ទីក្រុងម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាយោធារបស់ខ្លួនទើបតែវាយយកបានទីតាំងមួយទៀតនៅអ៊ុយក្រែនខាងកើត។ រុស្ស៊ីថាខ្លួនវាយយកបានតំបន់ណូវ៉ូស្កាត់ (Novokhatske) នៅតំបន់ដូញ៉ែត (Donetsk) និងវាយមូលដ្ឋានរបស់កងទ័ពអ៊ុយក្រែននៅតំបន់ស៊ូមី, ខាគីវ និងមីកូឡាយ។ ជោគជ័យនៅលើសមរភូមិយោធាលើកនេះកើតឡើងបន្ទាប់ពីលោកត្រាំទុកពេលឱ្យរុស្ស៊ី៥០ថ្ងៃដើម្បីចរចាសន្តិភាព។ បន្ទាប់ពីនោះ លោកនឹងគិតគូរដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមពីលើទណ្ឌកម្មដែលមានស្រាប់។ សូម្បីតែប្រទេសដែលរកស៊ីជាមួយរុស្ស៊ីក៏នឹងរងទណ្ឌកម្មដូចគ្នា។
លោកត្រាំក៏បានប្រកាសផងដែរលោកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសម៉ាកផេទ្រាត និងអាវុធទំនើបៗជាច្រើនទៀតទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែអាវុធទាំងនេះមិនមែនផ្ដលឱ្យទទេៗនោះឡើយ។ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកអង្គការណាតូជាអ្នកចេញលុយ។ រុស្ស៊ីបន្តវាយប្រហារទីក្រុងតូចធំរបស់អ៊ុយក្រែនដោយប្រើប្រាស់ដ្រូន និងមីស៊ីល។ ចំណែកនៅលើសមរភូមិជើងគោក រុស្ស៊ីនៅតែបន្តវាយសម្រុកនៅភាគខាងកើតដោយឥតបន្ធូរដៃទោះបីលោកត្រាំខិតខំសម្រុះសម្រួលយ៉ាងណាក្ដី។
ករណីដែលរុស្ស៊ីបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងៗបែបនេះធ្វើឱ្យលោកត្រាំមានចិត្តមួរម៉ៅក្ដៅក្រហាយជាខ្លាំង។ ត្រាំឥឡូវនេះកាន់តែមិនយល់ចិត្តរបស់ពូទីនមែនទែនហើយ។ ត្រាំថាពូទីនៅពេលនិយាយគ្នាតាមទូរស័ព្ទ គាត់ប្រាប់ថាគាត់ចង់បានសន្តិភាពណាស់។ ប៉ុន្តែជាក់ស្ដែង គាត់បន្តធ្វើសង្គ្រាមឥតឈប់ឈរ។ ដូច្នេះ គាត់ជាមនុស្សនិយាយបែបនេះ ធ្វើបែបនោះ។
កាលពីពេលកន្លងមក លោកពូទីនធ្លាប់ជម្រាបប្រាប់លោកត្រាំរួចហើយថាគាត់ក៏ចង់បានសន្តិភាពដែរ ប៉ុន្តែគាត់ត្រូវតែសម្រេចគោលដៅរបស់គាត់។ នៅក្នុងប្រតិបត្តិការសឹកចុងក្រោយនេះ អគ្គសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែនថ្លែងថារុស្ស៊ីវាយប្រហារនៅក្នុងទ្រង់ទ្រាយធំ។ ប៉ុន្តែអ៊ុយក្រែនក៏បានបង្កការខូចខាតខ្លាំងគួរសមផងដែរទាំងផ្នែកកងទ័ព និងសម្ភារៈសឹក។
កងទ័ពអាកាសអ៊ុយក្រែនថ្លែងថារុស្ស៊ីបញ្ជូនដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ម៉ាកសាហ៊ីតចំនួន៤រយគ្រឿង និងមីស៊ីលផ្លោងម៉ាកអ៊ីស្កាន់ដឺ (Iskander) វាយប្រហារកាលពីយប់មិញ។ នៅក្នុងចំណោមដ្រូនទាំងនោះ អ៊ុយក្រែនបាញ់ធ្លាក់១៩៨គ្រឿង។ ចំណែកដ្រូនក្លែងក្លាយ១៤៥គ្រឿងត្រូវអគ្គិសនីឆក់វង្វេងវង្វាន់លែងដឹងទិសតំបន់។ នៅសល់មីស៊ីល និងដ្រូន៥៧គ្រឿងអាចហោះទៅវាយប្រហារគោលដៅចុងក្រោយ។
លើកនេះរុស្ស៊ីដាក់ទិសដៅវាយប្រហារទីក្រុងខាគីវជាទីក្រុងធំលំដាប់ទី២របស់អ៊ុយក្រែន ហើយស្ថិតនៅកៀកនឹងព្រំដែនទៀត ដូច្នេះងាយស្រួលវាយប្រហារជាងគេ។ ក្រៅពីនេះ រុស្ស៊ីក៏វាយប្រហារស្រុកកំណើតរបស់លោកហ្សេឡិនស្គីនៅទីក្រុងគ្រីវយីរី (Kryvyi Rih), វាយប្រហារទីក្រុងវីននីតសា (Vinnytsia) និងអូដេសា (Odesa)។ លោកហ្សេឡិនស្គីយល់ថារុស្ស៊ីមិនចោលស្នៀតរបស់ខ្ឡួនទេ។ ដើម្បីទប់ទល់នឹងអំពើវាយប្រហារបំភិតបំភ័យនេះ យើងត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត៕
ចែករំលែកព័តមាននេះ