ប្រទេសវៀតណាម ៖ បណ្តាធុរកិច្ចវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២០ ដែលមានតម្លៃប្រហែល៣ពាន់លានដុល្លារអាមេរិក ដើម្បីនាំចូលផលិតផលកសិកម្មរបស់អាមេរិកបន្ថែមទៀត មុនពេលការចរចាពន្ធបដិការជុំទី៣ ដែលនឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍នេះ។

ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រសួងកសិកម្មវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា អនុស្សរណៈនៃការយោគយល់ (MoU) ត្រូវបានចុះហត្ថលេខាក្នុងកិច្ចពិភាក្សានានា ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy នៅរដ្ឋអាយអូវ៉ា (Iowa) អូហៃយ៉ូ (Ohio) និងវ៉ាស៊ីនតោន (Washington) ចាប់ពីថ្ងៃទី ២-៦ ខែមិថុនា កន្លងទៅ។ កិច្ចព្រមព្រៀងទាំងនោះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងសុឆន្ទៈរបស់សហគមន៍អាជីវកម្មវៀតណាមក្នុងការជំរុញពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយរដ្ឋបាលលោក ត្រាំ ដើម្បីពិចារណាលើការយកពន្ធគយសម្រាប់ទំនិញរបស់វៀតណាម។
ប្រទេសវៀតណាមបានចូលរួមកិច្ចការការទូតជាច្រើនសប្តាហ៍ជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំជាងគេរបស់ខ្លួន ដ្បិតប្រទេសមួយនេះ រងការយកពន្ធគយចំនួន ៤៦% ដែលត្រូវបានប្រកាសដោយលោក ត្រាំ ហើយក្រោយមកទម្លាក់បណ្តោះអាសន្នមកនៅត្រឹម ១០% សម្រាប់ទុករយៈពេល៩០ថ្ងៃ ដើម្បីចរចាគ្នា។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា បច្ចុប្បន្នវៀតណាម និងរដ្ឋបាលលោក ត្រាំ បាននឹងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដោយវៀតណាមបានសន្យាថានឹងអនុញ្ញាតឱ្យមានការនាំចូលពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីបង្រួមគម្លាតពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ដ្បិតសហរដ្ឋអាមេរិកបានចុះបញ្ជីឱនភាពពាណិជ្ជកម្មតម្លៃ ១២៣ពាន់លានដុល្លារ ជាមួយប្រទេសវៀតណាម កាលពីឆ្នាំមុន។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមកាលពីឆ្នាំមុនបានទិញកសិផលរបស់សហរដ្ឋអាមេរិកមានតម្លៃ ៣,៤ពាន់លានដុល្លារ ហើយបាននាំចេញកសិផលរបស់ខ្លួនចំនួន ១៣,៦៨ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក៕
ចែករំលែកព័តមាននេះ