ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំសន្យាថាទឹកដីអ៊ុយក្រែនដែលកងទ័ពរុស្ស៊ីកំពុងកាន់កាប់២០%នោះលោកនឹងខិតខំទាមទារឱ្យបានខ្លះត្រឡប់មកវិញ, មិនអាចបណ្ដោយឱ្យដៃទទេនោះឡើយ។ លោកថ្លែងដូច្នេះត្រឹមតែ២ថ្ងៃប៉ុណ្ណោះមុនគម្រោងជួបគ្នាកម្រិតកំពូលជាមួយលោកពូទីននៅរដ្ឋអាឡាស់ស្កា។ លោកថ្លែងបន្តទៀតថារុស្ស៊ីកាន់កាប់ទឹកដីរបស់អ៊ុយក្រែនច្រើនណាស់ ហើយកាន់កាប់សុទ្ធតែតំបន់ល្អៗថែមទៀត។ យើងនឹងព្យាយាមទាមទារដី១ចំណែកណាមួយត្រឡប់មកឱ្យអ៊ុយក្រែនវិញ។
ពាក់ព័ន្ធនឹងគម្រោងជួបគ្នានោះ ត្រាំថ្លែងថាបន្ទាប់ពីសន្ទនាគ្នាត្រឹមតែ២នាទីប៉ុណ្ណោះ លោកអាចនឹងស្ទង់ដឹងភ្លាមថាតើការចរចាគ្នាអាចនឹងទៅមុខឬអត់។ លោកចាត់ទុកគម្រោងជួបគ្នាលើកនេះជាការស្ទង់ចិត្ត និងសិក្សាស្វែងយល់គ្នាទៅវិញទៅមកដើម្បីជំរុញឱ្យលោកពូទីនបញ្ចប់សង្គ្រាម។ លោកអាចប្រមើលឃើញថាការជួបគ្នានោះគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ។
ជាថ្មីម្ដងទៀត ត្រាំយល់ថារុស្ស៊ី និងអ៊ុយក្រែនប្រហែលជាត្រូវដូរទឹកដីគ្នាខ្លះដើម្បីជាថ្នូរនឹងការបញ្ចប់សង្គ្រាម។ នេះមិនមែនជាលើកទីមួយទេដែលត្រាំប្រើពាក្យដូរដី។ ចំពោះរុស្ស៊ីបើគេកាត់ទឹកអ៊ុយក្រែនទៅឱ្យខ្លួន ប្រហែលជាខ្លួនមិនជំទាស់ទេ។ ប៉ុន្តែបើឱ្យរុស្ស៊ីកាត់ទឹកដីទៅឱ្យអ៊ុយក្រែនវិញមិនដឹងថាតើរុស្ស៊ីយល់ព្រមឬអត់។ រុស្ស៊ីអាចនឹងលើកហេតុផលប្រជាជនខ្លួនមិនយល់ព្រម។ អ៊ុយក្រែនក៏ដូចគ្នា។ ថ្មីៗនេះ ហ្សេឡិនស្គីថាលោកគ្មានសិទ្ធិកាត់ទឹកដីរបស់ខ្លួនទេព្រោះផ្ទុយពីរដ្ឋធម្មនុញ្ញ។
លោកត្រាំថាគាត់នឹងធ្វើបច្ចុប្បន្នភាពអំពីសភាពការណ៍វិវត្តថ្មីៗប្រាប់ទៅថ្នាក់ដឹកនាំអឺរ៉ុបបើសិនក្រោយកិច្ចជំនួបកំពូលនោះលោកពូទីនដាក់ចេញសំណើដែលលោកយល់ថាមានភាពសមហេតុផលអាចទទួលយកបាន។ លោកនឹងពាំនាំលទ្ធផលនៃកិច្ចជំនួបនោះទៅជម្រាបជូនលោកហ្សេឡិនស្គីមុន។ លោកព្យាករថាអាចនឹងមានសេណារីយោ២ក្រោយជំនួបកំពូលនោះ។ អាចនឹងមានកិច្ចព្រមព្រៀងអ្វីមួយ ឬអាចនឹងធ្វើសង្គ្រាមជាបន្តទៀត។
លោកថាលោកហ្សេឡិនស្គីនឹងមានមុខនៅក្នុងជំនួបកំពូលលើកក្រោយជាលក្ខណៈជួបគ្នាត្រីភាគី។ អនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រីខាចា ខាឡាស់ (Kaja Kallas) ថ្លែងថាលោកពូទីនចង់ប្រើស្នៀតចាស់របស់គាត់ជាបន្តទៀតនៅក្នុងគម្រោងជួបគ្នាជាមួយលោកត្រាំ។ នោះគឺយុទ្ធសាស្ត្រពុះចែកទឹកដី និងការពង្រីកឥទ្ធិពល។ ខាងលើនេះជាការដកស្រង់ប្រភពពីប៊ីប៊ីស៊ី៕
ចែករំលែកព័តមាននេះ