សកម្មភាពសេដ្ឋកិច្ចក៏ត្រូវបានរងផលប៉ះពាល់ដោយអាកាសធាតុខ្លាំងផងដែរ ចាប់ពីកំដៅខ្លាំងរហូតដល់ព្យុះ និងទឹកជំនន់នៅទូទាំងប្រទេសចិន រំខានដល់ផលិតកម្មរោងចក្រ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។
បើតាមការស្ទង់មតិចុងក្រោយរបស់ Reuters បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសចិន នឹងថយចុះមកត្រឹម ៤,៥% ក្នុងត្រីមាសទី ៣ និង ៤,០% ក្នុងត្រីមាសទី ៤ ឆ្នាំនេះ។ យោងតាមការស្ទង់មតិបានឱ្យដឹងថា កំណើន GDP របស់ប្រទេសចិនប្រចាំឆ្នាំ២០២៥ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះដល់ ៤,៦% ដែលជាការធ្លាក់ចុះផ្ទុយពីគោលដៅផ្លូវការ ៥,០% កាលពីឆ្នាំមុន និងធ្លាក់ចុះទៀតដល់ ៤,២% នៅឆ្នាំ២០២៦៕ ប្រភព ៖ Reuters
ចែករំលែកព័តមាននេះ