រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ដោយមានខ្លឹមសារទាំងស្រុងថា ៖ «ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើង នៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែង នៅព្រំដែនកម្ពុជា-ថៃ» ។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរ ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះ ខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា ៖
១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ។
២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ។
ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូច បានបំផុស នូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មី នៅពេលខាងមុខ ។
ជាមួយគ្នានោះដែរសម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា ៖ «ខ្ញុំសង្ឃឹមថា ភាគីទាំងពីរ និងអាចធ្វើការជាមួយគ្នា ដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទ នៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន នៅតំបន់មិនទាន់ឯកភាពគ្នា ដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ» ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះដែរ សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា ៖ ខ្ញុំសូមបញ្ជាក់សារជាថ្មី ម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់កម្លាំងកងទ័ព ៕
ចែករំលែកព័តមាននេះ