ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ប្រាប់​ប្រតិភូ AIMF ថា ថៃ​បង្កជម្លោះ​រហូត​ប្រើ​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​លើ​ប្រាសាទ​កម្ពុជា ជា​បេតិកភណ្ឌ​ពិភពលោក

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​លោក Frédéric VALLIER អគ្គ​ប្រតិភូ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​លោក Frédéric VALLIER អគ្គ​ប្រតិភូ នៃ​សមាគម​អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF ថា ជា​ការ​ហួសចិត្ត និង​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ប្រទេស​ថៃ មិន​គួរ​ប្រើ​យន្តហោះ​ចម្បាំង ទម្លាក់​គ្រាប់បែក បំផ្លិចបំផ្លាញ​ប្រាសាទព្រះវិហារ ដែល​បាន​ចុះបញ្ជី ជា​បេតិកភណ្ឌ​ពិភពលោក នោះ​ទេ ។

ការ​ថ្លែង​របស់​លោក ឃួ​ង ស្រេង ប្រាប់​ទៅ​លោក Frédéric VALLIER ធ្វើ​ឡើង​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

ឆ្លៀត​ក្នុង​ឱកាស នៃ​ជំនួប​នេះ​លោក ឃួ​ង ស្រេង បាន​ប្រាប់​លោក Frédéric VALLIER ថា ថៃ​មាន​ម​ហិ​ច្ច​តា ចង់បាន​ប្រាសាទ​នានា​របស់​កម្ពុជា មក​ធ្វើ​ជា​របស់​ខ្លួន ថៃ​បាន​បង្ក​ឱ្យ​មាន​ជម្លោះ នៅ​តាម​ព្រំដែន រហូត​បាញ់​មក​លើ​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាញ់​តប​វិញ ដើម្បី​ការពារ​បូរណៈភាព​ទឹកដី ពី​ចោរ​ឈ្លានពាន ។ ប្រទេស​កម្ពុជា មាន​សន្តិភាព​ពេញលេញ តែ​ត្រូវ​បាន​អ្នក​ជិតខាង​បង្ក​ជា​ជំ​លោះ ដែល​ជម្លោះ​នេះ គឺ​ដោយសារ​តែ​ភាគី​ថៃ មិន​គោរព​តាម​កិច្ចព្រមព្រៀង ដោយ​បាន​រំលោភ​បំពាន​បូរណភាព​ទឹកដី​កម្ពុជា រហូត​បង្ក​ឱ្យ​មានការ​ផ្ទុះអាវុធ ដាក់​គ្នា​កាលពី​ថ្ងៃ​ទី​២៤​ខែ​ក​ក្ដ​ដា លើស​ពី​នេះ​ភាគី​ថៃ បាន​ពង្រីក​បញ្ហា​ព្រំដែន​នេះ ឲ្យ​ប៉ះពាល់​ទៅ​ដល់​វិស័យ​ពាណិជ្ជកម្ម​ថែម​ទៀត តាម​រយៈ​ការ​បិទ​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។

លោក ឃួ​ង ស្រេង បញ្ជាក់​ថា អ្វី​ដែល​ជា​ការ​ហួសចិត្ត និង​នឹក​មិន​ស្មាន​ដល់​សោះ​នោះ គឺ​ប្រទេស​ថៃ ជា​អរិយៈ​ប្រទេស​គួរ​ឱ្យ​កត់សម្គាល់​មួយ​ដែរ មិន​គួរ​ដល់​ថ្នាក់ ប្រើ​យន្តហោះ​ចម្បាំង ទម្លាក់​គ្រាប់បែក​បំផ្លិចបំផ្លាញ​ប្រាសាទ ដែល​បាន​ចុះបញ្ជី ជា​បេតិកភណ្ឌ​ពិភពលោក​នោះ​ទេ​។ តាម​រយៈ​សកម្មភាព​ឈ្លានពាន របស់​ប្រទេស​ថៃ​នេះ លោក​សង្ឃឹមថា ប្រទេស​បារាំង និង​គាំទ្រ​កម្ពុជា ដោយ​ជំរុញ​ឱ្យ​ភាគី​ថៃ អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​បារាំង​-​សៀម ដែល​មាន​កន្លង​មក ជៀសវាង​ការ​ប្រើប្រាស់​ផែនទី ដែល​គូស​ដោយ​ឯកតោភាគី​។ ជុំវិញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន តាម​រយៈ​ការ​ប្ដឹង​ទៅ​ប្តឹង​ទៅ​តុលាការអន្តរជាតិ ICJ លោក ឃួ​ង ស្រេង ក៏​សង្ឃឹម​ដែរ​ថា បារាំង នឹង​គាំទ្រ​កម្ពុជា ។

ក្នុង​ជំនួប​នោះ​លោក Frédéric VALLIER បាន​លើក​ឡើង​ថា មិនមែន​ក្នុង​នាម​ប្រទេស​បារាំង​នោះ​ទេ តែ​ក្នុង​នាម​ជា​តំណាង​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF ជម្លោះ​ប្រដាប់​អាវុធ រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា លោក​ពិតជា​សម្ដែង នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​សង្ឃឹមថា ជម្លោះ​ដ៏​តានតឹង​នេះ នឹង​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ដូច​ដើម​វិញ​។ ប្រទេស​កម្ពុជា និង​ថៃ នឹង​រក​ដំណោះស្រាយ​បាន​ដ៏​ល្អ​នៅ​ថ្ងៃ​អនាគត​។ មក​ដល់​សតវត្ស​ទី​២១​ហើយ មិន​គួរ និង​កើតឡើង នូវ​ជម្លោះ​ដណ្ដើម​ប្រាសាទ​គ្នា​នោះ​ទេ​។ គេ​ពិតជា​បានដឹង​ហើយ​ថា ប្រាសាទ​ទាំងនោះ នៅ​ក្នុង​ទឹកដី​អ្នក​ណា ។

ក្នុង​ឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​លើក​ឡើង​ទៀត​ថា ការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ គឺ​ពិតជា​មានការ​ចូលរួម ពី​ប្រទេស​បារាំង​ផង​ដែរ តាម​រយៈ​ផ្ដល់​នូវ​បច្ចេកទេស ការ​ផ្ដល់​នូវ​ប្រឡាយ លូ​ជាដើម​។ សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF បាន​ជួយ​រាជធានី​ភ្នំពេញ ទៅ​លើ​ការ​កសាង​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​សំណល់ ភក់​បង្គន់​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ លោក Frédéric VALLIER ក៏​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត របស់​រាជធានី​ភ្នំពេញ ក្នុង​ការ​គាំទ្រ​ចំពោះ​សកម្មភាព​របស់ AIMF​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ