ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជ ​រដ្ឋសភា និង​ព្រឹទ្ធសភា គាំទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​បញ្ហាព្រំដែនជាមួយ​ថៃ

6 ខែ មុន

រាជធានី​ភ្នំពេញ ​៖ សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា គាំទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា ព្រំដែន ជាមួយ​ព្រះរាជាណាចក្រ​ថៃ ក្រោយ​ហេតុការណ៍​វាយប្រហារ​ប្រដាប់​អាវុធ នៅ​តំបន់​មុំ​បី…

រាជធានី​ភ្នំពេញ ​៖ សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា គាំទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា ព្រំដែន ជាមួយ​ព្រះរាជាណាចក្រ​ថៃ ក្រោយ​ហេតុការណ៍​វាយប្រហារ​ប្រដាប់​អាវុធ នៅ​តំបន់​មុំ​បី ក្នុង​ទឹកដី​កម្ពុជា​ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​សមាជ ​រដ្ឋសភា និង​ព្រឹទ្ធសភា​ នៅ​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០២៥​ បាន​លើក​ឡើង​ថា អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​មោះមុត​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ការពារ​ឱ្យ​បាន​ដាច់ខាត​ នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី នៃព្រះរាជាណាចក្រ​កម្ពុជា ដោយ​ប្រើប្រាស់​យន្តការ​ការទូត ការ​ចរចា យន្តការ​តំបន់ អង្គការសហប្រជាជាតិ តុលាការអន្តរជាតិ និង​ការ​ប្រើប្រាស់​សិទ្ធិ​ស្វ័យការពារ​ខ្លួន​។ រាជរដ្ឋាភិបាល​កម្ពុជា ​កំពុង​បន្ត​អនុវត្ត​យ៉ាងម៉ឺងម៉ាត់ ​ប្រកបដោយ​ឆន្ទៈ​យ៉ាង​មោះមុត និង​ឥត​ងាករេ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សាសុខ​សន្តិភាព ស្ថិរភាព និង​ឧត្តម​ប្រយោជន៍​ស្នូល​របស់​ជាតិ ដែល​ជា​មរតក​មិន​អាច​កាត់ថ្លៃ​បាន​របស់​សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ កន្លង​មកនេះ​ ។

អង្គ​សមាជ​ប្រកាស​ថ្កោលទោស ចំពោះ​សកម្មភាព​វាយប្រហារ​ខុសច្បាប់ ​ដោយ​កងទ័ព​ថៃ​មក​លើកងទ័ព​កម្ពុជា នៅ​តំបន់​មុំ​បី ក្នុង​ទឹកដី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា កន្លង​ទៅ​នេះ​។ ការ​វាយប្រហារ​នេះ ជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី របស់​ព្រះរាជាណាចក្រកម្ពុជា ​។

ផ្អែក​លើ​ហេតុផល​ខាងលើ​នេះ អង្គ​សមាជ​គាំទ្រ​ពេញទំហឹង ចំពោះ​គោល​ជំហរ​ច្បាស់លាស់ និងម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​យក​បញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ដែល​កន្លង​ទៅ​រមែង​មាន​ភាព​រកាំរកូស ដែល​បង្ក​ឡើង​ដោយ​កងទ័ព​ថៃ​នោះ ទៅ​ដោះស្រាយ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ពន្លត់ ​និង​បញ្ចប់​បញ្ហា​នេះ ដោយ​សំឡេង​អនុម័ត​ជា​ឯកច្ឆ័ន្ទ ១៨២ លើ ១៨២ សំឡេង នៃ​សមាជិក​ចូលរួម​ទាំងអស់ នា​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ ​។

អង្គ​សមាជ គាំទ្រ​ពេញទំហឹង ចំពោះ​ប្រសាសន៍​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើក​ឡើង​ថា «​ត្រូវ​ពន្លត់ភ្លើង​ជា​ជាង​អង្គុយ​បក់ផ្សែង​»​ ។

អង្គ​សមាជ​ក៏​បាន​សង្កត់ធ្ងន់​ អំពី​ការ​ថែរក្សា​ទំនាក់​ទំនងជា​ប្រក្រតី និង​ល្អ​ប្រសើរ​រវាង​ប្រទេស និងប្រជាជន​ទាំង​ពីរ ហើយ​ចៀសវាង​ការ​ពង្រីក​ជម្លោះ ដែល​នាំ​មក​នូវ​អរិភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​។ អង្គ​សមាជ​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​ បន្ត​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​ នូវ​យន្តការ​ទ្វេភាគី ដែល​មាន​ស្រាប់ រួម​មាន គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) និង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដើម្បី​រក្សា និងកសាង​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ជា​ប្រយោជន៍​សម្រាប់​ប្រទេស និងប្រជាជន​ទាំង​ពីរ ​។

អង្គ​សមាជ​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​វីរភាព​របស់​កងទ័ព កង​នគរបាល​ជាតិ និងគ្រប់​បណ្តា​កងកម្លាំង ដែល​ឈរជើង​ការពារ​បូរណភាព​ទឹកដី នៅ​តាម​បណ្តោយ​ព្រំដែន​។ អង្គ​សមាជ​ក៏​បាន បំផុស​ចលនា​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន តាម​រយៈ​ការ​ផ្តល់​ការ​គាំទ្រ​ដោយ​ស្ម័គ្រចិត្ត​ តាម​គ្រប់​រូបភាព ដើម្បី​លើកទឹកចិត្ត​ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ការ​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី ​។

អង្គ​សមាជ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ទាំងអស់ ទាំង​ក្នុង ​និង​ក្រៅប្រទេស រួបរួម​ជា​ធ្លុងមួយ ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល ក្នុង​ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ដើម្បី​ពង្រឹង​ខឿន​ការពារ​ជាតិ និងដើម្បី​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច ដែល​យក​បញ្ហា​ព្រំដែន ជា​របៀបវារៈ​បម្រើ​នយោបាយ​ទុច្ចរិត​របស់​ខ្លួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ