រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចកាបូបលុយ និងទូរសព្ទរបស់លោកតាស៊ីក្លូ ។
ករណីលួចទូរស័ព្ទដៃ និងកាបូបលុយរបស់លោកតាស៊ីក្លូ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីយប់អធាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ កន្លងមក នៅចំណុចផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
ជនសង្ស័យឈ្មោៈ ដា ទី ហៅអាទីខ្មៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ធ្វើសមម្មភាពលួចយកទូរសព្ទដៃ និងកាបូបលុយរបស់លោកតាស៊ីក្លូ រួចគេចខ្លួនបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញា រហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង០២រសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នាំមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ។
ក្នុងនោះ កម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាងពីជនសង្ស័យ រួមមាន ៖
១.ទូរសព្ទដៃម៉ាក (អប់ប៉ូ) ពណ៌ខ្មៅ ចំនួនមួយ ។
២.ប័ណ្ណ ប-ស-ស ចំនួនមួយសន្លឹក ។
៣.អត្តសញ្ញាណប័ណសញ្ជាតិខ្មែរមួយសន្លឹក(ជារបស់ជនរងគ្រោះ) ។
៤.ចំណែកប្រាក់ចំនួន១៥ម៉ឺនរៀន ត្រូវបានជនសង្ស័យចាយអស់ ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ