ខេត្តស្ទឹងត្រែង៖ បទល្មើសនេសាទជិត២០០ករណី ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្រ្កាប ក្នុងរយៈពេល៦ខែ នៅតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ។
យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ថា ក្នុងរយៈពេល៦ ខែចុងក្រោយនេះ កម្លាំងចម្រុះបង្រ្កាបបទល្មើសនេសាទបានចំនួន១៥៨ករណី លែងកូនត្រីចម្រុះប្រមាណ១៥៤គីឡូក្រាម ចូលទៅក្នុងបឹងវិញ។ នេះជាកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងដៃគូកាន់តែរឹងមាំ។
អង្គការ NatureLife សូមអរគុណសម្រាប់កិច្ចខិតខំរួមគ្នាលើការទប់ស្កាត់បទល្មើសនេសាទ ហើយយើងសង្កេតឃើញថា បទល្មើសនេសាទមានការថយចុះច្រើន ខណៈដែលសកម្មភាពនេសាទស្របច្បាប់ និងប្រកបដោយចីរភាព កំពុងត្រូវបានលើកកម្ពស់និងជំរុញបន្ថែម។ នេះមានន័យថា ធនធានមច្ឆជាតិ ជីវចម្រុះ និងតំបន់ដីសើមរបស់យើងនឹងទទួលបានការការពារប្រសើរជាងមុន ដែលនឹងគាំទ្រដល់ការប្រកបរបររកចំណូលប្រកបដោយចីរភាពសម្រាប់សហគមន៍យើង៕
ចែករំលែកព័តមាននេះ