ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំ និងលោកស៊ីជីនពីងទើបតែសន្ទនាគ្នាតាមទូរស័ព្ទដើម្បីដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មដែលបន្តកើតឡើង។ គ្រាន់តែថានៅក្នុងអំឡុងពេលនេះ ប្រទេសទាំង២យល់ព្រមព្យួរទុកការដំឡើងពន្ធគ្នា១៤៥% និង១២៥%។ ទោះជាមានកិច្ចព្រមព្រៀងនៅប្រទេសស្វីសក្ដី លោកត្រាំអះអាងថាប្រទេសចិនមិនបានអនុវត្តឱ្យបានត្រឹមត្រូវទេ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួចុះផ្សាយថាការសន្ទនាគ្នានេះធ្វើឡើងតបតាមសំណូមពររបស់លោកត្រាំដែលកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសាដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ រហូតមកដល់ពេលនេះ មានតែអង់គ្លេស១គត់ដែលបានចរចាត្រូវរ៉ូវគ្នាជាមួយអាមេរិក។ ក្រៅពីនេះ អាមេរិកបន្តការចរចាជាមួយប្រទេសដទៃទៀត ប៉ុន្តែមិនសូវមានជោគជ័យប៉ុន្មានឡើយ។
ទាំងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនបញ្ជាក់ថាពិតជាមានការសន្ទនាគ្នាមែន។ ប៉ុន្តែពួកគេសូមមិនធ្វើអត្ថាធិប្បាយលម្អិតទេ។ ការសន្ទនានេះកើតឡើងចំពេលភាគីទាំង២ចោទគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងរ៉ែកម្រ។ ស្រួលមិនស្រួល ការផ្អាកសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃអាចនឹងបរាជ័យទាំងកណ្ដាលទេ។ ហេតុនេះ ប្រទេសទាំង២ ជាពិសេសលោកត្រាំ កំពុងថ្នាក់ថ្នមសភាពការណ៍។
ទោះបីទីផ្សារមូលប័ត្រអាចដំណើរការជាធម្មតានៅដំណាក់កាលនេះ ប៉ុន្តែការផ្អាកសង្គ្រាមរយៈពេល៩០ថ្ងៃនេះមិនអាចជួយអ្វីប៉ុន្មានទេដើម្បីដោះស្រាយបញ្ហាធំៗ។ ឧទាហរណ៍ បញ្ហាទប់ស្កាត់គ្រឿងញៀន និងបញ្ហាកោះតៃវ៉ាន់ជាដើម។ គេគិតថារ៉ែកម្ររបស់ចិនដែលមានរហូតដល់ទៅជាង៩០%នៃពិភពលោកនោះជាសន្លឹកបៀរអាត់សម្រាប់តថ្លៃគ្នាជាមួយត្រាំ។
ចាប់តាំងពីខែមេសា ចិនចាប់ផ្ដើមផ្អាកនាំចេញរ៉ែកម្រ និងមេដែក។ បើទុកជាអនុញ្ញាតឱ្យនាំចេញក៏មានកម្រិតកំណត់ និងឆ្លងកាត់នីតិវិធីពិបាកៗ។ វាជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតរថយន្ត បន្ទះឈីប និងគ្រឿងបរិក្ខារយោធាបំពាក់បច្ចេកវិទ្យាទំនើប។ បើសិនចិនបន្តរឹតត្បិតការនាំចេញរ៉ែកម្រនឹងធ្វើឱ្យត្រាំរស់នៅមិនស្រណុកខ្លួនប៉ុន្មានទេព្រោះក្រុមហ៊ុនរបស់អាមេរិកដែលត្រូវការវត្ថុធាតុដើមនេះជាចាំបាច់នឹងបន្តជាប់គាំងគ្រប់ៗគ្នា។
ប្រភពខ្លះថាលោកត្រាំចង់ទូរស័ព្ទទៅលោកស៊ីជីនពីងជាច្រើនដងមកហើយ ប៉ុន្តែរដ្ឋាភិបាលចិនបដិសេធ។ ចិនថាធ្វើអីចឹងមិនកើតទេ ទាល់តែមានកិច្ចព្រមព្រៀងជាមួយគ្នាសិនទើបអាចសន្ទនាគ្នាជាក្រោយ។ នៅក្នុងនយោបាយអាមេរិក ពេលខ្លះចរចាៗកម្រិតទាបដោះស្រាយមិនចេញទេ ហេតុនេះហើយអាមេរិកនិយមសន្ទនាគ្នាកម្រិតកំពូលដើម្បីងាយស្រួលអារកាត់បញ្ហាពិបាកៗ។
ក្រុមអ្នកវិនិយោគនៅផ្សារមូលប័ត្រកំពុងតាមដានបញ្ហានេះដោយយកចិត្តទុកដាក់ និងកំពុងរង់ចាំអ៊ុតលទ្ធផលនៃការសន្ទនាគ្នា។ យោងតាមទស្សនាវដ្ដីញូស្វីក ការដែលប្រទេសចិនមិនព្រមអនុញ្ញាតឱ្យនាំចេញរ៉ែកម្រឡើងវិញធ្វើឱ្យអាមេរិកតឹងតែងនៅក្នុងចិត្តយ៉ាងខ្លាំង។ រ៉ែកម្រជាចំណុចសំខាន់ដែលប្រទេសទាំង២ធ្លាប់បានឯកភាពគ្នារួចហើយនៅប្រទេសស្វីស។ អីចឹងហើយបានជាត្រាំចោទថាចិនមិនអនុវត្តកិច្ចព្រមព្រៀង។ ប្រទេសចិនបកស្រាយថាដោយសារអាមេរិកបិទការនាំចេញបន្ទះឈីប និងចង់ដេញនិស្សិតជនជាតិចិនពីសាកលវិទ្យាល័យអាមេរិកទើបខ្លួនត្រូវតែចាត់វិធានការវាយបកវិញ៕
ចែករំលែកព័តមាននេះ