ទីក្រុងបាងកក៖ ប្រទេសថៃកំពុងបារម្ភថារលកយក្សស៊ូណាមីអាចនឹងវាយប្រហារតំបន់មាត់សមុទ្ររបស់ខ្លួន។ ការព្រួយបារម្ភនេះកើតមានបន្ទាប់ពីលេចឮដំណឹងថាមានចលនាបំណាក់ស្រុតបាតសមុទ្រដោយសារការរញ្ជួយដីនៅសមុទ្រម៉ានីឡា ប្រទេសហ្វ៊ីលីពីន។ នាយកដ្ឋានឧតុនិយមថៃព្រមានថារលកយក្សស៊ូណាមីមិនអាចមើលស្រាលបានទេ ហើយអាចនឹងកើតមានដោយសារចលនាបំណាកស្រុកក្រោយរញ្ជួយដីនៅបាតសមុទ្រហ្វ៊ីលីពីន។ បាតុភូតនេះនឹងប៉ះពាល់ឈូងសមុទ្រថៃ។
នាយកដ្ឋានឧតុនិយមចំណុះឱ្យ «ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម» កំពុងតាមដានបញ្ហានេះដោយយកចិត្តទុកដាក់ក្រែងលោមានគ្រោះរញ្ជួយដីទ្រង់ទ្រាយធំ។ បើដូច្នេះមែន រលកយក្សស៊ូណាមីមុខតែវាយប្រហារប្រទេសថៃជាមិនខាន។ នៅក្នុងអារម្មណ៍របស់ថៃនៅតែនឹកភ្នកទៅរកបាតុភូតនេះជានិច្ចព្រោះខ្លួនធ្លាប់ហែលឆ្លងព្រឹត្តិការណ៍នេះកាលពីចុងឆ្នាំ២០០៤។
នាយកដ្ឋានខាងលើយល់ថាបញ្ហានេះបើកើតមានគឺមាននៅតំបន់ភាគខាងត្បូង និងភាគខាងកើត។ ជាពិសេសតំបន់ជាប់ឈូងសមុទ្រថៃមុខជារងការវាយប្រហារខ្លាំង។ ដូច្នេះ នាយកដ្ឋានបានចេញសេចក្ដីប្រកាសតាមរយៈ «មជ្ឈមណ្ឌលប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ថៃ» ដើម្បីរំលេចឱ្យឃើញលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមីនៅថៃបើមានរញ្ជួយដីនៅបាតសមុទ្រហ្វ៊ីលីពីន។
តំបន់ទ្រនាប់ម៉ានីឡាស្ថិតនៅខាងលិចហ្វ៊ីលីពីន និងនៅក្នុងសមុទ្រចិនខាងត្បូង។ បើមានចលនាបំណាក់ស្រុតនៅទីនោះអាចបង្កជារលកយក្សស៊ូណាមីវាយប្រហារហ្វ៊ីលីពីនពេញទំហឹង។ ប៉ុន្តែវាអាចនឹងខ្សោយកម្លាំងបន្តិចនៅពេលទៅដល់ប្រទេសថៃ។ រលកយក្សអាចនឹងវាយលុកចូលឈូងសមុទ្រថៃ។ ចម្ងាយពីទីនោះទៅឈូងសមុទ្រថៃចន្លោះពី១៣០០-១៥០០គីឡូម៉ែត្រ។ ដូច្នេះ ទម្រាំធ្វើដំណើរពីសមុទ្រហ្វ៊ីលីពីនរហូតដល់សមុទ្រថៃ រលកយក្សត្រូវការពេលពី១ម៉ោងកន្លះទៅ២ម៉ោង។
ចលនារំញ័រនៃការរញ្ជួយដីអាចនឹងឱ្យសញ្ញាជាបណ្ដើរៗទៅប្រទេសថៃភាគខាងត្បូង និងខាងកើត ហើយអាចនឹងចាប់ផ្ដើមកញ្ជ្រោលជារលកយក្សស៊ូណាមីចាប់ពីកម្រិតមធ្យមទៅខ្លាំង។ ជាពិសេស តំបន់ជាប់ឈូងសមុទ្រថៃអាចនឹងរងឥទ្ធិពលនេះ។ នៅក្នុងចំណោមខេត្តមាត់សមុទ្រដែលប្រឈមនឹងរលកយក្សស៊ូណាមីមានដូចជាឈុនបុរី, សមុទ្រប្រាកាន, ត្រាត និងរ៉ាក់យ៉ង។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានដឹណេសឹន (The Nation)៕
ចែករំលែកព័តមាននេះ