រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រទេសមានសង្គ្រាមពីការឈ្លានពានពីថៃនោះ បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឱ្យបានឆាប់ជាទីបំផុត។
ការលើកឡើងរបស់សម្តេចបវរធិបតី បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ធ្វើរវាងថៃនិងកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី ។ សម្តេចបវរធិបតីបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥ ថា សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់ តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ។
សម្តេចបានលើកឡើងថា ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង៥ថ្ងៃនេះ ដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន មានម្នាក់ទៀតឱ្យយោបល់ថា ខ្ញុំគួរលាបសក់កុំឱ្យមើលទៅចាស់ពេក។ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ។
សម្តេចបានគូសបញ្ជាក់ថា៖អារម្មណ៍របស់ខ្ញុំទាំងអស់នៅអំឡុងពេលនេះ គឺនៅជាប់ជាមួយនឹងកិច្ចការធំៗមួយចំនួន ÷ តាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រដល់កងកម្លាំងរបស់យើងដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី, រៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខរបស់បងប្អូនជនភាសសឹករាប់សែននាក់, ដោះស្រាយបញ្ហាពលករដែលត្រឡប់មកវិញជាគំហុកពីប្រទេសថៃ។ល។
សម្តេចបានលើកឡើងទៀតថា៖”បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឱ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឱ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជានភៀសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ”។
សម្តេចបានបន្ថែមថា ក្នុងស្ថានភាពប្រទេសជាតិ និងប្រជាជនកំពុងជួបការលំបាកបែបនេះ រូបខ្ញុំមើលទៅចាស់បន្តិចដោយសារសក់ស្កូវមិនអីទេ។ ហើយបើទោះបីជាមើលទៅចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្តក្នុងការប្រឈមដោះស្រាយបញ្ហា ចំពោះមុខទាំងអស់គឺនៅតែខ្លាំងដដែល។
សម្តេចក៏បានបានលើកឡើងបែបលេងសើចថាចាំដោះស្រាយបញ្ហាទាំងអស់នោះបានចប់ ហើយកងទ័ពនិងប្រជាជនបានសេចក្តីសុខ ប្រទេសជាតិបានទទួលនូវសុខសន្តិភាពវិញសិន ចាំលាបសក់ក៏មិនអីដែរ ៕
ចែករំលែកព័តមាននេះ