ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ដែលជាជនជាតិឥស្លាម ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលសង្ស័យលួចសត្វគោញីមួយក្បាលរបស់ប្រជាពលរដ្ឋ ដែលយកទៅចងហើយស្រាប់តែបាត់ ក៏ដាក់ពាក្យបណ្តឹងពីភិនភាគសត្វគោឱ្យនគរបាលជួយអន្តរាគមន៍។ ការឃាត់ខ្លួនជនសង្ស័យជនជាតិឥស្លាមបាន កាលពីវេលាម៉ោង១២និង៣០ថ្ងៃត្រង់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅចំណុចក្នុងភូមិទឹក ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យជនជាតិឥស្លាមខាងលើនេះគឺ មានប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ថា÷ មានក្រុមចោរមិនស្គាល់អត្តសញ្ញាណបានលួចគោចំនួន ០១ក្បាល ញីសម្បុរស ស្នែងឈរប្រវែង ១៥០សង់ទីម៉ែត្រ របស់ម្ចាស់ឈ្មោះ ម៉ី ឡូត ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
នគរបាលស្រុកគងពិសីបានបន្តថា នៅមុនពេលកើតហេតុ បុរសជាម្ចាស់គោ បានដឹកសត្វគោរបស់ខ្លួនយកទៅចងក្នុងរបងដីចំការមួយកន្លែង ស្ថិតនៅក្នុងភូមិឃុំខាងលើ នៅវេលាម៉ោង ៨ និង១០នាទី ព្រឹកថ្ងៃទី៩ ខែសីហា លុះមកដល់ម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃ~ខែ ដដែល ម្ចាស់គោបានដើរទៅមើល សត្វគោដែលបានចងនោះ ស្រាប់តែមិនឃើញសត្វគោញីនៅកន្លែងដែលគាត់បានចងទើបដឹងថា ចោរលួចបាត់ ហើយក៏ទៅដាក់ពាក្យបណ្តឹងតែម្តង។

នគរបាលស្រុកគងពិសីបានបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះម្ចាស់គោ កម្លាំងជំនាញបានបើកការស្រាវជ្រាវ តាមកាមេរ៉ាសុវត្ថិភាព បានឃើញភិនភាគរឺម៉កដឹកគោ និងភិនភាគជនសង្ស័យ បន្ទាប់មកក៏បានបន្តឃ្លាំមើល ។
លុះដល់វេលាម៉ោង១៩និង២០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាលបានប្រទះឃើញរឺម៉កដឹកគោដែលមានភិនភាគដូចក្នុងរូបតាមកាម៉េរ៉ាសុវត្ថិភាព នៅចំណុចផ្លូវជាតិលេខ៤១ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨-ទៅលេខ១៩ ក៏បានដេញតាមឃាត់បាននៅចំណុចផ្លូវលំចូលវត្តឥស្សីគិរីជុំ ស្ថិតនៅក្នុងភូមិគរ ឃុំទឹកល្អក់ ស្រុកគងពិសី អ្នកបើកឈ្មោះ ស្មាន អ:ហ្មាត់ ភេទប្រុស អាយុ៣៧ឆ្នាំ(ជនជាតិខ្មែរឥស្លាម)ស្នាក់នៅផ្ទះជួលភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ហើយបានសួរនាំ អ្នកបើករឺម៉កបានឆ្លើយថា ខ្លួនមិនមែនជាម្ចាស់រឺម៉កនេះទេ គឺជារបស់ឈ្មោះ រ៉ានី មូស្លីម ភេទប្រុសអាយុ៣៣ឆ្នាំ(ជនជាតិខ្មែរឥស្លាម)ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ត្រូវជាប្អូនបង្កើតរបស់ខ្លួន ខ្ចីយកទៅដឹកស្មៅ និងធុងទឹកកក ក្នុងពេលនោះកម្លាំងផ្នែកជំនាញក៏បានយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះរ៉ានី មូស្លឹម បានឆ្លើយសារភាពថា ខ្លួនបានទិញមេគោ សម្បុរស ស្នែងឈរប្រវែងប្រហែល១៥០ សង់ទីម ត្រ ពីជនមិនស្គាល់អត្តសញ្ញាណ ដែលមានភិនភាគ ពាក់មួកសុវត្តិភាពពណ៌ខ្មៅអត់ចង្កា ពាក់អាវដៃវែងពណ៌ខ្មៅ ស្លៀកខោជើងវែងពណ៌ប្រផះរាងចាស់ សម្បុរសណ្ដែកបាយ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ អត់កញ្ចក់ ស្លាកលេខមិនចាំ ក្នុងតម្លៃ ៣ ៣០០ ០០០រៀល នៅចំណុចដីឡូតិ៍របងថ្ម ផ្លូវបេតុងភូមិព្រីងទឹក ឃុំកាកោះ ស្រុកគងពិសី កាលពីវេលាម៉ោង១១និង៤០ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ហើយបានដឹកយកមកទុកនៅទីតាំងកុងស៊ី(តាពុយ)ភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានយកទៅកាប់យកសាច់ទៅលក់នៅវេលាម៉ោង០២និង៣០រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងករដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ