ខេត្តកំពង់ស្ពឺ៖ គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ មានរយះពេលចំនួន១៨ថ្ងៃកន្លងទៅហើយ ដែលអ្នកទោស២នាក់ហែកគុករត់គេចខ្លួនបានដោយសុវត្ថិភាព មន្ត្រីសមត្ថកិច្ចមិនទាន់ចាប់ខ្លួនត្រឡប់មកវិញនោះទេ គេមិនដឹងថាប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ដោះស្រាយបែបណាជាមួយថ្នាក់លើ ទើបស្ងប់ស្ងាត់ព័ត៌មានឈឹងបែបនេះ!។
តាមប្រភពព័ត៌មានបានខ្សឹបឱ្យដឹងថា អ្នកទោស២នាក់ដែលហែកគុករត់រួចគេចខ្លួននោះជាប់ពាក់ព័ន្ធរឿងលួចឈ្មោះ មករា រស់នៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ហើយម្នាក់ទៀតឈ្មោះ ម៉ាប់ មានស្រុកកំណើត នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធរឿងចោរកម្ម លួច ប្លន់ មានទោសច្រើនឆ្នាំ ទើបហែកគុករត់គេចខ្លួនបានដោយសុវត្ថិភាពទៅ។
ប្រភពព័ត៌មានបានខ្សឹបប្រាប់ទៀតថា នៅក្នុងយប់ថ្ងៃទី២៦~២៧ ខែកក្កដា ដែលអ្នកទោសចំនួន០២នាក់ហែកគុកលួចរត់នោះ អ្នកយាមខាងក្នុងជាមន្ត្រីថ្មីក្មេងទើបចូលបម្រើការងារ ហើយចំណែកអ្នកយាមខាងក្រៅជាមន្ត្រី កិច្ចសន្យា(មិនមានក្របខ័ណ្ឌឡើយ) សុទ្ធសឹងជាមនុស្ស របស់លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺជាអ្នករៀបចំកន្លែងការងារឱ្យកាន់។
ប្រភពដដែលបានខ្សឹបទៀតថា ចំពោះរឿងអ្នកទោសហែកគុករត់រួចនេះដែលក្រោយពីមានការភ្ញាក់ផ្អើលមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺបានជិះម៉ូតូ និងរថយន្តខ្វែងខ្វាត់ដើម្បីស្វែងរកតាមចាប់ខ្លួនទាំង២នាក់ខាងលើដែរ ប៉ុន្តែត្រូវបានអ្នកទោសវាយមកលើ មន្ត្រីពន្ធនាគារមួយរូបឈ្មោះ វឿន អាយុជាង៥០ឆ្នាំ បណ្តាលឱ្យរងរបួសក្រោមភ្នែកខាងឆ្វេង ទើបរត់គេចខ្លួនដោយសុវត្ថិភាព ជិត២០ថ្ងៃហើយ នៅមិនទាន់ចាប់ខ្លួនបានវិញនោះទេ។
លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានឱ្យដឹងតាមប្រព័ន្ធ តេឡេក្រាមថា អ្នកទោសពិតជាបានលួចរត់ពីរនាក់មែន ពាក់ព័ន្ធរឿង ឆបោក ហើយពិតជាបានវាយមន្ត្រីម្នាក់មែន ក្រុមការងាររបស់លោកកំពុងស្វែងរកតាមចាប់ខ្លួនហើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ