ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈប្រមូលម្តុំគ្នាលេងល្បែងស៊ីសងបញ្ជល់មាន់ក្នុងចម្ការស្វាយមួយកន្លែង ដែលលួចបើកជាយូរមកហើយនោះបាន១០នាក់ ឯច្រើននាក់ផ្សេងទៀតបានរត់បាតជើងសព្រាត ។
ការឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់ និងឃាត់ខ្លួនក្រុមអ្នកញៀនល្បែង បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចចម្ការស្វាយមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ក្រុមអ្នកញៀនល្បែងខុសច្បាប់(មាន់ជល់) ឃាត់ខ្លួនចំនួន១០នាក់នេះមាន ៖
១-ឈ្មោះ គុយ ប្រុសបុត្រ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ។
២-ឈ្មោះ រឿន ភារៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
៣-ឈ្មោះ មួង សុខលីន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិដីឡ ឃុំធម្មតាអរ ស្រុកសំរោងទង ។
៤-ឈ្មោះ បាំង នី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច ។
៥-ឈ្មោះ ឡៃ ប្រុស ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងស្ដុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ។
៦-ឈ្មោះ យូ សារិន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ។
៧-ឈ្មោះ ជួយ រតនា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ។
៨-ឈ្មោះ មាស ជួន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ។
៩-ឈ្មោះ ឈួន មុំ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ។
និង១០-ឈ្មោះ ទូច ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទីផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តថា នៅមុនពេលឈានទៅដល់ធ្វើការបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើនេះ បន្ទាប់ពីមានបទបញ្ជារបស់ថ្នាក់ដឹកនាំកំពូល ហើយកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ ទើបឈានទៅបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើ និងឃាត់អ្នកញៀនល្បែងចំនួន១០នាក់ ច្រើននាក់ផ្សេងទៀតបានរត់បាតជើងសព្រាត ។ ក្រោយឃាត់ក្រុមអ្នកញៀនល្បែងខាងលើ ដកហូតវត្ថុតាង មាន់ជល់៣ក្បាល(ងាប់១ក្បាល) ម៉ូតួ៦គ្រឿង ទូរសព្ទ័ដៃ៨គ្រឿង លុយខ្មែរ១លានរៀល និងស្កុតរុំខ្នាយមាន់មួយចំនួនផងដែរ ។
ប្រជាពលរដ្ឋរស់នៅម្តុំកន្លែងសង្វៀនបញ្ជល់មាន់ខាងលើខ្សឹបប្រាប់ថា ទីតាំងលួចជល់មាន់នេះ បើកលេងយូរមកហើយ មិនដែលឃើញមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ គេមិនដឹងថា ម្ចាស់សង្វៀនមានខ្នងបង្អែកធំប៉ុណ្ណានៅពីក្រោយខ្នងនោះទេ ។ ទីតាំងលេងនេះ គេបានបើកចល័តមិនក្រោម៣ទៅ៤កន្លែងនោះទេ នៅក្នុងឃុំយាយម៉ៅពេជ្រនិល ឃុំត្រែងត្រយឹង នៃស្រុកភ្នំស្រួចនេះ ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង១០នាក់ រួមជាមួយវត្ថុតាងខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ