ខេត្តកំពង់ចាម៖ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ណែនាំដល់ជនភៀសសឹក ត្រូវថែទាំសុខភាពឱ្យបានល្អ ក្នុងករណីមានបញ្ហាឈឺស្កាត់ ឬត្រូវការសេវាពិនិត្យសុខភាពអាចទាក់ទងក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានដែលប្រចាំការ នឹងចាំជួយបងប្អូនគ្រប់ពេល។
ការថ្លែងនេះរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ នាឱកាសបានអញ្ជើញជួប សំណេះសំណាល និងនាំយកអំណោយផ្តល់ជូនជនភៀសសឹក ចំនួន ៦៩គ្រួសារ ស្មើ ២២៦នាក់ ដែលបានជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ មកស្នាក់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋ ជនភៀសសឹកទាំងអស់ដែលមានកូនកំពុងសិក្សារៀនសូត្រ អាចយកទៅផ្ញើសាលារៀនដែលនៅជិតមូលដ្ឋានរបស់បងប្អូនស្នាក់នៅ ដើម្បីបន្តការសិក្សាជាបណ្ដោះអាសន្ន រហូតដល់ពេលការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃនៅតាមបន្ទាត់ព្រំដែនត្រូវបានបញ្ចប់។
ក្នុងគ្រានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថាការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក៕
ចែករំលែកព័តមាននេះ