ទីក្រុងញូដេលី៖ ច្បាស់ការណ៍ហើយពេលនេះ បើសិនកិច្ចជំនួបកំពូលរវាងលោកត្រាំ និងលោកពូទីននៅថ្ងៃសុក្រសប្ដាហ៍នេះជោគជ័យមិនអីទេ។ ប៉ុន្តែបើបរាជ័យវិញ អ្នកដែលរ៉ាប់រងទទួលខុសត្រូវគ្រប់យ៉ាងគឺធ្លាក់ទៅលើឥណ្ឌា មិនមែនរុស្ស៊ី ឬអាមេរិកទេ។ ខាងលើនេះជាការប្រកាសច្បាស់ៗរបស់រដ្ឋមន្ត្រីក្រសួងរតនាគារជាតិ (ដែលស្មើនឹងក្រសួងសេដ្ឋកិច្ចនៅប្រទេសដទៃ)។ លោករដ្ឋមន្ត្រីស្កុត បឺសឹន (Scott Bessent) ព្រមានថាទីក្រុងវ៉ាស៊ីនតោនកំពុងតែសម្រួចមាត់ដាក់ពន្ធគយទៅលើឥណ្ឌាឱ្យណាណីម្ដង។ សព្វថ្ងៃនេះ ឥណ្ឌាកំពុងតែយ៉ាប់ជាបណ្ដើរៗទៅហើយបន្ទាប់ពីអាមេរិកដំឡើងពន្ធគយ៥០%។
លោកបឺសឹនថ្លែងថាការសម្រេចចិត្តដំឡើងពន្ធគយបន្ថែមទៀតទៅលើឥណ្ឌា ឬយ៉ាងណាគឺអាស្រ័យទៅលើលទ្ធផលនៃជំនួបកំពូលត្រាំ-ពូទីននៅអាឡាស់ស្កា។ ការដែលរដ្ឋមន្ត្រីអាមេរិកប្រកាសដូច្នេះហាក់ធ្វើឱ្យមជ្ឈដ្ឋានទូទៅស្រកាំងកាំងព្រោះបើគេមើលពីសម្បកក្រៅ បញ្ហាអ៊ុយក្រែនគួរណាស់ពាក់ព័ន្ធនឹងអាមេរិក រុស្ស៊ី អ៊ុយក្រែន និងអឺរ៉ុបទើបត្រូវ។ ហេតុដូចម្ដេចបានជាអូសទាញឥណ្ឌាឱ្យចូលរួមដែរ? ហើយមិនត្រឹមតែចូលរួមធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលត្រូវតែទទួលផលវិបាកទៅទៀត។
សូមស្ដាប់ការបកស្រាយរបស់លោកបឺសឹនដូចតទៅនេះ។ លោកថ្លែងថាអាមេរិកបានកំណត់ពន្ធគយជាលក្ខណៈដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសឥណ្ឌាពីបទទិញប្រេងឆៅពីរុស្ស៊ីនៅក្នុងបរិមាណច្រើន។ លោកអាចប្រមើលឃើញថាបើកិច្ចជំនួបលើកនេះគ្មានលទ្ធផលល្អទេ ឥណ្ឌាប្រុងខ្លួនឱ្យហើយទៅ។ បើមិនទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកទេ ក៏ត្រូវអាមេរិកដំឡើងពន្ធគយដែរ។ ខាងលើនេះជាការបញ្ជាក់ច្បាស់ៗរបស់រដ្ឋមន្ត្រីអាមេរិកនៅលើកញ្ចក់ទូរទស្សន៍ប្ល៊ូមបឺក (Bloomberg)។
សូមរំលឹកថាមុនដំបូង ឥណ្ឌាជាប់ពន្ធគយអាមេរិក២៥%។ ក្រោយមកនៅដើមខែសីហានេះ លោកត្រាំដំឡើងពន្ធថែម២៥%ទៀត។ ដូច្នេះទាំងមុនទាំងក្រោយស្មើនឹង៥០%ដោយសារឥណ្ឌាទិញប្រេងឆៅផង និងទិញអាវុធផងពីរុស្ស៊ី។ តាមពិត រុស្ស៊ីក៏ជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកតាំងពីជំនាន់លោកបៃដិន និងបន្តរក្សាទុករហូតដល់សព្វថ្ងៃ។ កាលពីយប់មិញ ត្រាំព្រមានថាបើការជួបគ្នាស្អែកនេះគ្មានចេញជាសាច់ការអ្វីទេ រុស្ស៊ីនឹងមានផលវិបាកធ្ងន់ធ្ងរ។ ត្រាំសូមផ្ដាំដោយខ្លីតែប៉ុណ្ណឹង។
តាមមើលទៅ ទណ្ឌកម្មដែលដាក់ទៅលើឥណ្ឌាលើកនេះប្រហែលជាមិនស្រាលប៉ុន្មានឡើយ។ លោកបឺសឹនថ្លែងថាលោកត្រាំត្រៀមជួបលោកពូទីន។ បណ្ដាប្រទេសនៅអឺរ៉ុបប្រៀបបាននឹងស្លាបឆ្វេង និងស្លាបស្ដាំសម្រាប់ជួយជ្រោមជ្រែងពីក្រោយខ្នង។ ឧទាហរណ៍ ពួកគេអាចជូនយោបល់ថាតើគួរដោះស្រាយបញ្ហាតាមច្រកណា ឬគួរធ្វើអ្វីជាបន្តទៀត។ អឺរ៉ុបក៏ត្រូវចូលរួមជាមួយអាមេរិកដើម្បីព្រួតគ្នាដាក់ទណ្ឌកម្មទៅលើឥណ្ឌាផងដែរ។ អឺរ៉ុបចាំបាច់ត្រូវបង្ហាញឆន្ទៈថាខ្លួនត្រៀមដាក់ទណ្ឌកម្ម។
សព្វថ្ងៃនេះ ឥណ្ឌាសម្រុកទិញប្រេងពីរុស្ស៊ីកាន់តែច្រើនឡើងៗដែលលក់ធូរៗថ្លៃព្រោះប្រេងឆៅជាទំនិញដែលងាយស្រួលរកបាន មិនពិបាកផលិតនៅរោងចក្រទេ គ្រាន់តែបូមពីក្នុងដី ឬពីបាតសមុទ្រមកដាក់ទៅក្នុងបារ៉ែលជាការស្រេច។ ធនធានប្រេងឆៅរបស់រុស្ស៊ីមានច្រើនលើសលប់មហាសាល។ ដូច្នេះ ទោះបីលក់ធូរថ្លៃយ៉ាងម៉េចក៏មិនចោទជាបញ្ហាដែរ។ លោកពូទីនកំពុងត្រូវការលុយសម្រាប់ធ្វើសង្គ្រាម និងជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិ។ លោកមិនស្មុគស្មាញច្រើនទេអំពីបញ្ហាតម្លៃ។
ទំនាក់ទំនងឥណ្ឌា-អាមេរិកមិនសូវត្រូវគ្នាទេចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ មែនទែនទៅ តាំងពីសម័យសង្គ្រាមត្រជាក់មកម៉្លេះព្រោះឥណ្ឌាមានទំនោរងាកទៅរករុស្ស៊ីដើម្បីជាខ្នងបង្អែកទប់ទល់នឹងប្រទេសចិន។ នៅក្នុងចំណោមប្រេងឆៅរបស់រុស្ស៊ីដែលលក់ចេញសរុប គ្រាន់តែឥណ្ឌាម្នាក់ឯងទិញចន្លោះពី៣៥%ទៅ៤០% ដូច្នេះឃើញថាច្រើនណាស់។
ឥណ្ឌាមិនបានប្រកែកអ្វីទេ។ ឥណ្ឌាគ្រាន់តែនិយាយការពារខ្លួនថាខ្លួនត្រូវតែទិញប្រេងរុស្ស៊ីដែលលក់ធូរថ្លៃដើម្បីសម្រាលបន្ទុកចំណាយរបស់ប្រជាជនខ្លួនរាប់លាននាក់ដែលរស់នៅក្នុងស្ថានភាពក្រីក្រ។ ប៉ុន្តែលោកត្រាំមិនត្រូវការយោគយល់ទេ។ ត្រាំចោទថាឥណ្ឌាកេងចំណេញលើអាមេរិកច្រើនណាស់។ ដូច្នេះ ត្រូវតែដំឡើងពន្ធឥណ្ឌាដើម្បីប្រមូលលុយ៤៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗត្រឡប់មកវិញ។ ក្រោយការប្រកាសរបស់រដ្ឋមន្ត្រីរតនាគារជាតិ គេមិនទាន់ដឹងថាតើឥណ្ឌានឹងបញ្ចេញប្រតិកម្មតបបែបណាទេ។ គេគិតថាបើសិនដំឡើងពន្ធលើសពី៥០% សេដ្ឋកិច្ចឥណ្ឌាអាចនឹងមានបញ្ហា។ នេះបើយោងតាមប្រភពពីប៊ីប៊ីស៊ី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ