សហរដ្ឋអាមេរិក ៖ យោងតាមតុល្យការថ្មីមួយប្រកាសនាថ្ងៃទី៧កក្កដា ដោយអាជ្ញាធរមូលដ្ឋានថា ទឹកជំនន់ដ៏បំផ្លិ្ចបំផ្លាញនៅរដ្ឋតិចសាស់ភាគខាងត្បូងសហរដ្ឋអាមេរិក ចំនួនមនុស្សស្លាប់កើនដល់ជាង១០០នាក់។ តំបន់KERR តែមួយដែលរងការប៉ះពាល់ខ្លាំងជាងគេរកឃើញអ្នកស្លាប់ដល់៨៤នាក់ក្នុងនោះមានកុមារ២៨នាក់។

ក្នុងសន្និសីទសារព័ត៌មានមួយព្រឹទ្ធសមាជិករដ្ឋតិចសាស់លោកTED CRUZ ថ្លែងថា រដ្ឋតិចសាស់កំពុងកាន់ទុក្ខ។ ទុក្ខសោកនិងការក្ដុកក្ដួលរយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យបេះដូងរដ្ឋយើងរហែក។ បណ្ដាអ្នកទទួលខុសត្រូវមូលដ្ឋានអះអាងថា ក្នុងចំណោមអ្នកស្លាប់មានកុមារ២៧នាក់និងបណ្ដាអ្នករៀបចំជំរំំវិស្សមកាលគ្រឹស្ត សម្រាប់នារីគឺជំរំ CAMP MASTIC ស្ថិតនៅសងខាងមាត់ទន្លេហ្គាដាលុបដែលទទួលមនុស្សប្រមាណជា៧៥០នាក់ ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ គ្រោងទៅកាន់ទីនោះនាថ្ងៃទី១១កក្កដា ដោយលោកទទួលរងការរិះគន់ដែលថា ការកាត់បន្ថយថវិកាក្នុងផ្នែកឧតុនិយមជាតិ នាំឲ្យប៉ះពាល់ដល់ ់ការព្យាករណ៍ឧតុនិយមនិងការប្រកាសអាសន្នដែលគួរឲ្យជឿជាក់។ ទោះបីយ៉ាងណាអ្នកនាំពាក្យសេតវិមាន លោកស្រីការ៉ូលីនលីវីតនៅមុខបណ្ដាអ្នកកាសែតលើកឡើងថា ការទម្លាក់ការទទួលខុសត្រូវលើគ្រោះទឹកជំនន់នេះ ជាពាក្យភូតកុហកសុទ្ធសាធ ដែលគ្មានន័យក្នុងដំណាក់កាលកាន់ទុុក្ខ។ លោកស្រីអះអាងថាផ្នែកឧតុនិយមអាមេរិក ដែលប៉ុស្តិ៍ជាច្រើននៅតិចសាស់ បានចេញការព្យាករណ៍និងការប្រកាសអាសន្នច្បាស់និងទាន់ពេល។
ដោយវាយតម្លៃថាទឹកជំនន់នេះថា ជាគ្រោះ មហន្តរាយធម្មជាតិមួយដ៏អាក្រក់បំផុត ពុំធ្លាប់ជួបប្រទះអស់ពេល១០០ឆ្នាំមកហើយ លោកត្រាំបានចុះហត្ថលេខាកាលពីចុងសប្ដាហ៍កន្លងទៅ លើសេចក្ដីប្រកាសគ្រោះមហន្តរាយមួយ ដើម្បីអាចផ្ដល់ដល់រដ្ឋតិចសាស់នូវជំនួយរបស់រដ្ឋាភិបាលសហព័ន្ធ។
អាជ្ជាធរបញ្ជាក់ថា អ្នកជួយសង្គ្រោះដល់ជាង៤០០នាក់និងបណ្ដាឧទ្ធម្ភាគចក្រព្រមទាំងដ្រូន បានចូលរួមក្នុងការរុករកបណ្ដាអ្នកបាត់ខ្លួន។ បណ្ដាអ្នកជួយសង្គ្រោះតាមនាវានិងក្រុមអ្នកមុជទឹក បានខំរុករកក្នុងទន្លេ ចំណែកបណ្ដាអ្នកស្ម័គ្រចិត្តបាននាំគ្នាជិះសេះល្បាតតាមដងមាត់ទន្លេ។ បណ្ដាសាកសពជនរងគ្រោះអាចរកឃើញជាបន្តបន្ទាប់ទៀត៕
ចែករំលែកព័តមាននេះ