រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃមកនេះ ទោះបីជាសម្ដេច មិនបានសម្រាយ៉ាងណាក្តី ក៏សម្ដេចនៅតែអង្គុយចាំផ្តល់យុទ្ធវិធី និងកម្លាំងចិត្តប្រកបដោយថាមពល និងភាពមុតស្រួចដល់វីរកងទ័ព ។
តាមការលើកឡើងរបស់អ្នកនាំពាក្យ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បន្ទាប់ពីទាហានថៃ បានធ្វើការវាយប្រហារដោយអាវុធគ្រប់ធន់ មកលើកងទ័ពរបស់កម្ពុជា រាប់ចាប់តាំងពីថ្ងៃទី២៤ កក្កដា ក្នុងគោលបំណងឈ្លានពាន ដែនអធិបតេយ្យកម្ពុជា ។
លោក ជា ធីរិទ្ធិ អ្នកនាំពាក្យសម្តេចតេជោ បានឲ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ថា ៖ ថ្ងៃទី៣ នៃសត្រូវឈ្លានពាន តេជោ សែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្ត្រយោធា ដល់សម្តេចធិបតី និងបណ្តាមេទ័ព ដើម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព ។
អ្នកនាំពាក្យបានបញ្ជាក់ថា ៖ “ទោះបីរយៈពេល ៣ថ្ងៃមកនេះ សម្តេចមិនសូវបានសម្រាក តែលោកនៅតែអាចអង្គុយចាំផ្តល់យុទ្ធវិធី និងកម្លាំងចិត្តប្រកបដោយថាមពល និងភាពមុតស្រួចដល់វីរកងទ័ពរបស់យើង។ ស្មារតី តេជោ សែន នៅជាមួយអ្នកប្រយុទ្ធរបស់យើងគ្រប់ពេល” ។
ឯកឧត្តម អ្នកនាំពាក្យ បានលើកឡើងថា រដ្ឋបុរស ដែលបានឆ្លងកាត់សមរភូមិស្ទើរតែ៤ភាគ៥ នៃជីវិតរូបនេះលើកឡើងថា សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង ៕
ចែករំលែកព័តមាននេះ