ខេត្តកណ្តាល ៖ នគបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ក្រោយធ្វើសកម្មភាពចូលទៅលួចទារបស់អ្នកភូមិ បន្ទាប់ពីផឹកស៊ីអស់សាច់ក្លែម ។ ការឃាត់ខ្លួននេះ ធ្វើទ្បើងវេលាម៉ោង០៣និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិលេខ០១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យ០៥នាក់ ៖
១-ឈ្មោះ មាស រ៉ាឌី ភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះម៉ៅ វ័ន ភេទប្រុស អាយុ១៦ឆ្នាំ
៣-ឈ្មោះសុខសុផាត ភេទប្រុស អាយុ១៧ឆ្នាំ
៤-ឈ្មោះសុខបញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ
៥-ឈ្មោះឃនរិទ្ធីចាន់ ភេទប្រុស អាយុ១៦ឆ្នាំ , ជនសង្ស័យទាំង០៥នាក់ មានអាស័យដ្ឋានស្នាក់នៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការរដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្នុងការចាប់ខ្លួន សមត្ថកិច្ចបានធ្វើការការដកហូត ម៉ូតូមួយគ្រឿងម៉ាក Honda Beat សេរី២០២២ ពណ៌ស ស្លាកលេខ ភ្នំពេញ 1JJ-4876 , ម៉ូតូមួយគ្រឿងម៉ាក Suzuki nex សេរី២០១៩ ពណ៌សក្រហម ស្លាកលេខ កំពង់ចាម 1T- 3506 , និងសត្វទាងាប់មួយក្បាល ។
លោកបានបន្តថា មុនកើតហេតុមានជនសង្ស័យ ០៥នាក់ បាននាំគ្នាអង្គុយផឹកស្រាបៀរ នៅខាងមុខហាង (ឡាយអិន) ។ លុះមកដល់វេលាកើតហេតុ ក៏ស្រាប់តែអស់សាច់ក្លែម បែកគំនិតជិះម៉ូតូធ្វើសកម្មភាព ដើររកសាច់ក្លែម ខណៈជិះម៉ូតូមកដល់ផ្ទះប្រជាពលរដ្ឋ បានធ្វើសកម្មភាពនាំគ្នាលួចទា បានមួយក្បាល ហើយនាំគ្នាជិះគេចខ្លួន ប៉ុន្តែចៃដន្យ ជួបកម្លាំងល្បាតរបស់ប៉ុស្តិ៍ស្វាយរលំ ធ្វើការឃាត់សួរនាំ និងឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញនគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ