ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូប​មី​ឆា​​ជំពាក់​លុយ​ អ្នក​លក់​​ទារ​​បែរជា​វាយ​បែក​កញ្ចប់​មាត់​ផ្អើល​​ទាំង​យប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១១ កក្កដា នៅ​តាម​បណ្ដោយវិថី​ព្រះ​មុនី​រ៉េ​ត ទល់មុខ​មន្ទីរ​ពហុ​ព្យា​បាល​វិសាល​​សុខ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​​គោក មាន​ករណី​វាយតប់​គ្នា​រវាង​អ្នក​ហូប​មីឆា​និង​អ្នកលក់​មីឆា បណ្ដាល​ឱ្យ​អ្នកលក់​បែក​កញ្ចប់មាត់ និង​អ្នក​ហូប​មីឆា​បែកក្បាល។ ករណី​នេះ​បាន​ប​ង្ក​

រាជធានីភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១១ កក្កដា នៅ​តាម​បណ្ដោយវិថី​ព្រះ​មុនី​រ៉េ​ត ទល់មុខ​មន្ទីរ​ពហុ​ព្យា​បាល​វិសាល​​សុខ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​​គោក មាន​ករណី​វាយតប់​គ្នា​រវាង​អ្នក​ហូប​មីឆា​និង​អ្នកលក់​មីឆា បណ្ដាល​ឱ្យ​អ្នកលក់​បែក​កញ្ចប់មាត់ និង​អ្នក​ហូប​មីឆា​បែកក្បាល។ ករណី​នេះ​បាន​ប​ង្ក​ឱ្យ​​មនុស្ស​ផ្អើល​ចោមរោម​មើល​កក កុញ​ទាំង​កណ្ដាល​យប់ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​វេលា​​ម៉ោង​ជាង​​១០​យប់​​នោះ​ឈ្មោះ​សុខា ទិ​ត​យិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បាន​ឌុ​ប​ប្អូនប្រុស​ឈ្មោះ​កែម សុខ​ចិន អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣​នៅ​សាកល​វិទ្យា​ល័យ​បញ្ញា​ជាតិ​ មាន​ទី​លំនៅ​ផ្ទះ​លេខ​១១៣Eo ក្រុម​ទី​១៥ វិថី​ព្រះ​មុនី​រ៉េ​ត សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក មក​អង្គុយ​ហូប​​មីឆា​សាច់​គោ​​ដែល​ឈ្មោះ​ម៉េង ​ហៀប ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​​លក់​នៅ​តាម​ចិញ្ចើម​​វិថី​ព្រះ​មុនី​​រ៉េត ​ទល់​មុខ​មន្ទីរ​ពហុ​ព្យា​បាល​វិសាល​សុខ។ ខណៈ​ពេល​អង្គុយ​ហូប​ និង​ហៅ​អ្នកលក់​មី​យក​លុយ​បម្រុង​ចេញ​ទៅ​ផ្ទះ ស្រាប់​តែ​​ឈ្មោះ​គឹ​ម ឡៃ​ម៉េ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកលក់​មីឆា​នៅ​​តាម​មហា​វិថី​ម៉ៅ​សេ​ទុង​ជិត​ផ្សារ​ដើម​គ ដែល​​ជិះ​ម៉ូតូ​មក​ទិញ​ដើម​ខាត់ណា​នៅ​ផ្សារ​ដើម​គ ​ក៏​ជិះ​ម៉ូតូ​បង្ហួស​មក​មើល​កន្លែង​លក់​របស់​ម៉េ​ង ហៀ​ប ដែល​ជា​ប្អូនថ្លៃ។

ប្រភពដដែល​បាន​បន្ត​ទៀតថា ពេល​មក​ដល់​កន្លែង​លក់​របស់​ប្អូនថ្លៃ​ឈ្មោះ​ម៉េ​ង ហៀ​ប ក៏​ឃើញ​ឈ្មោះ​សុខា ទិ​ត​យិ​ន ដែល​ជា​ម៉ូយ​ចាស់​និង​ជំពាក់​លុយ​ថ្លៃ​មីឆា​៤​​ចាន​ជាង​មួយ​ខែ​មក​ហើយ​នោះ​កំពុង​អង្គុយ​ហូប​ក៏ដើរទៅប្រាប់​ថា បង​នៅ​ខ្វះ​ថ្លៃ​មីឆា​ខ្ញុំ​៤​ចាន​មិន​ទាន់​សង។ ពេល​នោះ​ឈ្មោះ​សុខា ទិ​ត​យិ​ន ហាក់ដូចជា​នឹក​​ឃើញ​ក៏​សួរ​វិញ​ថា ៤​ចាន​​​ថ្លៃ​ប៉ុន្មាន? ឯ​​ឈ្មោះ​គឹ​ម ឡៃ​ម៉េ​ង ឆ្លើយ​ថា ដោយ​សារ​បង​ជា​ម៉ូយ​យូរ​ហើយ​​គិត​តម្លៃ​១​ចាន​៥.៥០០​រៀល សរុប​ទាំង​អស់​​២២.០០០​រៀល។ ភ្លាម​នោះ​ឈ្មោះ​សុខា ទិត​​យិ​ន ក៏​ហុច​លុយ​២៥.០០០​​រៀល​ឱ្យ ហើយ​អាប់​ឱ្យ​៣.០០០​រៀល​វិញ។ លុះ​ទទួលយក​លុយ​អាប់​ហើយ ​ឈ្មោះ​សុខា ទិ​ត​យិ​ន សម្ដែង​អាកា​រ​ដូច​ស្រវឹង​ជោក និង​​ខឹង​ទាំង​កំរោល​យកដៃ​ចង្អុល​មុខ​អ្នក​ទារ​លុយ ឯអ្នក​ទារ​លុយ​ក៏​តប​វិញ​ថា បានជា​ខ្ញុំ​ទារ​លុយ ដោយ​សារ​​បង​ជំពាក់​ជាង​មួយ​ខែ​ហើយ ថែម​ទាំង​មិន​ដែល​ទៅ​ហូប​កន្លែង​ខ្ញុំទៀត បែរជា​​មក​ហូប​នៅ​​កន្លែង​ផ្សេង​វិញ ។

ខណៈឮ​អ្នកលក់​មីឆា​និយាយ​ដូច្នេះ​ ឈ្មោះ​សុខា ទិ​ត​យិ​ន ក៏​ស្ទុះ​ទៅ​វាយ​អ្នកលក់​មីឆា​​ដែល ទារ​លុយ​មួយ​ដៃ​បែក​កញ្ចប់មាត់ ហើយ​រករឿង​ឈ្លោះប្រកែក​គ្នា​ផ្អើល​មនុស្ស​ចោមរោម​មើល​ណែនណាន់តាន់​តាប់​​តែ​ម្ដង ។ ខណៈឃើញ​មាន​ការ​វាយតប់​គ្នា​ដូច្នេះ​ អ្នក​លក់​មីឆា​នៅ​កន្លែង​កើត​ហេតុ​ក៏​ជួយ​វាយ​ទៅ​លើ​អ្នក​ហូប​មីឆា​វិញ​ ចំណែក​​ប្អូនប្រុស​រ​បស់​​សុខា ទិ​ត​យិ​ន ឈ្មោះ​កែម សុខ​ចិន ក៏​ចូល​ទៅ​ជួយ​វាយ​បង​ប្រុស​ដែរ និង​​រង​របួស​បែកក្បាល​ហូរ​ឈាម។ ក្នុង​ពេល​នោះ​ឈ្មោះ​កែម សុខ​ចិន បាន​ចោទ​ថា ​អ្នកលក់​មីឆា​យក​កាំបិត​កាប់ ចំណែក​ភាគី​ខាង​លក់​មីឆា​អះ​អាង​ថា យុវ​ជន​រូប​នេះ​ចូល​មក​ប្រវាយ​ប្រតប់​ប៉ះ​កែវ​លើ​តុ​មុត​និង​ដួល​ដោយ​ខ្លួនឯង ។

ភ្លាម​ៗ​នោះ​ មានការ​ផ្អើល​ឆោឡោ​ដល់​សមត្ថ​កិច្ច​ប៉ុស្ដិ៍​ផ្សារ​ដើម​គ​ចុះ​ទៅ​ធ្វើ​អន្ដរាគមន៍​​ ដោយ​​នាំ​ភាគី​ទាំង​ពីរ​ទៅ​កាន់​ប៉ុស្ដិ៍​រដ្ឋ​បាល​​ផ្សារ​ដើម​គ​​​ កុំឱ្យ​បង្ក​ភាព​អនាធិប​តេយ្យ​កណ្ដាល​ផ្លូវ​សាធារណៈ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​​ ប៉ុន្ដែ​ភាគី​ខាង​អ្នក​ហូប​មីឆា​មិន​ព្រម​ស្ដាប់​ការ​សម្រប​សម្រួល​​នោះ​ទេ ទើប​លោក​អធិការរង​ខណ្ឌទួល​គោក​​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ យក​រថយន្ដ​ទៅ​ដឹក​ភាគី​ទាំង​សងខាង​ទៅ​អធិការ​ដ្ឋាន​​ខណ្ឌ។ ​មិន​ដឹង​ថា ​មាន​ការ​ដោះ​ស្រាយ​​វិវាទ​គ្នា​​នេះ​ដោយ​វិធី​ណា​​ទេ ​​ហើយ​ព័ត៌​មាន​នេះ​​គ្រាន់​​តែ​ចង់​បង្ហាញ​ថា រឿង​​តូច​តាច​សោះ​បង្ក​ឱ្យ​​ទៅជា​រឿង​ធំ​ដោយ​សារ​​ទោសៈ​ មោហៈ ឬ​ថា​ខឹង​ខុស ​ខឹង​ខូច ​ខឹង​ខាត​៕