ទីក្រុងរ៉ង់ហ្គូន៖ របបសឹកមីយ៉ាន់ម៉ាប្រកាសបិទបញ្ចប់ការដាក់ប្រទេសជាតិនៅក្នុងគ្រាអាសន្នចាប់ពីថ្ងៃនេះតទៅដើម្បីរៀបចំការបោះឆ្នោតនាខែធ្នូ ឆ្នាំ២០២៥។ ពោលគឺជាង៤ឆ្នាំបន្ទាប់ពីមានរដ្ឋប្រហារឆ្នាំ២០២១។ ការសម្រេចចិត្តដែលប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយរបស់យោធាមីយ៉ាន់ម៉ាធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំសម្ងាត់នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ។
យោងតាមរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាដែលអនុម័តឆ្នាំ២០០៨ មុននឹងឈានដល់ការបោះឆ្នោតត្រូវតែបិទបញ្ចប់ជាមុនសិននូវការដាក់ប្រទេសជាតិនៅក្នុងស្ថានភាពអាសន្ន។ អ្នកនាំពាក្យរបបសឹក លោកហ្សាមីនទុន(Zaw Min Tun) ថ្លែងថាដើម្បីឱ្យប្រទេសជាតិរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ យើងសម្រេចចិត្តបិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នតែត្រឹមនេះ។
ប្រមុខយោធាមីយ៉ាន់ម៉ា លោកមីនអុងឡាំង ប្រកាសបង្កើត «គណៈកម្មាធិការជាតិការពារសន្តិសុខ និងសន្តិភាព» ដែលមានសមាជិកដប់រូប។ លោកក៏បានបង្កើត «រដ្ឋាភិបាលសហភាព» និងតែងតាំងជំនួយការរបស់គាត់គឺលោកនីយ៉ូសាវ (Nyo Saw) ជានាយករដ្ឋមន្ត្រី។ រដ្ឋាភិបាលនេះមានសមាជិក៣០រូប។ ចំណាត់ការនេះធ្វើឡើងចំពេលដែលរបបសឹកកំពុងមានបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ។ ចំណែកក្រុមប្រឆាំងប្រដាប់អាវុធនៅក្នុងព្រៃក៏នៅតែបន្តវាយប្រហារឥតឈប់ឈរ។
កាលពីខែមករា របបសឹកប្រកាសដាក់ប្រទេសជាតិនៅក្នុងគ្រាអាសន្នរយៈពេល៦ខែរហូតដល់ថ្ងៃទី៣១ ខែកក្កដាក្រោមហេតុផលថាប្រទេសជាតិមានស្ថិរភាពជាមុនសិនមុននឹងឈានដល់ការបោះឆ្នោតដែលរបបសឹកអះអាងថានឹងមានលក្ខណៈសេរី និងយុត្តិធម៌ជាងការបោះឆ្នោតចុងឆ្នាំ២០២០។ លោកមីនអុងឡាំងដោយសារសម្លឹងឃើញថាលោកត្រាំជាមេដឹកនាំដែលមិនប្រកាន់អំពីលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សទេ។ ទោះបីមេដឹកនាំធុនណាក៏លោកអាចរាប់អានជាមួយបានដែរ។
នៅខែកក្កដានេះ លោកបានសរសេរលិខិត១ច្បាប់ផ្ញើជូនលោកត្រាំ។ លោកអះអាងថាការបោះឆ្នោតឆ្នាំ២០២០ដែលបង្ហាញថាគណបក្សរបស់លោកស្រីស៊ូជីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនោះតាមពិតឈ្នះដោយសារការបន្លំសន្លឹកឆ្នោត។ ដោយសារបញ្ហានេះហើយទើបបានជាលោកធ្វើរដ្ឋប្រហារ។ នៅក្នុងលិខិតនោះ លោកមីនអុងឡាំងប្រៀបប្រដូចការបោះឆ្នោតនោះមិនខុសពីការបោះឆ្នោតនៅអាមេរិកឆ្នាំ២០២០នោះទេ។ លោកមីនអុងឡាំងបានភ្ជាប់ខ្លួនលោកទៅលោកត្រាំប្រៀបបាននឹងមនុស្សជួបគ្រោះដូចគ្នា។
នៅសប្ដាហ៍នេះ របបសឹកបានអនុម័តច្បាប់មួយដែលរៀបចំឡើងដើម្បីការពារដំណើរការនៃការបោះឆ្នោតទប់ទល់នឹងអំពើវិទ្ធង្សនា (ឬការបង្កភាពវឹកវរដល់សង្គមជាតិ)។ អ្នកល្មើសនឹងច្បាប់នេះអាចមានទោសប្រហារជីវិត។ ជាពិសេស បើពួកគេហ៊ានរំខានការបោះឆ្នោត។ តាមពិត ការបិទបញ្ចប់ការដាក់ប្រទេសនៅក្នុងគ្រាអាសន្នត្រូវលោកមីនអុងឡាំងបង្ហើបឱ្យដឹងជាបណ្ដើរៗតាំងពីម្សិលមិញមកម៉្លេះ។
លោកថ្លែងថាបើនៅក្នុងទំព័រទី២ (ពាក់កណ្ដាលទី២នៃឆ្នាំ២០២៥) យើងសរសេរបានល្អ ពីរោះពិសា និងប្រកបដោយសុចរិតភាពដោយផ្ទាល់ដៃរបស់យើង ហើយអនុវត្តបានជោគជ័យ ពេលនោះលោកមានជំនឿថាទោះបីមានឧបសគ្គអ្វីមករារាំងក៏យើងអាចជម្នះបានទាំងអស់។ លោកថ្លែងដូច្នេះនៅក្នុងពិធីមួយរៀបចំនៅរដ្ឋធានីណៃពិដោរ និងផ្សព្វផ្សាយដោយសារព័ត៌មានរបស់រដ្ឋ៕
ចែករំលែកព័តមាននេះ