ខេត្តក្រចេះ៖ ឱកាសការងារជាង ៥ពាន់កន្លែង រង់ចាំស្វាគមន៍ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តក្រចេះ។
យោតាមក្រសួងការងារ បានឱ្យដឹងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះថា លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអ្នកពាក់ព័ន្ធ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាសការងារជាង ៥ពាន់កន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
ក្នុងឱកាសចុះផ្សព្វផ្សាយនោះ ក៏មានការចូលរួមពីតំណាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន តំណាងបេឡាជាតិសន្តិសុខសង្គមខេត្តក្រចេះ និងមន្រ្តីក្រោមឱវាទរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅវត្តជួរក្រូច ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រុមការងាររបស់ក្រសួងក៏បានផ្សព្វផ្សាយអំពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ដល់អ្នកចូលរួមចំនួន ២៦១នាក់។ ទន្ទឹមគ្នានោះ ប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរចំនួន ៥០នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្មជាង ៥ពាន់កន្លែងផងដែរ៕
ចែករំលែកព័តមាននេះ