ទីក្រុងតេអេរ៉ង់៖ អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់បានបង្ហាញមុខជាលើកដំបូងចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែលផ្ទុះឡើង និងបញ្ចប់ទៅវិញក្រោមកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ លោកថ្លែងថាបើអ៊ីរ៉ង់ទទួលរងការវាយប្រហារពីសំណាក់យោធាអាមេរិកនាពេលអនាគត អ៊ីរ៉ង់នឹងវាយបកវិញទៅលើមូលដ្ឋានអាមេរិកនៅមជ្ឈិមបូព៌ា។
លោកអាយ៉ាតូឡា អាលី ខាមេនី ដែលសព្វថ្ងៃមានព្រះជន្ម៨៦ឆ្នាំបានប្រកាសថាអ៊ីរ៉ង់ជាអ្នកទទួលជ័យជម្នះនៅក្នុងសង្គ្រាមរយៈពេល១២ថ្ងៃ។ នៅចុងបញ្ចប់ អ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាមេរិកធំជាងគេនៅមជ្ឈិមបូព៌ាបន្ទាប់ពីអាមេរិកបាញ់មីស៊ីល និងទម្លាក់គ្រាប់បែកទៅលើទីតាំងនុយក្លេអ៊ែរបីកន្លែង។ លោកថ្លែងបន្តទៀតថាអ៊ីរ៉ង់បានទះអាមេរិក១កំផ្លៀង។
អ៊ីរ៉ង់វាយប្រហារចំមូលដ្ឋានដ៏សំខាន់មួយនៅក្នុងតំបន់។ នៅក្នុងវីឌីអូដែលថតទុក និងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ លោកខាមេនីបញ្ជាក់ថាអ៊ីរ៉ង់នឹងមិនចុះចាញ់តាមការអំពាវនាវរបស់លោកត្រាំជាដាច់ខាត។ លោកថ្លែងថាលោកត្រាំបាននិយាយការពិតចេញមកហើយថាអាមេរិកមិនអាចស្ងប់ចិត្តបានទេរហូតដល់អ៊ីរ៉ង់ប្រកាសចុះចាញ់។ ករណីនេះមិនអាចទៅរួចទេ។
គួរកត់សម្គាល់ថាការថ្លែងរបស់អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ធ្វើឡើងបន្ទាប់ពីលោកត្រាំថ្លែងថាលោកនឹងវាយប្រហារអ៊ីរ៉ង់ជាថ្មីបើសិនអ៊ីរ៉ង់នៅតែចង់ផលិតអាវុធនុយក្លេអ៊ែរ។ លោកខាមេនីថ្លែងថាអាមេរិកគ្មានបានផលចំណេញអ្វីទាំងអស់ពីការវាយប្រហារទីតាំងនុយក្លេអ៊ែរកាលពីពេលកន្លងមក។ លោកយល់ថាអាមេរិកប្រឡូកនៅក្នុងសង្គ្រាមនេះព្រោះអ៊ីស្រាអែលដែលល្បីថាមានខែលការពារដែនអាកាសដ៏ទំនើបនោះមិនអាចទប់ទល់នឹងគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់បានឡើយ៕
ចែករំលែកព័តមាននេះ