ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងក្រុងសំពៅពូន ត្រូវសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន និងដកហូតថ្នាំញៀនចំនួន២០កញ្ចប់ធំ-តូច ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើទ្បើងកាលពីវេលាម៉ោង០៤ និងរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ចំណុចក្រោយផ្ទះជនសង្ស័យ(ស្ពានទី៥៩) ហៅស្ពានព្រែកនូ នៅត្រើយខាងជើង ស្ថិតនៅក្នុងភូមិព្រែកតាមេម សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផា ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជា កសិករ មានទីលំនៅភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ។ ក្នុងនោះដកហូតវត្ថុតាង៖ ១-ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន២០កញ្ចប់( ធំចំនួន០២កញ្ចប់ និងតូច១៨កញ្ចប់ ) មានទម្ងន់សរុប(៣០,២៨ ក្រាម) ។ ២-ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកសាំសុងSAMSUNG ។ ៣-សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន ។
លោកបានបន្តឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីកម្មវិធី (APP NODRUG) អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលេខរបាយការណ៍ ១១៧០ ថានៅចំណុចស្ពានលេខ៥៩ ហៅ(ស្ពានព្រែកនូ) នៅត្រើយខាងជើង ស្ថិតនៅក្នុងភូមិព្រែកតាមេម សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន មានការចែកចាយនិងជួញដូរគ្រឿងញៀនយ៉ាងគគ្រឹកគគ្រេង ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងផ្នែកជំនាញបានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកស្ដីធ្វើការស្រាវជ្រាវរហូតឆ្មក់ចូលទៅបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ផា ណា កំពុងតែធ្វើសកម្មភាពជួញដូរគ្រឿងញៀន ពេលនោះ កម្លាំងសមត្ថកិច្ចយើង ឆែកឆេររកឃើញថ្នាំញៀនចំនួន២០កញ្ចប់ (ធំចំនួន០២កញ្ចប់និងតូច១៨កញ្ចប់) និងសម្ភារវេចខ្ចប់គ្រឿងញៀនចំនួន រួចមកកម្លាំងផ្នែកជំនាញបាននាំខ្លួនជនសង្ស័យ និងវត្ថុងតាងមកអធិការដ្ឋាននគរបាលក្រុងសំពៅពូន ដើម្បីសួរនាំបន្ថែម ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀនចំនួន២០កញ្ចប់ និងសម្ភារវេចខ្ចប់គ្រឿងញៀននេះគឺជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីឈ្មោះ ស្រេង ស្រេម ភេទប្រុស អាយុប្រហែល៥១ឆ្នាំ ស្នាក់នៅភូមិចាស់ សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល ដើម្បីយកមករំលែកជាកញ្ចប់តូចៗទុកចែកចាយលក់បន្ត ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ