ខេត្តកណ្តាល ៖ បុរសជាប្តី ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយទាស់សម្តីជាមួយប្រពន្ធ ទាញកាំបិតកាប់ប្រពន្ធ ចំផ្ទៃមុខខាងស្ដាំ រយះហូរឈាម របួសធ្ងន់ធ្ងរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ផល្លី ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរ កសិករ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ចំណែកជនសង្ស័យមានឈ្មោះ ញ៉ាញ់ បូណា ហៅក្រឹម (ប្តី) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
ក្នុងនោះដកហូតបាន ៖ កាំបិតកញ្ចែត ចំនួន១ ផ្លែដែកដងឈើ មានប្រវែង៤២សង់ទីម៉ែត្រ ។
សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ(ប្រពន្ធ) បានត្រឡប់ពីលាងចានឲ្យគេវិញ នៅពេលមកដល់ផ្ទះ ក៏បានឃើញ(ប្តី)កំពុងផឹកស្រា តែម្នាក់ឯង នៅក្នុងផ្ទះ ពេលនោះ ប្រពន្ធបាននិយាយជាមួយប្តីថា «បើមិនធ្វើការ ហើយនៅផ្ទះម៉េច មិនជួយសម្អាតនៅក្នុងផ្ទះផង ?» រួចជនសង្ស័យក៏បានតបវិញថា «ខ្ញុំបានលាងចាន និងសម្អាតនៅក្នុងផ្ទះហើយៗ» រួចមកក៏បានទាក់សម្ដីជាមួយគ្នា និងបានជេរគ្នា ទៅវិញទៅមក ប្តីក៏ប្រាប់ឲ្យប្រពន្ធឲ្យទៅងូតទឹកសិនទៅ ។
នគរបាលស្រុកកណ្តាលស្ទឹង បានបន្តថា ពេលប្រពន្ធងូតទឹករួច ក៏បានដើរត្រឡប់មកវិញ ហើយនិយាយវែកញែករកខុស រកត្រូវជាមួយប្តីទៀត រួចក៏បានទាស់ពាក្យសម្ដីនឹងគ្នាម្តងទៀត លុះដល់វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល ពេលឈ្លោះគ្នានោះធ្វើឲ្យប្តី កើតចិត្តខឹងសម្បារនឹងប្រពន្ធជាខ្លាំង ក៏ស្ទុះទាញយកកាំបិតកញ្ចែត ដែលនៅក្បែរខ្លួន កាប់សំដៅមកលើប្រពន្ធ០១កាំបិត ចំផ្ទៃមុខខាងស្ដាំ បណ្ដាលឲ្យរយះហូរឈាម ដេកដួលទៅលើដី ។
បន្ទាប់មក ក្រុមគ្រួសាររបស់ប្រពន្ធ បានដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង ដោយឃើញរបួសជនរងគ្រោះមានសភាពធ្ងន់ធ្ងរ បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែតខេត្តកណ្ដាល រួចបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះអង្គឌួងក្រុងភ្នំពេញ ។ បន្ទាប់មក ក្រុមគ្រួសាររបស់ប្រពន្ធ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មី សហការជាមួយកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ក៏បានចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានយកកាំបិតកញ្ចែត កា.ប់មកលើជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនគរបាលស្រុកកណ្តាលស្ទឹង កំពុងកសាងសំណុំបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ