ខេត្តព្រៃវែង ៖ ឧបករណ៍ប្រព្រឹត្តបទល្មើសនេសាទប្រភេទរបាំងស្បៃមុង ប្រវែងជាង 1000 ម៉ែត្រ ត្រូវបានមន្ត្រីជំនាញជលផលខេត្តព្រៃវែង ដុតបំផ្លាញចោល ព្រមទាំងចាក់ព្រលែងកូនត្រីចំរុះរាប់សិបគីឡូចូលទៅក្នុងបឹងធម្មជាតិវិញ ក្នុងពេលចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកពារាំង។
សកម្មភាពបង្ក្រាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី 12 កក្កដា នៅចំណុចអាងព្រែកតារត្ន័ ស្ថិតក្នុងភូមិព្រែកតារត្ន័ ឃុំកំពង់ប្រាំង ស្រុកពារាំងខេត្តព្រៃវែង។
មន្ត្រីជំនាញជលផលខេត្តព្រៃវែង បានឲ្យដឹងថាឧបករណ៍នេសាទប្រភេទរបាំងស្បៃមុង គឺជាឧបករណ៍ដែលច្បាប់ហាមឃាត់ ពីព្រោះវាបំផ្លាញទៅដល់មច្ឆាជាតិគ្រប់ប្រភេទ ប៉ុន្តែទោះជាយ៉ាង នេះក្តី ក៏នៅតែមានជនខិលខូចមួយចំនួន បានលួចប្រើប្រាស់ឧបករណ៍ប្រភេទនេះ នៅតាមដងព្រែក បឹង ទន្លេ ដើម្បីផលប្រយោជន៍របស់ខ្លួន ដោយមិនខ្វល់ពីផលប្រយោជន៍ជាតិនោះទេ។
មន្ត្រីជលផលបានបញ្ជាក់ថា ដើម្បីទប់ស្កាត់បទ ល្មើសនេសាទទាំងនេះ និងដើម្បីការពារប្រភពធនធានធម្មជាតិរបស់យើង មន្ត្រីជលផលខេត្តនិងស្រុកតែងតែចុះល្បាតជាប្រចាំ និងចាប់បង្ក្រាបបទល្មើសទាំងនេះបានជារឿយៗ ជាក់ស្ដែងនៅចុងសប្តាហ៍នេះ មន្ត្រីជំនាញជលផលសហការជាមួយនឹងអាជ្ញាធរស្រុក ព្រមទាំងកម្លាំងប្រជាការពារ បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចអាងព្រែកតារត្ន័ ដោយចាប់ដកហូតបាន របាំងស្បៃមុងប្រវែង ១០៨០ម៉ែត្រ លូស្បៃមុង១៨មាត់ បង្គោលចម្រឹង ៣៦០ដើម ហើយបានធ្វើការដុតបំផ្លាញចោលភ្លាមៗនៅហ្នឹងកន្លែងព្រមទាំងបានចាក់ព្រលែងកូនត្រីចម្រុះប្រមាណជាង៣៥គីឡូ ចូលទៅក្នុងព្រែកវិញផងដែរ៕










ចែករំលែកព័តមាននេះ