ខេត្តសៀមរាប៖ កូនពូជត្រីប្រមាណជិត៥ម៉ឺនក្បាល ត្រូវបាននៅបឹងបង្កោង ដើម្បីបង្កើនផលត្រីក្នុងធនធានធម្មជាតិ នៅខេត្តសៀមរាប។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយរបស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវកូនពូជត្រីមួយចំនួនមានដូចជា ត្រីព្រលូង ត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីក្រាញ់ និងត្រីរ៉ស់ ដើម្បីលែងចូលនៅបឹងបង្កោង ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ពិធីនោះក៏មានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសៀមរាប លោកនាយខណ្ឌរដ្ឋបាលជលផល លោកអភិបាលស្រុកប្រាសាទបាគង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលសរុបអ្នកចូលរួមប្រមាណ ២០០នាក់។
ពិធីលែងកូនពូជត្រីនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងបំផុស ស្មារតីឱ្យប្រជាពលរដ្ឋចូលរួមអភិរក្ស ការពារ និងបង្កើនផលត្រីក្នុងធនធានធម្មជាតិ។
សូមបញ្ជាក់ជូនដែរថា កូនពូជត្រីដែលបានលែងចូលក្នុងបឹងបង្កោង ខេត្តសៀមរាប សរុបមានចំនួន ៤៥.៥០០ ក្បាល ក្នុងនោះមាន៖ត្រីព្រលូងចំនួន ៧.០០០ក្បាល ត្រីឆ្ពិនចំនួន ១២.០០០ក្បាល ត្រីប្រាចំនួន ៥.០០០ក្បាល ត្រីអណ្ដែងទន់ចំនួន ៥.០០០ក្បាល ត្រីក្រាញ់ចំនួន ៥.០០០ក្បាល ត្រីរ៉ស់ចំនួន ១១.៥០០ក្បាល៕
ចែករំលែកព័តមាននេះ