រាជធានីភ្នំពេញ ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី០៧ មិថុនា ២០២៥នេះថា ប្រទេសមួយអាចបិទព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួន ជាឯកតោភាគីបាន ប៉ុន្តែនឹងនាំផលប៉ះពាល់ជាច្រើនដូចជា ធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសជិតខាង កាន់តែមានភាពតានតឹង ពិបាកដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងដឹកជញ្ជូន បែកគ្រួសារ ឬសហគមន៍ ដែលរស់នៅក្បែរព្រំដែន..។ ហើយបើចង់បើកឡើងវិញ ត្រូវការចរចាជាផ្លូវការរវាងប្រទេសទាំងពីរ ។
លោក ពុយ គា លើកឡើងថា បើកតែម្នាក់ឯង មិនអាចបានដូចពេលខ្លួនបិទនោះទេ លើកលែងតែប្រទេសជិតខាងនោះ ចង់បានសន្តិភាពនិយម ។ ហើយពេលខ្លះ ដើម្បីបើកឡើងវិញ ត្រូវការចាំបាច់ការចូលរួមពីភាគីទីបី ជាអ្នកជួយសម្របសម្រួល ។ យ៉ាងណាក៏ដោយ ការសម្រេចបិទព្រំដែនជាឯកតោភាគី ពិបាកដល់ការស្ដារជំនឿទុកចិត្តពីប្រទេសជិតខាង ទៅថ្ងៃខាងមុខ..។
បើតាមសារព័ត៌មានរបស់ថៃ បានចុះផ្សាយនៅថ្ងៃនេះថា មានលិខិតរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទថៃ ផ្តល់សិទ្ធិអំណាចដល់មេបញ្ជាការយោធភូមិភាគទី១ និងមេបញ្ជាការយោធភូមិភាគទី២ ដើម្បីបញ្ជាឱ្យមានការបើក និងបិទច្រកព្រំដែនគ្រប់ប្រភេទជាមួយប្រទេសកម្ពុជា តាមការចាំបាច់។ លើសពីនេះ ក៏បានអនុវត្តវិធានការកាត់បន្ថយម៉ោងបើក និងបិទច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ ពីបើកនៅម៉ោង០៦ព្រឹក ដល់ម៉ោង១០យប់ មកបើកនៅម៉ោង ០៨ព្រឹក ដល់ម៉ោង៤រសៀលវិញ ហើយចំណុចឈប់សម្រាកពាណិជ្ជកម្ម កាត់បន្ថយម៉ោងបើក និងបិទមកត្រឹមម៉ោង០៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ។
ចំពោះជនជាតិថៃ ដែលចង់ធ្វើដំណើរទៅលេងល្បែងនៅកាស៊ីណូខាងក្រុងប៉ោយប៉ែត និងធ្វើដំណើរមកកម្ពុជា ត្រូវហាមឃាត់ មិនឱ្យចាកចេញទេ លើកលែងតែជនជាតិថៃ ដែលធ្វើការនៅខាងក្រុងប៉ោយប៉ែត ដែលអាចធ្វើដំណើរចូល និងចេញបាន ប៉ុន្តែរយៈពេលទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជា ត្រូវបានកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ៕

ចែករំលែកព័តមាននេះ