ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ឡើង​ទៅ​ភ្នំ​ខ្នង​ផ្សារ បាន​ចាក់​ដី​ពង្រាប​រួចរាល់ អាច​ធ្វើ​ដំណើរ​ងាយស្រួល​ឆ្ពោះទៅ​ការ​បង្កើត​អនា​គត​ថ្មី​សម្រាប់​តំបន់​សហគមន៍

8 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ការដ្ឋាន​ធ្វើ​ផ្លូវ​ឡើង​ទៅ​ភ្នំ​ខ្នង​ផ្សារ​នៃ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កំពុង​មាន​វឌ្ឍនភាព​ទៅ​មុខ ដែល​នៅ​ពេល​នេះ គម្រោង​សាងសង់​ផ្លូវ​ឆ្ពោះទៅ​តំបន់​លំហែ​បៃតង​ដ៏​មាន​សក្តានុពល​នៅ​ក្នុង ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ជាប់​ជាមួយ​ខេត្តកោះកុង បាន​បញ្ចប់​ការ​ចាក់​ដី និង​កិន​ពង្រាប​បាន​ស្អាត​ល្អ​ហើយ​។…

ខេត្តកំពង់ស្ពឺ​៖ ការដ្ឋាន​ធ្វើ​ផ្លូវ​ឡើង​ទៅ​ភ្នំ​ខ្នង​ផ្សារ​នៃ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កំពុង​មាន​វឌ្ឍនភាព​ទៅ​មុខ ដែល​នៅ​ពេល​នេះ គម្រោង​សាងសង់​ផ្លូវ​ឆ្ពោះទៅ​តំបន់​លំហែ​បៃតង​ដ៏​មាន​សក្តានុពល​នៅ​ក្នុង ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ជាប់​ជាមួយ​ខេត្តកោះកុង បាន​បញ្ចប់​ការ​ចាក់​ដី និង​កិន​ពង្រាប​បាន​ស្អាត​ល្អ​ហើយ​។

នេះ​បើ​យោង​តាម​​ប្រសាសន៍របស់​ឯកឧត្តម ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥​នេះ​ថា ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ សម្រាប់​ការ​អភិវឌ្ឍ​គោលដៅ​លំហែ​បៃតង​នៅ​តំបន់​ភ្នំ​ខ្នង​ផ្សារ បាន​កំពុង​ដំណើរការ​ទៅ​មុខ ជា​និច្ច​បើ​ទោះបី​ក្នុង​រដូវវស្សា​ក៏​ដោយ និង​មាន​ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​ធ្វើ​ដំណើរ បាន​ប្រសើរ​ជាង​មុន ដើម្បី​ទៅ​កម្សាន្ត​លើ​ភ្នំ​ខ្នង​ផ្សារ​ជា​ហូរហែ​។ ផ្លូវ​ចាប់ពី​វត្ត​តាំង​បំពង់ ទៅ​ដល់​ជើងភ្នំ​ខ្នង​ផ្សារ ប្រវែង ជាង​៧ គីឡូម៉ែត្រ បាន​បញ្ជ​ប់​ការ​ចាក់​ពង្រាប​រួច​ហើយ បង្ក​ឱ្យ​ការ​ធ្វើ​ដំណើរ​បាន​ល្អ​ប្រសើរ​។

ឯកឧត្តម ខ្វៃ អាទិ​ត្យា បាន​បញ្ជាក់​បន្ថែម​ថា​៖ ក្រសួងបរិស្ថាន សហការ​ជាមួយ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​អភិវឌ្ឍន៍​គោលដៅ​លំហែ​បៃតង នៅ​តំបន់​ខ្នង​ផ្សារ ដែល​មាន​ភ្នំ​ខ្នង​សំពៅ និង​ខ្នង​ផ្សារ ដោយ​គោរព​តាម​បទដ្ឋាន បច្ចេកទេស​បរិស្ថាន រួមចំណែក​ដល់​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ រួម​ទាំង​ទេសភាព​នៃ​តំបន់ការពារធម្មជាតិ និង​ការ​លើកកម្ពស់​ជិ​វ​ភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន​។

សូម​បញ្ជាក់​ផង​ដែរ​ថា ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​ខ្នង​ផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឱ្យ​គោលដៅ​លម្ហែ​បៃតង​តំបន់​នោះ បាន​បើក​សម្ពោធ​ជា​ផ្លូវការ នៅ​ភូមិ​តាំង​បំពង់ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នា​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ​។ រហូត​មក​ទល់​ពេល​នេះ គម្រោង​អភិវឌ្ឍន៍​រួម​មាន ការ​សាងសង់ ផ្លូវ​ក្រាល​ក្រួស​ក្រហម (​កាល​ថ្ម​ម៉ិច​) ប្រវែង ៧,២ ​គីឡូម៉ែត្រ​ ទទឹង​ប្រវែង​៨​ម ចាប់ពី​វត្ត​តាំង​បំពង់ ដល់​ជើងភ្នំ​ឡើង​តំបន់​ខ្នង​ផ្សារ បាន​រៀបចំ​ចាក់​ដី​និង​ពង្រាបដី​ស្អាត​រួចរាល់​។

លើស​ពិ​នេះ ការ​សាងសង់​ក្លោ​ង​ទ្វារ​ធ្វើ​ឡើ​ភ្នំ​សម្រេច​បាន​25% ការ​សាងសង់​បន្ទប់ទឹក​ស្អាត​សម្រេច​បាន​ធ្វើ​បាន 20% រួម​ជាមួយ ស្នាក់​ការ​ផ្តល់​ព័ត៌មាន​សម្រាប់​ទេសចរណ៍​លើ​ភ្នំ និង​បន្ទប់​សង្គ្រោះ​បឋម សម្រេច​បាន 35%​។ លើស​ពី​នេះ ការ​ស្ថាបនា​ផ្លូវ​ឡើង​ភ្នំ​ខ្នង​ផ្សារ និង​ការ​បើក​ការ​សាងសង់​ផ្លូវ​ថ្មើរ ជើង​ឡើង​តំបន់​ភ្នំ​ខ្នង​ផ្សារ ចាប់ពី​ចំណុច​ជើងភ្នំ ដល់​ដំណាក់​ដាន​ព្រះ មុន​ទៅ​ដល់​ភ្នំ​ខ្នង​ផ្សារ រួម​ជាមួយ​កន្លែង​ចត​យានយន្ត បាន​រៀបចំ​បាន​មួយ​ចំនួន​ផង​ដែរ​។

នៅ​ក្នុង​គម្រោង ក្រសួងបរិស្ថាន មាន​គម្រោង​រៀបចំ​កន្លែង សម្រាក​ជា​ដំណាក់​ៗ ផង​ដែរ ដោយ​មាន​ថែរក្សា និង​ដាំ​ដើមឈើ​ព្រៃ និង​ឈើ​ហូប​ផ្លែ ដើម្បី​ផ្តល់​ម្លប់ សម្រាប់​ទេសចរ អាច​សម្រាក​កម្សាន្ត​ផង និង​អាច​ទទួលទាន​ផង​ដែរ​។ ក្នុង​នោះ​គម្រោង​របស់​ក្រសួងបរិស្ថាន និង​ផ្តល់​ជូន​ដល់​ទេសចរ​មក​លេង​ភ្នំ​ខ្នង​ផ្សារ បាន​ពិសា​ទឹក​ស្អាត ដែល​ចម្រោះ​ចេញពី​ទឹកធម្មជាតិ ប្រភព​ពីលើ​ភ្នំ ទៅ​ដល់​កន្លែង​សម្រាក​។ ជាមួយ​គ្នា​នេះ គម្រោង​នឹង​មាន​ដាក់​ស្លាក​ព័ត៌មាន ដែល​បង្ហាញ​ពី​ចម្ងាយ​ផ្លូវ និង​សារៈ​ប្រយោជន៍​នៃ​ការ​ឡើង​ភ្នំ​ចំពោះ​សុខភាព នៅ​តាម​កន្លែង​សម្រាក​នីមួយ​ៗ​ថែម​ទៀត​។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​តាម​បែប​បៃតង ដែល​នាំ​ឱ្យ​មាន​ភាព​រីក​ចម្រើន ដោយ​មានការ​គាំទ្រ ទៅ​លើ​ការ​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ក្រោម​ការ​ផ្តួចផ្តើម និង​ចង្អុលបង្ហាញ​ផ្ទាល់​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច នៅ​តំបន់ ភ្នំ​ខ្នង​ផ្សារ កាលពី​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៥ កន្លង​ទៅ​។ ឯកឧត្តម​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ការ​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ គឺជា​ការ​ឆ្លើយ​តប​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​បង្កើត​អនាគត​ថ្មី​សម្រាប់​តំបន់​នេះ​។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​ថ្លែង​បន្ថែម​ថា ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ នឹង​ត្រូវ​ផ្តល់​ជូន​សហគមន៍​មូលដ្ឋាន ធ្វើការ​គ្រប់គ្រង ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ និង​ប្រែក្លាយ​សហគមន៍ ឱ្យទៅ​ជា​សហគ្រិន ដែល​ជា​ការ​ផ្លាស់​ប្តូរ​យ៉ាង​សំខាន់ ពី​ការ​ពឹងផ្អែក​លើ​ការ​កាប់​ឈើ និង​បរបាញ់​សត្វព្រៃ​ខុសច្បាប់ មក​ចូលរួម​ចំណែក​កាន់តែ​ប្រសើរ ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​បាន​បង្កើន​ចំណូល​ជីវភាព​គ្រួសារ​បន្ថែម​ទៀត ពី​គោល​ដៃ​លំហែ​បៃតង​នៅ​តាម​សហគមន៍​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ដែរ​ថា ការ​បង្កើត​នូវ​គោលដៅ​លំហែ​បៃតង​នេះ គឺ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​មាន​សសរស្តម្ភ​៣​គឺ ភាព​ស្អាត ភាព​បៃតង និង​ចីរភាព ដែល​បាន​ដាក់​ចេញ ស្រម​តាម​គោលនយោបាយ យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ បាន​យូរអង្វែង ដើម្បី​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​កូនចៅ​ជំនាន់​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ