ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លា.ប់ផ្កាប់មុខនៅលើភក់ក្នុងប្រឡាយមួយកន្លែងដែលមានស្នាមរបួសលើខ្លួនផង កាលពីរសៀលថ្ងៃទី១៣ សីហា នៅចំណុចភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ដែលសមត្ថកិច្ចដាក់ការសង្ស័យជំហានដំបូងអាចជាអំពើ«ឃាតកម្ម» ។

សមត្ថកិច្ចបាននិយាយថា នៅលើខ្លួនសាកសពមានបន្សល់ទុកអត្តសញ្ញាណប័ណ្ណ១សន្លឹក និងប័ណ្ណសមាជិកបសស០១សន្លឹកទៀត ។ យោងតាមអត្តសញ្ញាណប័ណ្ណ ជនរងគ្រោះ ឈ្មោះ មាស រី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។ សមត្ថកិច្ចបានប្រាប់ថា អ្នកភូមិម្នាក់បណ្ដើរឆ្កែទៅស្រែជាអ្នកប្រទះឃើញសាកសពនោះ។
សត្វឆ្កែរបស់គាត់បានព្រុះមិនឈប់នៅពេលវាដើរទៅពើបប្រទះនឹងសាកសពនោះ ហើយម្ចាស់សង្ស័យក៏ដើរទៅមើល ក៏ស្រាប់តែគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញឆ្កែរបស់គាត់កំពុងព្រុះសាកសពស្ត្រីរងគ្រោះ ដែលដេកស្លាប់ផ្កាប់មុខទៅនឹងភក់ក្នុងប្រឡាយ ។ ឃើញបែបនេះ គាត់ក៏ប្រញាប់រាយការណ៍ប្រាប់មន្ត្រីមូលដ្ឋានឲ្យចុះពិនិត្យតែម្ដងទៅ ។

មន្ត្រីជំនាញនៃអធិការស្រុកថ្មគោល និងមន្ត្រីបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការខេត្តបានចុះទៅកាន់ចំណុចកើតហេតុភ្លាមៗ ដើម្បីពិនិត្យ និងធ្វើការវិនិច្ឆ័យលើសាកសព ។ សមត្ថកិច្ចបានឲ្យដឹងថា បើតាមការពិនិត្យកន្លែងកើតហេតុ និងលើសាកសព គឺជនរងគ្រោះមានស្លាកស្នាមរបួស ដែលគេសង្ស័យអាចត្រូវឃាតករល្បូងដឹកយកទៅវាយសម្លាប់នៅទីនោះ ។
ហេតុការណ៍នេះ អាចកើតឡើងនៅក្នុងនៅយប់ថ្ងៃទី១៣ សីហា ឬនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៤ សីហា ។ ពីព្រោះបើពិនិត្យស្ថានភាពសាកសពហាក់ដូចទើបកើតឡើងថ្មីៗដែលគេសង្ស័យជាអំពើ «ឃាតកម្ម» ។ ប៉ុន្តែសមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានមូលហេតុ ដែលនាំឲ្យមានអំពើ«ឃាតកម្ម»នេះកើតឡើងទេ ហើយក៏មិនទាន់ដឹងករណីនេះ កើតចេញពីប្រភពណាដែរ ។

ជុំវិញករណី«ឃាតកម្ម»កំបាំងមុខនេះ ស្នងការរងផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង បាននិយាយថា មន្ត្រីជំនាញបាននិងកំពុងប្រឹងប្រែងធ្វើការស្រាវជ្រាវលើករណីនេះនៅឡើយ ។ យើងគ្រាន់តែដឹងថា ជនរងគ្រោះរស់នៅខេត្តឧត្តមានជ័យ ហើយយើងបានទំនាក់ទំនងទៅក្រុមគ្រួសារហើយ ដើម្បីមកទទួលយកសាកសព ។
លោកស្នងការរងបានប្រាប់ថា បើតាមការបំភ្លឺពីក្រុមគ្រួសារខ្លះៗ ជនរងគ្រោះទើបត្រឡប់មកពីប្រទេសថៃបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយក៏មានរឿងកើតឡើង ។ លោកនិយាយថា ក្រុមគ្រួសារជនរងគ្រោះមានជីវភាពក្រីក្រ ម្ដាយឪពុកនាងមានជំងឺ និងមានបងប្រុសនាងម្នាក់ធ្វើយោធានៅជួរមុខក្នុងភូមិសាស្ត្រប្រាសាទតាមាន់ ។

លោក គឹមសុង បានបញ្ជាក់ថា ដោយសារតែស្ថានភាពគ្រួសារក្រីក្របែបនេះ បងប្រុសរបស់នាងនិងសាច់ញាតិ គ្មានលទ្ធភាពដឹកសពប្អូនស្រីយកទៅធ្វើបុណ្យនៅស្រុកកំណើត ក៏សម្រេចនាំគ្នាធ្វើបុណ្យនៅក្នុងវត្តមួយកន្លែង នៅឃុំរូងជ្រៃ ស្រុកថ្មគោលនោះតែម្ដង។ ហើយលោកនិងមន្ត្រីមួយចំនួន ក៏បានចូលរួមជាថវិកាមួយចំនួនដល់គ្រួសារជនរងគ្រោះ ដើម្បីជួយសម្រូលក្នុងការធ្វើបុណ្យសព ។
ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មនេះ លោក ឈឿង គឹមសុង បានបញ្ជាក់ថា បើតាមការពិនិត្យរបស់មន្ត្រីបច្ចេកទេស ដែលរកឃើញមានស្លាកស្នាមលើរាងកាយជនរងគ្រោះ យើងដាក់ការសង្ស័យជំហានដំបូងថា អាចជាអំពើ«ឃាតកម្ម» ។ ជនរងគ្រោះត្រូវបានឃាតករសម្លាប់នៅកន្លែងកើតហេតុតែម្ដង ។

ប៉ុន្តែយើងមិនទាន់ដឹងថា តើជនដៃដល់ល្បូងជនរងគ្រោះយកមកពីណា? ប៉ុន្តែយ៉ាងណា ពេលនេះ មន្ត្រីជំនាញ បាននិងកំពុងសាកសួរក្រុមគ្រួសារជនរងគ្រោះ និងសាក្សីនានា ដើម្បីតាមស្វែងរកមុខសញ្ញាជនដៃដល់ហើយ ៕
ចែករំលែកព័តមាននេះ