ខេត្តព្រះវិហារ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចុះបាញ់ថ្នាំកម្ចាត់មូស បង្ការជំងឺគ្រុនឈាម និងគ្រុនចាញ់នៅវត្តពោធិ៍ ៥០០០ដើម។
យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចុះបាញ់ថ្នាំសម្លាប់មូសនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីកម្ចាត់ប្រភពមូសខ្លា និងមូសដែកគោល ដែលជាភ្នាក់ងារចម្លងដ៏គ្រោះថ្នាក់ នៃជំងឺគ្រុនឈាម គ្រុនចាញ់ ក៏ដូចជាជំងឺផ្សេងៗទៀត ពិសេសនៅក្នុងចំណោមបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្នក្នុងតំបន់នេះ។
សូមជម្រាបជូនថាយោងតាមសេចក្តីណែនាំមួយរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
បានឱ្យដឹងថា ក្នុងអំឡុងពេលរដូវវស្សានេះ ជំងឺ គ្រុនឈាម មាននិន្នាការកើនឡើងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៥ និងអាចបន្តកើនជាបន្តបន្ទាប់ ដោយសារ មានកំណើនទឹកភ្លៀង ដែលបង្កឱ្យមានទឹកដក់នៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកង់ឡាន សំបកកង់ម៉ូតូចាស់ៗ ត្រឡោកដូង កែវ ចានជ័រ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូសខ្លា។
ជាមួយគ្នានោះ ក្រសួងបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក» ព្រមទាំង អនុវត្តនូវវិធានការអន្តរាគមន៍ ប្រកបដោយភាពទទួលខុសត្រូវនិងស្មារតីខ្ពស់ ដើម្បីការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍៕
ចែករំលែកព័តមាននេះ