ខេត្តបន្ទាយមានជ័យ ៖ មានករណីប្រជាពលរដ្ឋប្រទះឃើញក្រពើ១ក្បាលប្រវែងជាង២ម៉ែត្រហែលតាមអូរព្រំដែន ស្ថិតភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានឱ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសត្វក្រពើ១ក្បាលប្រវែងជាង២ម៉ែត្រ អាចមានទម្ងន់ពី៥០ទៅ៦០គីឡូក្រាម ហែលទឹកអូរព្រំដែននៅច្រាំងខាងទឹកដីថៃដែលឈមនឹងភូមិសាស្ត្រភូមិក្បាលកោះ និងបានរាយការណ៍ជូនអាជ្ញាធរសង្កាត់និងក្រុងប៉ោយប៉ែត ដើម្បីឱ្យចុះទៅពិនិត្យមើល។
លោកបានបញ្ជាក់ថា តាមប្រភពពីប្រជាពលរដ្ឋថានេះមិនម៉ែនជាលើកទី១ទេដែលប្រទះឃើញសត្វក្រពើហែលទឹកអូរព្រំដែន គឺបានឃើញញឹកញ៉ាប់ណាស់ ពេលខ្លះឃើញវាហែលនៅច្រាំងខាងទឹកដីកម្ពុជា និងពេលខ្លះប្រទះឃើញវាហែលខាងទឹកដីថៃ ហើយក្រពើដែលប្រទះឃើញហែលទឹកភាគច្រើនជាក្រពើរធំពេញវ័យមានប្រវែងជាង២ម៉ែត្រដែលហែលរកចំណីតាមច្រាំងមាត់អូរ។
លោក ញឹម ផឿង បានបញ្ជាក់ថា ចំណុចអូរព្រំដែនដែលប្រជាពលរដ្ឋប្រទះឃើញសត្វក្រពើរហែលទឹកមានចម្រៅទឹកជិត២ម៉ែត្រនៅពាក់កណ្តាលអូរ ហើយក្រុងប៉ោយប៉ែតដូចជាគ្មានកន្លែងចិញ្ចឹមក្រពើរនោះទេ តែក្រពើរដែលប្រទះឃើញអាចជាក្រពើរដែលរួចចេញពីខាងទឹកដីថៃហែលតាមអូរ ។
ជុំវិញករណីប្រទះឃើញសត្វក្រពើខាងលើ សុំបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរអូរព្រំដែនមានការប្រុងប្រយ័ត្នកុំចុះទឹកអូរអាចប្រឈមគ្រោះថ្នាក់គ្រប់ពេល ៕







ចែករំលែកព័តមាននេះ