ការកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់អ្នក ។ ខាងក្រោមនេះជាចំណុចសំខាន់ៗដែលអ្នកអាចទទួលបាន៖
១. ជួយសម្រកទម្ងន់
ភេសជ្ជៈផ្អែមដូចជា ទឹកក្រូច កូកា កាហ្វេទឹកដោះគោ និងតែគុជ សុទ្ធតែមានផ្ទុកជាតិស្ករ និងកាឡូរីខ្ពស់ ។ ការកាត់បន្ថយការទទួលទានភេសជ្ជៈទាំងនេះ នឹងជួយកាត់បន្ថយកាឡូរីដែលចូលក្នុងខ្លួនប្រចាំថ្ងៃ ដូច្នេះវានឹងជួយអ្នកសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ការស្រាវជ្រាវបង្ហាញថា ការទទួលទានភេសជ្ជៈផ្អែមច្រើនពេក គឺជាមូលហេតុចម្បងមួយដែលធ្វើឱ្យធាត់លើសទម្ងន់។
២. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
ភេសជ្ជៈផ្អែមអាចបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ។ ការទទួលទានជាប្រចាំអាចធ្វើឱ្យកោសិកានៅក្នុងខ្លួនចុះខ្សោយ និងមិនអាចប្រើប្រាស់អាំងស៊ុយលីនបានល្អ ដែលអាចនាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ដូច្នេះ ការកាត់បន្ថយភេសជ្ជៈផ្អែមអាចជួយការពារអ្នកពីជំងឺដ៏គ្រោះថ្នាក់នេះ។
៣. ថែរក្សាសុខភាពបេះដូង
ការទទួលទានជាតិស្ករច្រើនពេកអាចបណ្តាលឱ្យមានការរលាកសរសៃឈាម និងឡើងសម្ពាធឈាម។ ការសិក្សាបានរកឃើញថា អ្នកដែលទទួលទានភេសជ្ជៈផ្អែមជាប្រចាំ ងាយនឹងប្រឈមមុខនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
៤. ធ្វើឱ្យស្បែកស្រស់ថ្លា និងក្មេងជាងវ័យ
ជាតិស្ករច្រើនលើសលប់អាចបំផ្លាញកូឡាជែន (Collagen) និងសារធាតុ Elastin ដែលជាប្រូតេអ៊ីនសំខាន់ជួយឱ្យស្បែកមានសភាពតឹងណែន។ នៅពេលកូឡាជែនត្រូវបានបំផ្លាញ ស្បែកនឹងចាប់ផ្តើមជ្រីវជ្រួញ និងឆាប់ចាស់។ ការកាត់បន្ថយជាតិស្ករ អាចជួយឱ្យស្បែករបស់អ្នកស្រស់ថ្លា និងក្មេងជាងវ័យ។
៥. ថែរក្សាសុខភាពមាត់ធ្មេញ
ជាតិស្ករនៅក្នុងភេសជ្ជៈផ្អែមជាអាហារដ៏ល្អសម្រាប់បាក់តេរីក្នុងមាត់។ នៅពេលបាក់តេរីទាំងនេះធ្វើការរំលាយជាតិស្ករ វាបញ្ចេញអាស៊ីតដែលធ្វើឱ្យខូចស្រទាប់ធ្មេញ (Enamel) និងបង្កឱ្យមានបញ្ហាពុកធ្មេញ ។ ការកាត់បន្ថយភេសជ្ជៈទាំងនេះ អាចជួយរក្សាសុខភាពធ្មេញ និងអញ្ចាញរបស់អ្នកឱ្យកាន់តែប្រសើរ ៕
ចែករំលែកព័តមាននេះ