ខេត្តព្រៃវែង ៖ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន5គ្រួសារ ដែលសង់នៅតាមបណ្តោយដងទន្លេតូច ក្នុងឃុំពាមកោះ ស្រុកពាមរក៍ ខេត្តព្រៃវែង បានរងការខូចខាត ដោយសារតែការបាក់ស្រុតដីច្រាំងទន្លេ ហើយទ្រព្យសម្បត្តិជាច្រើន ក៏បានបាត់បង់ដោយសារតែធ្លាក់ចូលទៅក្នុងទឹកផងដែរ។
លោកយាយ សុខ កង អាយុ77ឆ្នាំ ជាម្ចាស់ផ្ទះរងគ្រោះម្នាក់ ក្នុងចំណោម5នាក់ បានអោយដឹងថា ដីច្រាំងទន្លេក្រោយផ្ទះរបស់គាត់នេះ បានចាប់ផ្តើមស្រុតតាំងពីថ្ងៃចុងសប្ផាហ៍មកម្លេះ ប៉ុន្តែដំបូងវាគ្រាន់តែបាក់ដីនៅខាងក្រោមតិចៗ មិនទាន់ដល់ផ្ទះទេ ទើបពួកគាត់មិនចាប់អារម្មណ៍ រហូតមកដល់វេលាម៉ោង2យប់ ឈានចូលព្រឹកថ្ងៃទី11មិថុនា ពេលកំពុងដេកសុខៗស្រាប់តែលឺសំឡេងបាក់ស្រឹប ញ័ររង្គើរពេញផ្ទះ ហើយពេលចេញមកមើល ក៏ឃើញផ្ទះបាយ បង្គន់ រលំបាក់ចូលទឹកអស់ទៅហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះធម្មជាតិនេះ បានធ្វើអោយខូចខាតផ្ទះបាយចំនួន5 បង្គន់ចំនួន5 និងផ្ទះ1ខ្នងប្រេះហែកពាក់កណ្តាលផ្ទះ ហើយក្រោយកើតហេតុ ម្ចាស់ផ្ទះចំនួន3គ្រួសារ បានរុះរើផ្ទះទៅរកកន្លែងមានសុវត្ថិភាព និងនៅសល់2ផ្ទះ កំពុងជួសជុលរស់នៅបន្តកន្លែងដដែល ព្រោះគ្មានដីកន្លែងផ្សេងរស់នៅ ៕









ចែករំលែកព័តមាននេះ