ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​ថាក់​ស៊ីន​អាច​រក្សា​តំណែ​ង​នាយក​រដ្ឋ​មន្ត្រី​ឬ​យ៉ាង​ណា​នឹង​ដឹង​នៅ​ថ្ងៃ​២៩ សីហា

20 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ តើ​កូន​ស្រី​លោក​ថាក់​ស៊ីន​​​ លោក​ស្រី​ផែ​ថង​ថាន​ ដែល​បច្ចុប្បន្ន​ជា​រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​ដែល​ត្រូវ​តុលា​ការ​ធម្ម​នុញ្ញ​ព្យួរ​តំណែង​​នាយក​រដ្ឋ​មន្ត្រី​នោះ​អាច​នឹង​ទទួល​បាន​តំណែង​ត្រឡប់​មកវិញ​ឬ​យ៉ាង​ណា​? នេះ​ជា​ចម្ងល់​ដ៏​ធំ​​មួយ​ដែល​មជ្ឈ​ដ្ឋាន​ជាតិ និង​អន្តរ​ជាតិ​កំពុង​រង់​ចាំ​អ៊ុត​លទ្ធ​ផល​ ខណៈ​ដែល​តុលាការ​ត្រៀម​​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​២៩​ ខែ​សីហា​ខាង​មុខ​នេះ​។ តុលាការ​ធម្ម​នុញ្ញ​​​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​សេចក្ដី​សម្រេច​នឹង​ប្រកាស​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​​។…

ទី​ក្រុង​បាងកក​៖ តើ​កូន​ស្រី​លោក​ថាក់​ស៊ីន​​​ លោក​ស្រី​ផែ​ថង​ថាន​ ដែល​បច្ចុប្បន្ន​ជា​រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​ដែល​ត្រូវ​តុលា​ការ​ធម្ម​នុញ្ញ​ព្យួរ​តំណែង​​នាយក​រដ្ឋ​មន្ត្រី​នោះ​អាច​នឹង​ទទួល​បាន​តំណែង​ត្រឡប់​មកវិញ​ឬ​យ៉ាង​ណា​? នេះ​ជា​ចម្ងល់​ដ៏​ធំ​​មួយ​ដែល​មជ្ឈ​ដ្ឋាន​ជាតិ និង​អន្តរ​ជាតិ​កំពុង​រង់​ចាំ​អ៊ុត​លទ្ធ​ផល​ ខណៈ​ដែល​តុលាការ​ត្រៀម​​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​២៩​ ខែ​សីហា​ខាង​មុខ​នេះ​។

តុលាការ​ធម្ម​នុញ្ញ​​​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​សេចក្ដី​សម្រេច​នឹង​ប្រកាស​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​​។ ក្នុង​នាម​ជា​កូន​ស្រី​ពៅ​របស់​លោក​ថាក់​ស៊ីន លោក​ស្រី​ផែ​ថង​ថាន​​ជា​អ្នក​ស្នង​តំណែង​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​សេដ្ឋា​ ថាក់​វិស៊ីន​ដែល​ត្រូវ​តុលាការ​ដក​តំណែង​ពី​បទ​តែង​តាំង​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​ម្នាក់​ដែល​ធ្លាប់​មាន​ទោស​ពៃរ៍​ និង​ជា​អ្នក​ស្ម័គ្រ​ស្មោះ​ចំពោះ​លោក​ថាក់​ស៊ីន​។ កាន់​តំណែង​បន្ត​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង លោក​ស្រី​ផែ​ថង​ថាន​ក៏​ប្រឈម​នឹង​ការ​ដក​តំណែងទៀត​​​។

បន្ទាប់​ពី​ព្យួរ​តំណែង​កាល​ពី​ខែ​កក្កដា រដ្ឋ​មន្ត្រី​វប្បធម៌​វ័យ​៣៨​ឆ្នាំ​រូប​នេះ​បាន​និយាយ​ការ​ពារ​ចំណាត់​ការ​របស់​ខ្លួន​កាល​ពី​ពេល​កន្លង​មក​។ លោក​ស្រី​ថា​អ្វី​ដែល​លោក​ស្រី​ធ្វើ​គឺ​ដើម្បី​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ជាតិ​តែ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​​ការ​ដែល​លោក​ស្រី​ក្នុង​នាម​ជា​មេ​ដឹក​នាំ​ប្រទេស​មួយ​ទាំង​មូល​ទៅ​ប្រឡូក​ប្រឡាក់​ជា​មួយ​មេ​បញ្ជា​ការ​ភូមិ​ភាគ២​របៀប​ជា​ការ​កាច់​កុង​គ្នា​នោះ​ត្រូវ​​មជ្ឈ​ដ្ឋាន​អ្នក​នយោ​បាយ​ថៃ​ចាត់​ទុក​​ថា​មិន​មែន​ជា​ការ​ចំណេញ​សម្រាប់​ផល​ប្រយោជន៍​ជាតិ​ទេ​។ ​លោក​ស្រី​ចាត់​ទុក​មេ​បញ្ជា​ការ​ភូមិ​ភាគ​២​ជា​​​ក្រុម​ប្រឆាំង​នឹង​លោក​ស្រី​។

​ក្រុម​អ្នក​តំណាង​រាស្ត្រ​ខាង​អភិ​រក្ស​និយម (ក្រុម​គាំទ្រ​យោធា និង​ព្រះ​រាជ​បល្ល័ង្គ) ចោទ​ប្រកាន់​ថា​លោក​ស្រី​ផែ​ថង​ថាន​បាន​ធ្វើ​ឱ្យ​​អាប់​ឱន​​មុខ​មាត់​របស់​កង​ទ័ព​។ ងាក​មក​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​របស់​តុលាការ​ម្ដង​វិញ​។ បើ​សិន​តុលាការ​សម្រេច​ដក​តំណែង​របស់​លោក​ស្រី​ផែ​ថង​ថាន​ជា​ស្ថា​ពរ​​ មាន​ន័យ​ថា​គ្រួសារ​ត្រកូល​ថាក់​ស៊ីន​ត្រូវ​គេ​ដក​តំណែង​អស់​បី​នាក់​ លោក​ថាក់​ស៊ីន និង​លោក​ស្រី​យីង​ឡាក់​ជា​ឪ​ពុក និង​ជា​​ម្ដាយ​មីង​ត្រូវ​​បាន​ដក​តំណែង​ដោយ​រដ្ឋ​ប្រហារ​។ ចំណែក​លោក​ស្រី​ផែ​ថង​ថាន​ដក​តំណែង​ដោយ​អំណាច​តុលាការ​។​

រយៈ​ពេល​២​ទស​វត្ស​ចុង​ក្រោយ​នេះ​ នយោបាយ​ថៃ​ត្រូវ​គ្រប​ដណ្ដប់​ដោយ​ការ​ប្រជែង​គ្នា​រវាង​ក្រុម​អ្នក​អភិរក្ស​និយម​ដែល​ប្រមូល​ផ្ដុំ​ដោយ​ក្រុម​អ្នក​គាំទ្រ​យោធា​ និង​ព្រះ​រាជ​បល្ល័ង្គ​ទល់​នឹង​ក្រុម​ប្រជា​និយម​ (​ឆ្វេង​និយម) ដែល​មាន​លោក​ថាក់​ស៊ីន​ជា​ជំហរ​ធំ​ជាង​គេ​។ ក្រុម​ខាង​ស្ដាំ​យល់​ថា​ក្រុម​លោក​ថាក់​ស៊ីន​ជា​គ្រោះ​គំរាម​កំហែង​ដ៏​ធំ​ចំពោះ​សណ្ដាប់​ធ្នាប់​សង្គម​នៅ​ប្រទេស​ថៃ​។​

​មិន​​ត្រឹម​តែ​កូន​ស្រី​របស់​លោក​ថាក់​ស៊ីន​ប៉ុណ្ណោះ​ទេ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ សូម្បី​តែ​លោក​ថាក់​ស៊ីន​ខ្លួន​ឯង​ក៏​មាន​បញ្ហា​ដូច​គ្នា​។ សព្វ​ថ្ងៃ​នេះ លោក​កំពុង​ជាប់​បណ្ដឹង​នៅ​តុលា​ការ​ពាក់​ព័ន្ធ​នឹង​ការ​​ប្រមាថ​​ព្រះ​មហា​ក្សត្រ​។ តុលាការ​ត្រៀម​ចេញ​សេចក្ដី​សម្រេច​ទៅ​លើ​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ទី​២២​ ខែ​សីហា​។ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​កាល​ពី​ខែ​កក្កដា លោក​ថាក់​ស៊ីន​អះ​អាង​​ថា​បើ​លោក​ស្រី​ផែ​ថង​ថាន​ត្រូវ​តុលាការ​ដក​តំណែង​មែន​ ជម្រើស​គឺ​មាន​តែ​វិល​ទៅ​រស់​នៅ​ជា​ប្រជា​ជន​ធម្មតា​ និង​​បំពេញ​តួនាទី​ជា​ម្ដាយ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ