រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុជាង១៥ខែម្នាក់ ខណៈម្ដាយរវល់លាងចាន ចំណែកជីដូនក៏អង្គុយលេងភ្លេចខ្លួនបន្តិច នាងបានចូលទៅលេងនៅក្នុងបន្ទប់ទឹកក្នុងផ្ទះជីដូន ហើយក៏បានលង់ទឹកធុងនៅក្នុងបន្ទប់ទឹផ្ទះខាងលើ ។ ប៉ុន្តែពេលប្រទះឃើញភ្លាម នាងនៅមានដង្ហើមមិនទាន់ស្លាប់នៅឡើយ ហើយក្រុមគ្រួសារក៏នាំទៅសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែជាអកុសលគ្រូពេទ្យមិនអាចជួយបានឡើយ នាងក៏ស្លាប់បាត់បង់ជីវិត ។ បន្ទាប់មកក្រុមគ្រួសារក៏បានដឹកសពត្រឡប់មកផ្ទះវិញ ហើយរហូតដល់ព្រឹកឡើងទើបរាយការណ៍ជូនសមត្ថកិច្ចឲ្យទៅពិនិត្យកោសល្យវិច័យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងផ្ទះលេខL០៥ ផ្លូវលេខ៩ បុរីលី រ៉ានី ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះខាងលើឈ្មោះរតនា ពេជ្ររចនា អាយុ១៥ខែ មានជីតាឈ្មោះរ៉េត សារ៉ាន់ អាយុ៤៦ឆ្នាំ មុខរបរជាងភ្លើង និងជីដូនឈ្មោះអន លីដា មានទីលំនៅក្នុងផ្ទះកើតហេតុខាងលើ ដោយឡែកឪពុកម្ដាយរបស់នាងមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។ រីឯបុរសម្នាក់ទៀតដែលត្រូវជាឪពុកមា នៅពេលឃើញក្មួយស្រីស្លាប់ទាំងបែបនេះ មានការឈឺចិត្តខ្លាំងណាស់ ក៏បានទាត់ធុងទឹកនោះ បញ្ចេញកំហឹង បណ្ដាលឲ្យបែកធ្លុះធ្លាយ ។
បើតាមជីដូនរបស់ក្មេងស្រីរងគ្រោះរូបនោះបាននិយាយរៀបរាប់ថា ចៅស្រីរបស់គាត់បានស្នាក់នៅជាមួយឪពុកម្ដាយនាង ដែលត្រូវជាកូនបង្កើតនិងកូនប្រសាររបស់គាត់នៅក្នុងផ្ទះលេខ៣ ដែលស្ថិតនៅជាប់និងផ្ទះគាត់នោះដែរ ។ ដោយឡែកនៅមុនពេលកើតហេតុ ចៅស្រីរូបនោះបានរត់លេងនៅមុខផ្ទះលេខL០៥របស់គាត់ដូចតាមទម្លាប់រាល់ថ្ងៃ ខណៈនោះរូបគាត់ក៏បានអង្គុយលេងនៅមុខផ្ទះរបស់គាត់នោះដែរ ហើយកូនស្រីគាត់ដែលជាម្ដាយចៅស្រីរងគ្រោះ បានលាងចាននៅផ្ទះលេខ៣ របស់នាង ។
ជីដូនរូបនោះបាននិយាយប្រាប់បន្តទៀតថា ពេលនោះដោយសារតែភ្លេចខ្លួនបន្តិច គាត់មិនបានចាប់អារម្មណ៍ថា ចៅស្រីចូលទៅលេងក្នុងបន្ទប់ទឹកនោះទេ រហូតដល់ពេលកើតហេតុ ខណៈគាត់ចូលទៅក្នុងបន្ទប់ទឹក ក៏ស្រាប់តែឃើញចៅស្រីលង់ទឹកធុងបាត់ទៅហើយ ។ ពេលនោះគាត់ក៏ហៅឪពុកម្ដាយរបស់នាង(ចៅស្រី រងគ្រោះ) ឲ្យដឹកទៅកាន់មណ្ឌលសុខភាពបែកចាន ដើម្បីសង្គ្រោះបន្ទាន់ ព្រោះខណៈនោះឃើញចៅស្រីមិនទាន់ស្លាប់នៅឡើយទេ ។
គាត់បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលទៅមណ្ឌលសុខភាព ក្រុមគ្រូពេទ្យបានខិតខំប្រឹងជួយសង្គ្រោះយ៉ាងដុតដៃដុតជើងដែរ ប៉ុន្តែមិនអាចជួយបានចៅស្រីគាត់បានឡើយ ទីបំផុតនាងក៏ស្លាប់បាត់បង់ជីវិត ។ បន្ទាប់ទើបនាំគ្នាដឹកសពត្រលប់មកផ្ទះវិញទាំងសោកសង្រេង ហើយបានតម្កល់ទុកនៅក្នុងផ្ទះ រហូតដល់វេលាព្រឹកឡើងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ទើបរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យកោសល្យវិច័យ ៕








ចែករំលែកព័តមាននេះ